សម្ភាស ព្រាប កុល៖ បាតុកម្មថ្ងៃ២៦តុលា ជាឈុតឆាកនយោបាយ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៩ តុលា ២០១៥
- កែប្រែចុងក្រោយ: October 31, 2015
- ប្រធានបទ: សម្ភាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគ្រាន់តែជាបាតុកម្ម ដែលធ្វើឡើង ដើម្បីតបទៅនឹងបាតុកម្ម ក្រោមការបញ្ជារបស់មេដឹកនាំនោះ តើអ្វីទៅជានិយមន័យពិតប្រាកដ នៃឆន្ទៈពលរដ្ឋ និងបាតុកម្ម តាមបែបលិទ្ធិប្រជាធិបតេយ្យនោះ?
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានហៅបាតុកម្មនេះថា ជាបញ្ហា«នយោបាយ»។ ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ព្រាប កុល បានពន្យល់ថា បាតុកម្មនេះកើតមានឡើង បន្ទាប់ពីមានបាតុកម្មប្រឆាំង នឹងលោកនាយករដ្ឋមន្រ្តី ក្នុងដំណើរបំពេញការងារ នៅសហរដ្ឋអាមេរិក និងនៅប្រទេសបារាំង។
សំនួរសួរថា ហេតុអ្វីបានជាមានបាតុកម្មនៅភ្នំពេញ ទម្លាក់លោកកឹម សុខា? ជាចម្លើយមកវិញ ប្រធានអង្គការតម្លាភាព បានយល់ឃើញថា បញ្ហាទាំងនេះ បណ្តាលមកពីការ«ថ្នាំងថ្នាក់»ចិត្ត រវាងអ្នកនយោបាយ និងភាពមិនចុះសម្រុងគ្នា( ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សទាំងពីរ)។ លោកបានចាត់ទុកថា បាតុកម្មនេះត្រូវបានរៀបចំឡើង ឬកើតឡើង ក្រោមឥទ្ធិពលមួយថ្មីទៀត ដើម្បីជាការឆ្លើយតប ទៅនឹងបាតុកម្មនៅទីក្រុងញូយ៉ក និងរដ្ឋធានីប៉ារីស ដែលប្រឆាំងលោក ហ៊ុន សែន នៅពេលលោក ទៅធ្វើទស្សនកិច្ចនៅទីនោះ។
លោក ព្រាប កុល បានថ្លែងឲ្យដឹងទៀថា៖ «ការរៀបចំនេះ វាឆ្លងឥទ្ធិពលពីហ្នឹងមក។ ខ្ញុំគិតថា ជាឈុតឆាកនយោបាយ ជាទម្រង់នយោបាយ ដែលអ្នកនយោបាយគាត់រៀបចំ នៅក្នុងហ្នឹង។»
ចំពោះបញ្ហាដែលបានចោទសួរថា តើបាតុកម្មនេះ ពិតជាមានឥទ្ធិពល ក្នុងការទម្លាក់លោក កឹម សុខា ឬទេ? មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានថ្លែងថា ទាំងនេះក៏ស្ថិតនៅក្នុងរប និងស្ថានការនយោបាយ ក្នុងថ្ងៃខាងមុខថា តើមានការសម្របសម្រួលគ្នា ឬមានដំណោះស្រាយនយោបាយ យ៉ាងដូចម្ដេច។ លោកបានរៀបរាប់ថា ការទម្លាក់ ឬគាំទ្រ គឺអាស្រ័យលើគណបក្សប្រជាជនកម្ពុជា ព្រោះលោក កឹម សុខា ក៏ត្រូវបានបោះឆ្នោតគាំទ្រ ដោយគណបក្សប្រជាជនកម្ពុជាដែរ។
លោក ព្រាប កុល បានឲ្យដឹងបន្ថែមថា៖ «ការទម្កាក់ឯកឧត្តម កឹម សុខា ឬអត់ ជាការសម្រេចរបស់គណបក្សប្រជាជន ព្រោះគណបក្សប្រជាជន ជាអ្នកបោះឆ្នោតគាំទ្រ ឯកឧត្ត កឹម សុខា ជាអនុប្រធានទីមួយរដ្ឋសភា។ ហើយសម្លេង នៃការបោះឆ្នោតគាំទ្រហ្នឹង ទាល់តែគណបក្សប្រជាជន បានអាចធ្វើបាន (អញ្ចឹង៌ ដកវិញ ទាល់តែគណបក្សប្រជាជនដែរ ទើបអាចធ្វើបាន។»
លោកបានសម្ដែង នូវការគាំទ្រការធ្វើបាតុកម្ម ឬសម្តែងមតិដោយអហិង្សា ដោយវាជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដូចមានចែង ក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ តែសម្រាប់បាតុកម្ម កាលពីថ្ងៃទី២៦ ខែតុលានេះវិញ លោកព្រាប កុល បានបង្ហាញការមើលឃើញ របស់លោកថា ពិតជាឈុតឆាកមួយ ដែលត្រូវបានរៀបចំឡើង ប្រឆាំងនឹងបាតុកម្មនៅក្រៅប្រទេសនោះឯង។
សំនួសួរថា តើការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យមានការចាប់ខ្លួន ជនដៃដល់ វាយតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ មកផ្តន្ទាទោសតាមច្បាប់នោះ មានប្រសិទ្ធិភាពដល់់កម្រិតណា? ករណីនេះ ត្រូវបានលោកពន្យល់ថា ឲ្យរង់ចាំមើលពេលវេលា ទៅមុខបន្តិចទៀត ទើបអាចធ្វើការសន្និដ្ឋានបាន។
យ៉ាងណា ចំពោះសេចក្តីថ្លែងការណ៍ និងការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានលោក ព្រាប កុល ចាត់ទុកថាជាការត្រឹមត្រូវ។ តែលោកបានធ្វើការសង្កត់ធ្ងន់ថា បើសិនជារដ្ឋាភិបាលកម្ពុជា មិនអាចស្វែងរកជនល្មើសពិតប្រាកដ មកធ្វើការផ្តន្ទាទោសបានទេ វានឹងអាចបន្ថែម នូវ«នីទណ្ឌភាពថ្មី»មួយទៀត ដែល«ធ្ងន់ធ្ងរ»ជាងមុន គឺភាពអនាធិបតេយ្យ នៃការវាយតប់ ទៅលើអ្នកតំណាងរាស្រ្ត ដែលត្រូវការពារដោយមានអភ័យឯកសិទ្ធិសភា ខណៈពេលកំពុងចេញ ពីបំពេញការរងារ នៅរដ្ឋសភានោះ។
នាយកអង្គការតម្លាភាពកម្ពុជា បានពន្យល់បន្តថា៖ «បើសិនជាតំណាងរាស្រ្ត ត្រូវបានគេចាប់វាយតាមអំពើចិត្ត អូសពីលើឡាន មកវាយទាត់ធាក់ នៅលើផ្លូវយ៉ាងដូច្នេះ តើវាទៅជាប្រទេសស្អីហើយ? យើងគិតថា បញ្ហាសន្តិសុខ បញ្ហាស្ថេរភាព វានៅមានចំណុច គួរឲ្យព្រួយបារម្ភច្រើន ដោយសារតែយើង អាចនឹងកើតមានករណីអញ្ចឹង បើទោះបីជាឧប្បត្តិហេតុក្តី (ឬ)ជាការរៀបចំទុកក្តី យើងគិតថា បញ្ហាមិនគួរកើតមាន ហើយបើកើតមានហើយ មិនមានអ្នកទទួលខុសត្រូវ មិនមានអ្នកទទួលទោសទៀត វាជានីទណ្ឌភាពថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលកំពុងមាននីទណ្ឌភាពច្រើនករណីស្រាប់ផង។»៕