កម្ពុជា៖ កងកម្លាំងរារាំងក្បួនដង្ហែរ និងដកហូតសម្ភារៈរបស់អ្នកតវ៉ា
ការរគ្រោងទុករបស់ក្រុមអ្នកតវ៉ា ដើម្បីអោយដោះលែងអ្នកទាំង២១នាក់ ដែលគ្រោងធ្វើពិធីបួងសួងនៅតុលាការកំពូលមិនបានសម្រេច ដោយសារមានការរារាំងពីសមត្ថកិច្ច មិនអោយក្រុមអ្នកតវ៉ាទាំងនោះដង្ហែរក្បួនទៅធ្វើពិធីបួងសួងរបស់ពួកគេបាន។ មិនត្រឹមតែប៉ុណ្ណោះ មានការដកហូតនូវសម្ភារៈរបស់ក្រុមអ្នកតវ៉ាយកទៅបាត់នោះ ថែមទៀត។
ក្រុមអ្នកតវ៉ាបានធ្វើពិធីបួងសួង នៅមុខរូបចម្លាក់តេជោមាស តេជោយ៉ត ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិ - នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៤នេះ ពិធីហែក្បួនទៅមុខតុលាការកំពូល ដើម្បីបួងសួងដើម្បីអោយតុលាការដោះលែងអ្នកជាប់ឃុំអ្នកទាំង២១នាក់ នៅគុកត្រពាំងផ្លុងខេត្តកំពុងចាម ត្រូវបានរារាំងពីសំណាក់កងកម្លាំងសមត្ថកិច្ច។ ខណៈដែលអ្នកចូលរួមទាំងនោះ មកពីសហគមន៍បឹងកក់ បូរីកីឡា ថ្មគោល និងសហគមន៏ដែលមានជម្លោះដីធ្លីដទៃទៀត មានគ្នាប្រមាណជា១០០នាក់ ដោយមានស្លៀកពាក់ឈុតសរបៀបជាក្បួនដង្ហែរសព និងតែងខ្លួនជាលោកតាដំបងដែក ព្យាយាមហែក្បួនទៅកាន់តុលាការកំពូល ទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២១នាក់នោះ ពួកគេត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះ ដាក់របាំងរាំងផ្លូវ មិនអោយក្រុមអ្នកតវ៉ាទាំងនោះ ទៅមុខតុលាការកំពូលឡើយ។
ព្រឹត្តិការណ៍នៃការបិទផ្លូវ បានបណ្តាលមានការប៉ះទង្គិចគ្នារវាង កងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ាដែលស្ថិតនៅក្បែរព្រះបរមរាជវាំង។ ក្នុងអំឡុងពេលនោះ កម្លាំងសន្តិសុខខណ្ឌដូនពេញ និងកម្លាំងរាជធានីភ្នំពេញ បានរឹបអូសយកឧបករណ៍បំពងសំឡេង ស្គរ និង សម្ភារៈខ្លះពីក្រុមតវ៉ាទាំងនោះ។ យ៉ាងណាមិញក្នុងពេលប៉ះទង្គិចគ្នាមិនមានខាងណារបួស និងចាប់ខ្លួនឡើយ។ បើទោះបីមានការបិទផ្លូវរារាំង និងយកសម្ភារៈមួយចំនួន មិនអោយក្រុមអ្នកតវ៉ាទៅធ្វើពិធីបួងសួងនៅតុលាការកំពូលយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាទាំងនោះបានប្តូទិសដៅមកបួងសួងនៅមុខរូបចម្លាក់តេជោយ៉ត តេជោមាសវិញ។
ការដកហូតសម្ភារៈ របស់ក្រុមអ្នកតវ៉ាបញ្ចេញមតិដោយអហិង្សាខាងលើ ត្រូវបានលោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកថា ជារឿងមួយដែលខុសច្បាប់។ មន្រ្តីសង្គមស៊ីវិលបានថ្លែងពន្យល់ថា ការដែលអាជ្ញាធរដកហូតសម្ភារៈ និងរារាំងអ្នកតវ៉ាបញ្ចេញដោយសន្តិវិធី នៅភ្នំពេញបច្ចុប្បន្ន វាកើតឡើងជាប្រពៃណីទៅហើយ។ លោកបានអោយដឹងទៀតថា វប្បធម៌បែបនេះ សមត្ថកិច្ចគួតែបញ្ឈប់ ព្រោះការដកហូតយកសម្ភារៈ ការលួចបន្លំឆ្មក់យកកាមរ៉ា ឬទូរស័ព្ទវាមិនមែនរឿងត្រឹមត្រូវនោះទេ ព្រោះខ្លួនជាសមត្ថកិច្ច និងជាអ្នកអនុវត្តច្បាប់។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដកបម្រាមហាមជួបជុំលើសពីដប់នាក់ហើយក៏មែនពិត តែសកម្មភាពនៃការរារាំងនៅព្រឹកថ្ងៃច័ន្ទនេះ ត្រូវបានលោក ណៃ វ៉ង់ដា ថ្លែងបញ្ជាក់ថា «ការរិតត្បិតសេរីភាពនៃការជួបជុំតវ៉ាបញ្ចេញមតិនៅតែមាន ប្រសិនបើមានការអនុញ្ញាតពិតប្រាកដ គួរអនុញ្ញាតអោយគេធ្វើ ហើយមិនត្រូវដកហូតសម្ភារៈគេនោះទេ។ បើសិនជាអាជ្ញាយល់ថា ការដង្ហែក្បួនរបស់គាត់ប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ គួតែឲ្យពួកគាត់ទៅទីលានប្រជាធិបតេយ្យ។»
សកម្មភាពរបស់កងកម្លាំង និងការចោទប្រកាន់ខាងលើ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្ម និងការឆ្លើយបំភ្លឺ របស់សាលារាជធានីភ្នំពេញនៅឡើយ មកទល់នឹងម៉ោងនេះ។
ការជួបជុំធ្វើពិធីបួងសួងនៅព្រឹកនេះដែរ អ្នកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ានៅតំបន់បឹងកក់ បានអោយដឹងថា ដើម្បីបួងសួងដល់វត្ថុស័ក្កសិទ្ធិ អ្នកមានរិទ្ធិបរមីអោយបន្ទន់ចិត្តតុលាការ អោយដោះលែងអ្នកទាំង២១នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ពិធីនៅថ្ងៃនេះដែរ យើងក៏បួងសួងដាក់បណ្តាសារដល់មន្រ្តីដែលពុករលួយខុបខិតយកដីរាស្រ្ត សូមអោយអ្នកទាំងអស់ហ្នឹងមានចិត្តកែប្រែខ្លួន ប្រសិនបើមិនកែប្រែខ្លួនទេសូមអោយវត្ថុស័ក្កសិទ្ធិ បារាមុខមន្រ្តីដែលខិលខូចអស់នោះ»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៣ មិនា ២០១៤