ធី សុវណ្ណថា គម្រាម​ប្ដឹង​ដាក់​គុក​មន្ត្រី​ឃុំ​សង្កាត់ CNRP ទាំង​​ជាង​៥០០០​នាក់

អតីតតារាហ្វេសប៊ុក ដែលធ្លាប់ស្និតនឹងគណបក្សប្រឆាំង បានប្រកាសថា នឹង«សិក្សាច្បាប់» ដើម្បីប្ដឹងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ទាំងជាង៥០០០នាក់ ដែលនៅឡើយ«រឹងរូស» មិនចុះចូល នឹងគណបក្សនាយករដ្ឋមន្ត្រី«តា» តាមអ្វីដែលនាងនិយាយថា ដើម្បីរក្សាតំណែង«ជួយរាស្ត្រ»។
ធី សុវណ្ណថា គម្រាម​ប្ដឹង​ដាក់​គុក​មន្ត្រី​ឃុំ​សង្កាត់ CNRP ទាំង​​ជាង​៥០០០​នាក់
ពីឆ្វេងទៅស្ដាំ៖ កញ្ញា ធី សុវណ្ណថា «ចៅតា» និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 12, 2017
  • ប្រធានបទ: យុត្តិធម៌-ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ងាត់យូរ កញ្ញា ធី សុវណ្ណថា បានត្រឡប់មកធ្វើឲ្យអ្នកផង និយាយពីនាងឡើងវិញ នៅថ្ងៃនេះ។ ស្ងាត់យូរ ព្រោះនាងហាក់ចង់ងាកចេញពីនយោបាយ និងហក់ប្រឡូកចូលដើរ ក្នុងវិថីសិល្បៈម្ដង។ ស្ងាត់យូរ ក៏បានធ្វើឲ្យរហស្សនាម«ជួបប្ដឹង» ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន ដាក់ឲ្យនាង ហាក់រសាត់អណ្ដែតទៅឆ្ងាយដែរ។

តែនៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះ កញ្ញា ធី សុវណ្ណថា ដែលបានចុះចូល​ជាមួយគណបក្សប្រជាជនកម្ពុជា នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខែមិថុនាកន្លងទៅ បានត្រឡប់មកពញាក់ ឲ្យអ្នកផងនិយាយពីនាងវិញ ជាមួយនឹងគម្រោងការដ៏សម្បើមមួយ៖ គម្រាមប្ដឹងសមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ទាំងជាង៥០០០នាក់ នៅទូទាំងប្រទេស ពីបទ«ចូលរួមប្រព្រឹត្តិទង្វើក្បត់ជាតិ»។

យុវតី«ចៅតា» បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាងថា៖ «ព្រោះតែផលប្រយោជន៍បក្ស សុខចិត្តក្បត់ឆន្ទ:ប្រជាជន ដែលប្រជាជន​ខំបោះឆ្នោតជូន ដើម្បីឲ្យពួកអស់លោកបំរើប្រជាជន ជួយការពារប្រជាជន មិនមែនបំរើបក្សទេ។ ថ្ងៃក្រោយ ពេលរាស្ត្រមានទុក្ខលំបាក ពួកអស់លោក​ក៏គ្មានតំណែង តើពួកអស់លោកជួយរាស្ត្របានទេ?»។

នាងបានបន្តសំនួរ ទៅសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ របស់គណបក្សប្រឆាំងទៀតថា៖ «អស់លោកព្រោះតែចង់រក្សាឈ្មោះជា “អ្នកស្នេហាជាតិ” បែរជាពួកអស់លោក មិនព្រមរក្សាតំណែង ដើម្បីជួយបំរើជាតិ បំរើការពារប្រជាជន នេះរឺអ្នកស្នេហាជាតិ?»។

ធី សុវណ្ណថា បានប្រាប់ឲ្យ«ពួកអស់លោក»ទាំងនោះ ពិចារណាពីភស្តុតាង ដែលបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាជន«ក្បត់ជាតិ» ដោយសារបាននិយាយ ពី«គម្រោងធ្វើបដិវត្តន៍ពណ៍ តាមគំរូបដិវត្តន៍ពណ៍ នៅប្រទេស សែរប៊ី និងយូហ្គោស្លាវី»។ នាងបានសរសេរថា៖ «តែពួកអស់លោកនៅតែគាំទ្រ និងចូលរួមជាមួយ CNRP នេះបញ្ជាក់ថា ពួកអស់លោកក៏ចូលរួម “ក្បត់ជាតិ” ដែរ»។

នាងសរសេរថា៖ «នាងខ្ញុំ ធី សុវណ្ណថា នឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ [សង្កាត់] ជំទប់ឃុំ [សង្កាត់] ក្រុមប្រឹក្សាឃុំ [សង្កាត់] ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការ ពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក»។

មើលទៅ គេត្រូវសង់ពន្ធនាគារបន្ថែម ចំនួនជាង៥០០០កន្លែងទៀតហើយ! ប៉ុន្តែគេក៏សង្ឃឹមដែរថា ទម្រាំនាង«សិក្សាច្បាប់»ចប់ នាងនឹងមាន«មេត្តាធម៌» ដើម្បីផ្ដល់​ពេលវេលា​គ្រប់គ្រាន់ ក្នុងការសាងសង់ពន្ធនាគារ និងជាពិសេសក្នុងការជ្រើសរើស មន្ត្រីអនុរក្សពន្ធនាគារថ្មីៗទៀត សម្រាប់ទទួល​បន្ទុក​គ្រប់គ្រង​ទណ្ឌិត ទាំងជាង៥០០០នាក់នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...