សៀក ហ៊ន កូនស្រីស្ត្រីបឹងកក់បង្ហូរទឹកភ្នែកក្នុងទិវាសិទ្ធិមនុស្ស
- ដោយ: ក. វិច្ចនី អត្ថបទ និងរាយការណ៍៖ ក.វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 11, 2014
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលទស្សនាវដ្តីលើកយកឈ្មោះនាង សៀក ហ៊ន មកជម្រាបជូន ប្រិយមិត្តប្រហែលជាមានចម្ងល់ ដោយសារតែមិនដែលលឺឈ្មោះរបស់នាង ពីមុនមកឡើយ។ សៀក ហ៊ន ជាកូនស្រីរបស់អ្នកស្រី គង់ ចន្ថា សកម្មជនដីធ្លីមួយរូបដែលរស់នៅ ក្នុងសហគមន៍បឹងកក់ តែបច្ចុប្បន្ន គាត់កំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារព្រៃសរ។ សព្វថ្ងៃ សៀក ហ៊ន កំពុងមានបន្ទុកថែមមួយទៀត ក្រៅពីជួយមើលការខុសត្រូវប្អូនៗក្នុងគ្រួសារ និងការសិក្សា នោះគឺនាងបានចូលរួមក្នុងសកម្មភាពស្វែងរកយុត្តិធម៌ ឲ្យសកម្មជនដីធ្លីដែលត្រូវបានចាប់ខ្លួនទាំងអស់ រួមទំាងម្តាយនាងផងដែរ។
ទឹកភ្នែកកូនស្រីសកម្មជនបឹងកក់ខាងលើនេះ បានធ្វើឲ្យអ្នកចូលរួមទាំងចាស់ទាំងយុវជនប្រមាណជាជាង ៥០០០នាក់ ក្នុងទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូនេះ មិនអាចទប់ទឹកភ្នែកបាន។ ទឹកភ្នែក ដែលសឹងតែបានរៀបរាប់ជំនួស ពីការបាត់បង់ភាពកក់ក្តៅពីម្តាយ និងសិទ្ធិមួយចំនួនដែលនាងចង់បាន និងខំស្វែងរកជាយូរមកហើយនោះ។
សៀក ហ៊ន បានខំប្រឹងរៀបរាប់ទាំងអួលដើមកថា ម្តាយនាងបានជាប់ពន្ធនាគាចំនួនពីរដងមកហើយ កាលពីឆ្នាំ ២០១០ម្តង និងឆ្នាំ ២០១៤នេះម្តងទៀត ហើយការចាប់ខ្លួននេះពាក់ព័ន្ធ នឹងការតវ៉ាដីធ្លីនៅភូមិបឹងកក់ទាំងអស់។ ខណៈពេលដែលនាង និងក្រុមគ្រួសារចង់ទៅជួប ចង់ឱបម្តាយ សមត្ថកិច្ចមិនផ្តល់ឱកាសឲ្យពួកគេ បានជួបផ្ទាល់ជាមួយម្តាយនោះទេ។
រួមផ្សំនឹងកង្វះភាពកក់ក្ដៅ ព្រោះម្ដាយមិននៅក្បែរ តែនៅក្រោយពេលដែលមានការចាប់ខ្លួន ស្រ្តីសកម្មជនទាំងអស់ទៅ កូនៗរបស់គាត់ ត្រូវជួបនឹងផលលំបាកជាច្រើន ដូចជាមានជំងឺ មិនបានទៅរៀនសូត្រ ឬពេលមានទឹកលិចម្តងៗ ត្រូវដេកក្នុងទឹកជាមួយមូស និងសត្វល្អិតផ្សេងៗទៀត គួរឲ្យខ្លាច។
រីឯ សៀក ហ៊ន វិញត្រូវបានបាត់បង់ឱកាសទទួលបានអាហារូបករណ៍ ផ្នែកច្បាប់ ដែលនាងទើបតែនឹងប្រឡងជាប់នាពេលថ្មីនេះ នៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ នាងមិនបានបញ្ជាក់ពីហេតុផល ដែលមិនបានទទួលយកអារូបករណ៍ ដែលនាងបានប្រឡងជាប់នោះទេ គ្រាន់តែថាការដែលនាងបាត់បង់ឱកាសនេះ គឺមកពីរដ្ឋាភិបាលទាំងអស់ ហើយជំនាញដែលនាងចង់រៀន និងជាក្តីស្រមៃដែលខំប្រឹងស្វែងរក ត្រូវបានបាត់បង់នៅពេលដែលគ្រួសារកំពុងបាត់បង់ជំរក ហើយម្តាយត្រូវជាប់គុកទៀតនោះ។
នាងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ តស៊ូរកយុត្តិធម៍ដើម្បីជួយខ្លួនឯង និងទាមទារដល់រដ្ឋាភិបាលដោះលែងប្រជាពលរដ្ឋ រស់នៅភូមិបឹងកក់ ព្រះសង្ឃ និងម្តាយរបស់នាង ដោយគ្មានលក្ខខ័ណ្ឌ៕