អ្នកវិភាគ ថា​បក្ស​ប្រឆាំង​គួរ​ឈប់​ធ្វើ​នយោបាយ​«អន្ទង់»

នៅចំពោះការដកថយ របស់គណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងព្រំដែន ដើម្បីទទួល​បាន​ការ​ចរចា​ណា​មួយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ អតីតមន្ត្រីច្បាប់ និងជាអ្នកឃ្លាំមើល​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា បាន​ហៅ​ការ​ដក​ថយ​នេះ ជា​នយោបាយ​«អន្ទង់» ដែល​គណបក្ស​ប្រឆាំង គួរ​ឈប់​យក​មក​ធ្វើ​ជា​ការ​ដោះដូរ ផ្នែកនយោបាយ​ត​ទៅ​ទៀត។
អ្នកវិភាគ ថា​បក្ស​ប្រឆាំង​គួរ​ឈប់​ធ្វើ​នយោបាយ​«អន្ទង់»
ពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា អនុប្រធាន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីរំលឹកខួប នៃការបាញ់ប្រហារ​លើមេដឹកនាំសហជីព។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៥ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 06, 2016
  • ប្រធានបទ: វិភាគ-នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ត្រីអន្ទង់មានខ្លួនវែង និងមានជំនាញខាងត្បុល។ ផ្ទុយទៅវិញ បើកាលណាត្បុលទៅប៉ះចំថ្ម ឬអ្វីមួយ​ដែល​ជា​ឧបសគ្គ ត្រីអន្ទង់នោះ​ក៏តាំងគេចចេញ ហើយត្បុលទៅកន្លែងផ្សេងទៀត។ ធម្មជាតិរបស់ត្រីអន្ទង់ គឺចេះតែ​ត្បុល​តែរបៀបនេះរហូតទៅ ដោយមិនដឹងថា តើអង្កាលទើបឈប់ឡើយ។ ហើយការធ្វើសម្បទាន របស់​គណបក្ស​សង្គ្រោះជាតិ ថានឹងឈប់ដោះស្រាយ នូវ«បញ្ហាជាតិ»ចំពោះមុខណាមួយ ដើម្បីផ្ដល់លទ្ធភាព​ឲ្យ​គណបក្ស​នេះ អាចជួបចរចា​ជាមួយ​គណបក្សប្រជាជនកម្ពុជានោះ វាជាការធ្វើនយោបាយ តាមបែប​«ត្រី​អន្ទង់»។

ខាងលើនេះជាការពន្យល់ របស់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់មួយរូប ពីប្រទេសកម្ពុជា ដែលបានថ្លែង​ឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានប្រកាសកាលពីថ្ងៃចន្ទទី៤ ខែកក្កដាម្សិលម៉ិញ ជុំវិញជំហរ​ពិចារណា «ឈប់ធ្វើរឿងព្រំដែន» ជាបន្តទៅទៀត។

លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់ និងជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ បានថ្លែងទៅកាន់​ក្រុម​អ្នក​គាំទ្រ ​ប្រមាណជា ២០០​នាក់ ​នៅ​ទីស្នាក់ការ​កណ្ដាលរបស់គណបក្ស​ថា គណបក្ស​លោក​នឹង​ពិចារណា​លើ​សំណើ​ណាមួយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលចង់ឲ្យគណបក្សប្រឆាំង​ឈប់​ធ្វើ​ការងារ ទាក់ទងនឹង​សំនុំ​​រឿង​​ព្រំដែន ឬ​ក៏​ចុះ​ទៅកាន់ព្រំដែន ​ដូចពេល​មុនៗ។

លោក ព្រហ្ម គិត បានចាត់ទុកការថ្លែងឡើង របស់លោក សុន ឆ័យ ថាជានយោបាយ​បែប​«ត្រីអន្ទង់»​មួយ​ទៀត ពីក្នុងចំណោម«នយោបាយត្រីអន្ទង់»ជាច្រើន ក្នុងពេលកន្លងមក របស់គណបក្សប្រឆាំងនៅកម្ពុជា  ដែល​​បន្ទាប់​​ពី​មាន​ការសម្របសម្រួល រវាងគណបក្សទាំងពីររួចរាល់ហើយ ស្ថានភាពនយោបាយ មិនមាន​ភាព​​ល្អ​​ប្រសើរ​ជាង​មុន​ឡើយ។ តែផ្ទុយទៅវិញ ទង្វើរបស់គណបក្សប្រឆាំង គ្រាន់តែជាការព្យាបាលជម្ងឺ ជា​លក្ខណៈ​​បណ្ដោះ​អាសន្ន​មួយ ដើម្បីទុកឲ្យជម្ងឺនេះបន្តលាប់ត្រឡប់មកវិញ នៅពេលក្រោយទៀតប៉ុណ្ណោះ។

អតីតមន្ត្រីច្បាប់ និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា ដ៏ជាប់លាប់រូបនេះ បានលើក​យក​ជំនួប​ចរចា​រវាង​គណបក្សទាំងពីរ នៅក្នុងខែកក្កដា ឆ្នាំ២០១៤ មកពន្យល់ពីនយោបាយ«ត្រីអន្ទង់» របស់​គណបក្ស​ប្រឆាំង​​ដូច្នេះ​ថា៖ «ការចរចារនោះ បានកើតឡើងយ៉ាងទាន់ហន់ បន្ទាប់ពីមន្ត្រីធំៗ របស់គណបក្សសង្គ្រោះ​ជាតិ (មាន​អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោករៀល ខេមរិន្ទ្រ លោកមែន សុថារិន្ទ លោក ឡុង រី លោក នុត រំដួល លោកកែវ ភារម្យ និងលោក អឿ ណារិត) ត្រូវបានចាប់ខ្លួន។ ប៉ុន្តែសព្វថ្ងៃនេះ មន្ត្រីជាច្រើន​នាក់​ផ្សេង​​ទៀត របស់​គណបក្ស​សង្គ្រោះជាតិ នៅតែត្រូវបានចាប់ខ្លួន និងឃុំខ្លួន តែដដែល។ ហើយមន្ត្រីធំៗ​ទាំង​៧នាក់ ដែល​រង​ការ​ចាប់​ខ្លួន នៅក្នុងខែកក្កដា ឆ្នាំ២០១៤នោះ ក៏មិនបានរួចខ្លួនទាំងស្រុងដែរ បើទោះ​ជា​អ្នក​ទាំង​​នោះ អួតអាង​ពី​អភ័យឯកសិទ្ធិ​សភា ដែលខ្លួនមានសព្វថ្ងៃក៏ដោយ។»

នយោបាយ«ចង់នៅជិតចោរ ដើម្បីចាប់ចោរ»...

លោក ព្រហ្ម គិត បានបន្តពន្យល់ថា បើទោះជា លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និយាយថា ការចរចានៅពេលនោះ ត្រូវបានធ្វើឡើង ព្រោះចង់នៅជិតចោរ ដើម្បី​«ចាប់​ចោរ» ឬដើម្បីឲ្យមាន«គ.ជ.ប»ឯករាជ្យនោះដ៏ដោយ ប៉ុន្តែជំហរនយោបាយរបៀបនេះ មានលក្ខណៈ​ទន់​ជ្រាយ ឬនិយាយមួយបែបទៀត ជានយោបាយ«អន្ទង់»។ លោកបានថ្លែងឡើងថា៖ «ការចូលខ្លួនទៅចរចា និង​មាន​កិច្ច​ព្រម​ព្រៀង​នយោបាយ (ខែកក្កដា ឆ្នាំ២០១៤) បន្ទាប់ពីមានការចាប់ខ្លួនមន្ត្រីធំៗទាំងនេះ មិនបានបង្ហាញ ពី​យុទ្ធសាស្ត្រ​នយោបាយ​ដ៏រឹងមាំ សម្រាប់ចលនាប្រឆាំងនៅកម្ពុជានោះទេ។ ខ្ញុំនិយាយពីចលនាប្រឆាំង។ តែជា​ការ​ដោះស្រាយ​មួយ សម្រាប់​រយៈ​ពេល​មួយ​ភ្លែត និងមានលក្ខណៈជា"នយោបាយ​យថាកម្ម" ដែលរត់តាម​តែ​ពី​ក្រោយ​បញ្ហា។ មេដឹកនាំនយោបាយ ត្រូវមានទស្សនវិស័យ និងការមើលឃើញ​ឲ្យបានឆ្ងាយទៅមុខ។»

អតីតមន្ត្រីបានបញ្ជាក់ទៀតថា៖ «យើងមើលមកដល់សព្វថ្ងៃ យើងឃើញហើយ ការចាប់ខ្លួន​នៅតែមាន​ដដែល។ ទាំងប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏នៅតែមានបញ្ហាដដែល។ ស្រាប់តែម្សិលម៉ិញ យើង​ឭ​ទៀត​ថា គណបក្សនេះចង់ធ្វើសម្បទាននយោបាយ ដោយឈប់រវល់ពីរឿងព្រំដែនតទៅទៀត និង​ឮ​និយាយ​ថា បញ្ហា​ព្រំដែន​អាច​ធ្វើ​ឲ្យ​ជោគជ័យ​ទៅ​បាន លុះ​តែ​មាន​ការ​ឯកភាព​គ្នា ​រវាង​គណបក្ស​ទាំង​ពីរ​ស្អីៗ​ណ្នឹង។ រួចចុះ​តាំងពី​យូរ​ហើយ ម៉េចក៏មិននិយាយពីចំណុចនេះ?»

ចុះដំណោះស្រាយ?

តបនឹងសំនួរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលសាកសួរ​ពីដំណោះស្រាយ ដែលគណបក្សសង្គ្រោះ​ជាតិ​គួរ​ប្រកាន់យកនោះ លោក ព្រហ្ម គិត បានថ្លែងឡើងថា៖ «គណបក្សសង្គ្រោះជាំតិ ត្រូវមាន​ជំហរ​នយោបាយ​មួយ ប្រកបដោយ​យុទ្ធសាស្ត្រច្បាស់លាស់ និងរឹងប៉ឹង ដើម្បីខ្លួនឯងផង និងជា"ភ្លើងបំភ្លឺផ្លូវ" ​ទៅឲ្យចលនា​ប្រឆាំង​នៅ​កម្ពុជា​ផង។ ជំហរនោះ មិនមែនត្រូវរត់តាមបញ្ហា ហើយដោះស្រាយបញ្ហាតាមក្រោយនោះទេ។ រឿង​​ដែល​គណបក្ស​នេះ ធ្លាប់បានធ្វើកន្លងមក ត្រូវបន្តធ្វើទៅមុខទៀត ទោះជាមានការចាប់ខ្លួនក៏ដោយ។ តាម​ពិត​ទៅ ការ​បញ្ឈប់​តំណាង​រាស្ត្រ មិនឲ្យចូលរដ្ឋសភាដោយខ្លួនឯង ហើយបែរជានាំគ្នាមករវីរវល់ តែបញ្ហា​នៅ​ជុំវិញ​ទីស្នាក់ការ​គណបក្ស ដូចសព្វថ្ងៃ ជាអន្ទាក់នយោបាយមួយរបស់គណបក្សប្រជាជន ដែលចង់​បាន​ដូច្នេះ។ តោង​គិត​ថា គណបក្សប្រជាជនកម្ពុជា មិនមែនជាខ្លាក្រដាស ដែលអាចឲ្យគណបក្សសង្គ្រោះជាតិ ចូល​ទៅ​ជិត ដើម្បី​ចាប់ខ្លា ឬ​ដើម្បី​បាន គ.ជ.ប.ឯករាជ្យ ដោយស្រួលៗនោះឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...