បាញ់​សម្លាប់ ឈុត វុទ្ធី៖ ក្រុម​សកម្មជន​ការពារ​ព្រៃ ប្រជុំ​គ្នា​រំលឹក​ខួប​២​ឆ្នាំ

ព្រះសង្ឃនិងសកម្មជនការពារព្រៃឈើជាង ១០០នាក់និងអង្គ នឹងជួបជុំគ្នានាចុងសប្តាហ៍នេះ នៅទីកន្លែង ដែល​សកម្មជនការពារបរិស្ថានដ៏ល្បីល្បាញ និងជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបាន​បាញ់សម្លាប់ ដើម្បីរំលឹកខួប២ឆ្នាំនៃហេតុការណ៍ដ៏រន្ធត់នេះ បង្កឡើងដោយមន្ត្រីរាជអាវុធហត្ថ នៅក្នុងពេលដែល​លោក បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើ នៅជួរភ្នំក្រវ៉ាញភាគកណ្តាល។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះសង្ឃនិងសកម្មជនការពារព្រៃឈើជាង ១០០នាក់និងអង្គ នឹងជួបជុំគ្នានាចុងសប្តាហ៍នេះ នៅទីកន្លែង ដែល​សកម្មជនការពារបរិស្ថានដ៏ល្បីល្បាញ និងជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបាន​បាញ់សម្លាប់ ដើម្បីរំលឹកខួប២ឆ្នាំនៃហេតុការណ៍ដ៏រន្ធត់នេះ បង្កឡើងដោយមន្ត្រីរាជអាវុធហត្ថ នៅក្នុងពេលដែល​លោក បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើ នៅជួរភ្នំក្រវ៉ាញភាគកណ្តាល។


លោក ឈុត វុទ្ធី ក្នុងបេសកកម្មរបស់លោក​ ដើម្បីការពារធនធានធម្មជាតិកម្ពុជា។ (រូបថត Australian National University)

ព្រៃឈើ - សេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារធនធានធម្មជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹងថា នឹងមានការជួបជុំសកម្មជនព្រៃឈើ មកពីតាមបណ្តាខេត្តនានា រួមទាំងព្រះសង្ឃ​នៅទីរូម​ខេត្តកោះកុង នៅថ្ងៃទី ២៥ ខែ មេសា។ ហើយនៅថ្ងៃទី២៦ ខែមេសា សកម្មជនទាំងនោះ នឹងធ្វើដំណើរទៅកាន់​ចំណុច​វាលបី ឃុំ​បាក់ខ្លង ស្រុកមណ្ឌលសីមា ជាកន្លែងដែលលោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ កាលពី២ឆ្នាំ​មុនដើម្បីពិធី​រំលឹក​ខួប។

លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី២៦ ខែមេសា នៅត្រង់ចំនុច​វាល​បី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នៅខណៈពេលដែលរូបលោក បាននាំអ្នកសារព័ត៌មាន​ក្នុងស្រុក​ពីររូបចុះទៅយកព័ត៌មានស៊ើបអង្កេត និងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់ នៅតំបន់ជួរភ្នំក្រវាញភាគ​កណ្ដាល ខេត្តកោះកុង។ បន្ទាប់ពីក្រុមរបស់លោកបានព្យាយាមទៅថតរូបភាព អំពីការកាប់ឈើ របស់ក្រុមហ៊ុន​ឯកជនមួយនោះ លោកក៏ត្រូវបានកងកម្លាំងការពារក្រុមហ៊ុនផ្ទុះអាវុធ ផ្ដាច់ជីវិតនៅនឹងកន្លែងតែម្ដង។

បន្ទាប់ពីមរណៈភាពរបស់លោកឈុត វុទ្ធី  រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការ​ស៊ើបអង្កេត​ចម្រុះមួយ នៅថ្ងៃទី៣០ ខែ​មេសា ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយក៏បានប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការគណៈ​រដ្ឋមន្ត្រី ថា លោក ឈុត វុទ្ធី ត្រូវបានលោក អ៊ិន រតនា បាញ់សម្លាប់ ហើយលោក អ៊ិន រតនា បានត្រូវគ្រាប់កាំភ្លើង​ដោយ​ចៃដន្យ នៅពេលលោក រ៉ាន់ បូរ័ត្ន ដណ្ដើមកាំភ្លើងពីលោក រតនា។ លោក រ៉ាន់ បូរ័ត្ន ត្រូវបានចោទប្រកាន់ពីបទ​មនុស្ស​ឃាត​ដោយអចេតនា ដោយផ្តន្ទាទោស២ ឆ្នាំនៅក្នុងនិងតម្រូវឲ្យអនុវត្តន៍ទោសចំនួន៦ ខែនៅក្នុងពន្ធនាគារ​និង​ទោស​១ឆ្នាំ ៦ខែទៀតត្រូវព្យូរទោសឲ្យនៅក្រៅឃុំ។

នៅថ្ងៃទី៤ ខែតុលា សាលាដំបូងខេត្តកោះកុង បានបើកសវនាការជម្រះរឿងក្តីមនុស្សឃាតដោយអចេតនា តែ​តុលាការ​ពុំបានចាត់ការសុំណុំរឿងលោក ឈុត វុទ្ធី ទេ ដោយសារលោកឈុត វុទ្ធី និង ឃាតករ អ៊ិន រតនា បានស្លាប់​ទាំងពីរនាក់ ដែលជាតុលាការមានអំណះអំណាងថា បណ្តឹងអាជ្ញាក៍រលត់ដែរ។

លោក ឆឺយ ឧត្តមរស្មី កូនប្រុសរបស់លោកឈុត វុទ្ធីបានថ្លែងឲ្យដឹងថា នេះគឺជាខួបលើកទី២ ឆ្នាំ ហើយក៏ជាលើក​ទី១ផងដែរ ដែលប្រជាសហគមន៍ការពារព្រៃឈើ មកពីបណ្តាខេត្តនានាដែលធ្វើការ​ជាមួយឪពុករបស់​លោកនាំគ្នា ទៅធ្វើពិធីនៅកន្លែងកើតហេតុនេះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ក្រុមគ្រួសារនិងអ្នកដែលស្រលាញ់ព្រៃឈើ នៅតែចង់ចាំរូបគាត់នៅក្នុងបេះដូងជានិច្ច។ ហើយខ្ញុំនឹងបន្តស្វែងរកយុត្តិធម៌ដល់ឪពុករបស់ខ្ញុំ បើទោះបីជាតុលាការ​ស្រុកខ្មែរ​ បានច្រានចោលដោយមិនចាត់ការលើសុំណុំរឿងនេះក៏ដោយ។»

ឧត្តម បានថ្លែងបន្តទៀតថា លោកកំពុងតែស្វែងរកការជួយជ្រោមជ្រែង ពីស្ថាប័នអន្តរជាតិដើម្បីឲ្យរូបលោក​អាច​កសាងសុំណុំរឿងនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ពីព្រោះតុលាការនៅស្រុកខ្មែរ ស្ថិតនៅក្រោមអ្នកមាន​អំណាច​មិនអាចរកអ្នកបញ្ជារ ឲ្យបាញ់សម្លាប់ឪពុករបស់លោក។ លោកបានថ្លែងថា៖ «ខ្ញុំចង់រកយុត្តិធម៌ឲ្យឪពុកខ្ញុំ ថាតើ​អ្នកណាជាអ្នកបញ្ជារឲ្យបាញ់ឪពុករបស់ខ្ញុំ»។

ជុំ យីម សកម្មជនការពារព្រៃឈើដែលធ្វើការយ៉ាងសកម្មជាមួយលោក ឈុត វុទ្ធី ដើម្បីប្រឆាំងនឹង​បទល្មើសព្រៃឈើ​នៅព្រៃឡង់ ដែលគ្រោងនឹងទៅចូលរួមពិធីនោះបានថ្លែងឲ្យដឹងថា ប្រសិនបើមានការរារាំងពីសំណាក់អាជ្ញាធរ នៅថ្ងៃ​ដែលប្រារព្ធពិធីនោះ ពួកលោកនឹងជម្នះព្យាយាមចូលទៅឲ្យដល់កន្លែង ដែលគេបាញ់សម្លាប់គាត់​ដើម្បីប្រារព្ធពិធី​ឲ្យ​បានពីព្រោះគាត់គឺជាវីរៈបុរស ការពារព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ លោកបានថ្លែងឲ្យដឹងថា៖ «ពួកយើង​មិន​ខ្លាចទេ ពីព្រោះពេលកន្លងមក បើទោះបីជាមានការគំរាមពីប៉ូលីសយ៉ាងណា ក៏ពួកយើងនិង​លោកគ្រូ ឈុត វុទ្ធី នៅ​តែព្យាយាមទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំងបានដុតបំផ្លាញ អស់ជាច្រើនគូបទៀតផង»

លោកបានថ្លែងឲ្យដឹងទៀតថា សព្វថ្ងៃនេះបទល្មើសព្រៃឈើ កើតឡើងឥតស្រាកស្រាន ដោយសារតែ​ឈ្មួញទាំង​នោះដឹងថា គ្មានអ្នកណាក្លាហានចេញមុខប្រឆាំងជាមួយពួកគេ ដូចលោក ឈុត វុទ្ធី ម៉្យាងទៀតពួកគេក៏បាន​ទិញ​ទឹកចិត្ត​សហគមន៍ឲ្យកាប់ឈើឲ្យពួកគេផងដែរ។ លោកបានថ្លែងថា៖ «ប្រសិនបើលោកគ្រូ វុទ្ធី នៅរស់ ការកាប់​បំផ្លាញព្រៃឈើមិនអានាធិបតេយ្យដូចសព្វថ្ងៃនេះទេ។ ពួកយើងខំធ្វើដែ រតែមិនមានឥទ្ធិពលដូចគាត់។»។

កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៣ នៅឯព្រះអង្គដងកើ សហគមន៍ព្រៃឡង់ បានច្រៀងរំលឹកពី លោក ឈុត វុទ្ធី ជាលើកដំបូងក្នុងថ្ងៃដែលសហគមន៍នេះ ប្រកាសទទួលបានពានរង្វាន់ និងលុយ ២ម៉ឺន ៥ពាន់ដុល្លារ ពីមូលនិធិ អេឡិចសេនឌឺ សូរ៉ូស (Alexander Soros) ដើម្បីគាំទ្រសកម្មភាពការពារព្រៃឡង់បន្តទៀត។ យ៉ាងណា​ចំរៀង​ទាំង​នោះ សហគមន៍ព្រៃឡង់កំពុងស្វែងរកមូលនិធិដើម្បីថតជាស៊ីឌី (CD) និងវីស៊ីឌី (VCD) ដោយមានទំនុកភ្លៀង​ទុកជា​ឯកសារ៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២០ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...