គ.ជ.ប ហាមបក្សទាំងអស់ កុំយកលេសឃោសនាបោះឆ្នោតធ្វើបាតុកម្ម
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: April 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីណែនាំមួយ ដោយហាមប្រាមមិនឲ្យគណបក្សនយោបាយ ឬអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ២ ខាងមុខនេះ មិនត្រូវឆ្លៀតយកសកម្មភាពនេះ ធ្វើឲ្យក្លាយជាការធ្វើបាតុកម្ម តវ៉ាណាមួយឡើយ។ គ ជ ប ក៏ហាមមិនឲ្យបក្សនយោបាយ ជម្រុញឲ្យមានអំពើហិង្សា ក្នុងពេលឃោសនានេះផងដែរ។
ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)
ការបោះឆ្នោត - ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ២ នឹងឈានមកដល់នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៤ ខាមុខនេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានចេញបទបញ្ជាមួយចំនួន ហាមប្រាមមិនឲ្យគណបក្សនយោបាយ ឬអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ធ្វើសកម្មភាពអនាធិបតេយ្យក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដែលនាំឲ្យមានចលចលនៅក្នុងប្រទេស។
នៅក្នុងសេចក្តីណែនាំ ដែលចុះហត្ថលេខា ដោយលោក អ៊ឹម សួស្តី ប្រធាន គ ជ ប បានបញ្ជាក់ថា ក្នុងអំឡុងពេលបោះឆ្នោត គណបក្សនយោបាយ បេក្ខជនឬអ្នកគាំទ្រនៃគណបក្សនយោបាយមិនត្រូវធ្វើឲ្យសកម្ម ភាពនៃការឃោសនាបោះឆ្នោត ក្លាយទៅជាសកម្មភាពបាតុកម្មប្រឆាំងតវ៉ា ឬទាមទារដែលផ្ទុយពីគោលការណ៍នៃការឃោសនាបោះឆ្នោត ។ បក្សនយោបាយមិនត្រូវប្រើភាសា ឬនិយាយដៀមដាមប្រមាថមើល ងាយដល់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងគណបក្សនយោបាយណាមួយឡើយ ។ មិនតែប៉ុណ្ណោះ មិនត្រូវជំរុញឲ្យមានការប្រព្រឹត្តអំពើហិង្សា ឬការបំភិតបំភ័យក្នុងអំឡុងពេលធ្វើការឃោសនាបោះឆ្នោតឡើង។
នៅក្នុងសេចក្តីណែនាំដដែលនោះ បានហាមប្រាណទៀតថា គណបក្សនយោបាយមិនត្រូវលើកឡើងជាពាក្យសំដី ឬជាលាយលក្ខណ៍អក្សរ ដោយយកព្រឹត្តិការណ៍គួរឲ្យតក់ស្លុត ពីអតីតកាលមកដំណាលដូចជា ឃាតកម្ម ការវាយដំ ការរំលោភ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនណាម្នាក់ ឬក្រុមណាមួយឡើយ។ មិនត្រូវប្រើភាសាអសីលធម៌បង្ហាញពីការគំរាមកំហែង ញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សា គំរាមកំហែងប្រឆាំងអ្នកបោះឆ្នោត ឬគណបក្សនយោបាយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោត។ លើសពីនេះទៀត មិនត្រូវមាថងាយ ប្រមាថ បំភិតបំភ័យ ឬអសីលធម៌ សាបព្រោះ ភាពភ័យខ្លាចធ្វើឲ្យភាន់ច្រឡំ និងខូចសណ្ដាប់ធ្នាប់សង្គម និយាយរិះគន់ រើសអើងប្រកាន់បក្សពួក ជាតិសាសន៍ ភេទ ឋានៈក្នុងសង្គម សាសនាតាមគ្រប់រូបភាព។
ចំពោះការអនុវត្ត នូវសកម្មភាពឃោសនាបោះឆ្នោតវិញ គណបក្សនយោបាយ មិនត្រូវយកទីសាធារណៈ ឬសាលសាធារណៈ ធ្វើជាកន្លែង ឃោសនាបោះឆ្នោតអចិន្ត្រៃយ៍ឡើយ ។ក្បួនដង្ហែឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវតែរក្សាសណ្ដាប់ធ្នាប់ សាធារណៈ និងគោរពច្បាប់ចរាចរណ៍ ។ នៅក្នុងបទបញ្ជានោះ ក៏បានព្រមានផងដែរថា ប្រសិនបើគណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សទាំងឡាយណា ដែលអនុវត្តន៍ ការឃោសនាបោះឆ្នោតផ្ទុយពីខ្លឹមសារ និងសកម្មភាពនៃការឃោសនាបោះឆ្នោតខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សូមបញ្ជាក់ថា ការឃោសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ០២ ខែ ឧសភា ដល់ថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០១៤ ខាងមុខ ហើយការបោះឆ្នោតអសកលនេះ នឹងឈានមកដល់នៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៤។ ចំនួនអ្នកបោះឆ្នោតសរុប ដែលបានចុះឈ្មោះ តាមបណ្ដារាជធានីខេត្តទាំង ២៥ មានចំនួន ១១ ៤៥៩ នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ១៩៧ ការិយាល័យ។
រីឯគណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែង បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត មានចំនួន ៤ គណបក្ស គឺបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដោយមានបេក្ខជនឈរឈ្មោះសរុប ១ ៧៧៧ នាក់។ ចំណែកគណបក្សដែលចុះឈ្មោះប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិនេះ មានចំនួន៥ មានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វុនស៊ីនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានបេក្ខជនសរុបទាំងអស់ចំនួន ១២ ៨៩៨ នាក់ ៕
-----------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ មេសា ២០១៤