បក្សទាំងពីរបន្តឯកភាព ៣ចំណុច ទម្លាយភាពជាប់គាំងនយោបាយ
បន្ទាប់ពីក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលមានភាគីម្ខាង ៦រូបដូចគ្នា បានបញ្ចប់កិច្ចប្រជុំបិទទ្វារ អស់រយៈជាង៤ម៉ោងមក ជាលទ្ធផលគណបក្សទាំងពីរ បានបន្តឯកភាពគ្នាលើ៣ចំណុចបន្ថែមទៀត គួរឲ្យកត់សម្គាល់។
ក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ ចេញមកថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ សហការី)
នយោបាយកម្ពុជា - ៣ចំណុចដែលឯកភាពគ្នានោះ បានបង្ហាញថា គណបក្សទាំងពីរ ពិតជាបានទទួលស្គាល់នូវភាពចម្រូងចម្រាស ចំពោះដំណើរការបោះឆ្នោតកាលពីអាណត្តិកន្លងមក និងបានឯកភាពជាមួយគ្នាធ្វើកំណែទម្រង់បញ្ហាទាំងនោះ ដើម្បីជាផ្នែកមួយទម្លាយភាពជាប់គាំងនយោបាយ ក្នុងពេលបច្ចុប្បន្ន និងជាការបង្ការមិនឲ្យមានវិបត្តិនយោបាយ ក្នុងការបោះឆ្នោត អាណត្តិបន្តបន្ទាប់។
យោងសេចក្តីប្រកាសរួមរបស់គណបក្សទាំងពីរ ចេញក្រោយការប្រជុំនៅវិមានព្រឹទ្ធសភា ដែលចែកជូនអ្នកការសែត នៅថ្ងៃទី០៣ ខែមីនានេះ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានបន្តឯកភាព៣ចំណុចសំខាន់ៗបន្ថែមទៀត ក្នុងនោះរួមមាន៖
១. ការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា និងការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។
២. រៀបចំបង្កើតច្បាប់ ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ។
៣. ក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតផ្សេងៗទៀត មានការកែទម្រង់ស្ថាប័នរៀបចំបោះឆ្នោត។ យន្តការនៃការដោះស្រាយវិវាទ នៃការបោះឆ្នោត។ ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សព្វផ្សាយសម្រាប់គណបក្សនយោបាយជាដើម។
គួរកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានបន្តចរចានយោបាយចេញជាផ្លែផ្កា ជាបន្តបន្ទាប់ ដែលបង្ហាថា គណបក្សទាំងពីរមានឆន្ទៈដោះស្រាយភាពជាប់គាំងផ្នែកនយោបាយដូចគ្នា។ តែការបន្តចរចានយោបាយ នេះ ត្រូវបានគេមើលឃើញថា កើតឡើងក្រោមការដាក់សម្ពាធពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងក្រោយការផ្ទុះអំពើហិង្សារវាងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងកម្លាំងសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
យ៉ាងណាក្តី លោក ប៊ិន ឈិន ប្រធានក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា បានពន្យល់ក្នុងសន្និសីទការសែត ក្រោយកិច្ចប្រជុំថា បើយោងលើរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មានត្រា៧៨ បានចែងថា រដ្ឋសភាមិនអាចរំលាយ ឬមានការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញបានទេ វាលែងតែរដ្ឋាភិបាល ត្រូវបានគេទម្លាក់ពីរដង ក្នុងរយៈពេល១២ ខែ។
តែសម្រាប់លោក សុន ឆ័យ ប្រធានក្រុមការងារបច្ចេកទេសគណបក្សសង្រ្គោះជាតិវិញ បានលើកឡើងក្នុងសន្និសីទការសែតដដែលនោះថា បើទោះគណបក្សសង្រ្គោះជាតិ បានបន្តចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅតែទាមទារឲ្យមាន ការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញដដែល។
ការខ្វែងគំនិតគ្នា ត្រង់ចំណុចដ៏សំខាន់នេះនៅតែមាន តែតំណាងគណបក្សទាំងពីរបានឯកភាពគ្នាថា នឹងបន្តចរចានយោបាយជាថ្មីម្តងទៀត នៅថ្ងៃទី១០ ខែមីនា នៅវិមានព្រឹទ្ធសភាដដែល៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មីនា ២០១៤