ម៉ៃ សុគន្ធ ប្រកាសលក់គម្ពីរក្បាច់គុន«សម្ព័ន្ធ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 12, 2017
- ប្រធានបទ: តារា-នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មានក្នុងស្តុក (Stock)ហើយ ទើបមកដល់ថ្មី (buy 1 Free 2 "ឬមានន័យថា៖ ទិញមួយ ថែមពីរ")» នេះ ជាការបង្ហោះឡើង របស់តារាចម្រៀងលោក ម៉ៃ សុគន្ធ នៅលើបណ្ដាញសង្គម នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ដោយអមមកជាមួយ នូវរូបភាពមួយសន្លឹក ដែលជាការដកស្រង់ចេញពីភាពយន្ដ «Crazy Kung-Fu» របស់សមិទ្ធិករ និងជាតារាសំដែងហុងកុងល្បីឈ្មោះ លោក ស្តេហ្វិន ចូវ (Stephen Chow) ដែលខ្មែរស្គាល់ថា ជាតួ«ទិនហ្វី»។
ក្នុងរូបភាពនោះ មិនមែនជារូបភាពដើមទាំងស្រុងឡើយ តែជាការកាត់តបន្ថែមបន្ថយ មានជាអាថ៌នៅលើក្របសៀវភៅ មានសរសេរថា «គម្ពីរសម្ព័ន្ធ» និងនៅខាងក្រោម សរសេរដាក់ថា «ចង់យល់សម្ព័ន្ធ(ឬ)ទេ? បើចង់យល់ អាចជាវបាន!»។ តែអ្វីដែលសំខាន់ជាងនេះ គឺបុរសដែលកាន់«គម្ពីរ» មិនមែនជាស្មូម ដូចនៅក្នុងភាពយន្ដនោះទេ តែជារូបមុខលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលត្រូវបានកាត់ត យកមកបិតពីលើ។
ការបង្ហោះខាងលើ មិនបានរំលងពីភ្នែករាប់សិបគូ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាននិន្នាការ ស្និតនឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅថាបក្ស«ជួង» នោះឡើយ។ ក្រុមអ្នកគាំទ្របក្ស«ជួង»ទាំងនោះ បាននាំគ្នាផ្តិតអេក្រង់ (PrintScreen) មកបង្ហោះ ជាមួយនឹងពាក្យពេជន៍ ជេរផ្ដាសារធ្ងន់ៗ តបទៅតារាចម្រៀងវិញ។
ចំពោះលោក ខឹម វាសនា លោកមិនបានឆ្លើយតបដោយផ្ទាល់ ទៅកាន់លោក ម៉ៃ សុគន្ធ នោះទេ តែគេឃើញ លោកប្រធានបក្ស«ជួង»រូបនេះ បានចែករំលែករូបភាពផ្តិតអេក្រង់ខាងលើ នៅលើគណនីហ្វេសប៊ុករបស់លោក ហើយបានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនផ្សេងទៀត ផ្ទុះប្រតិកម្មនឹងតារាចម្រៀង កាន់តែខ្លាំងឡើង។
ប្រិយមិត្តបក្សជួងខ្លះ បានចូលទៅដាក់មតិដោយផ្ទាល់ នៅក្នុងគណនីរបស់លោក ម៉ៃ សុគន្ធ រហូតដល់ថ្នាក់តារាចម្រៀង បានវាយបកទៅវិញ ដោយសរសេរព្រមានដូច្នេះ៖ «ចង់និយាយថា ចេញមកជេរ ឆ្កែឆ្មារ មកមួយប្លុកមួយ ព្រោះអត់ចង់រៀនគម្ពីរនឹងទេ តែផុសឲ្យ»៕