CCHR៖ អាជ្ញាធរគប្បីបើកសំណុំរឿង ឈុត វុទ្ធី ឡើងវិញ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់តាមភាសាអង់គ្លេស CCHR បានលើកឡើងថា បើទោះជាតុលាការ និងរដ្ឋាភិបាលកម្ពុជាបានបិទសំណុំរឿងលោក ឈុត វុទ្ធី ហើយក៏ដោយ ក៏រហូតមកដល់ពេលនេះសំណុំរឿងនេះ នៅតែស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ។ ដូច្នេះរដ្ឋាភិបាល គម្បីបើកការស៊ើបអង្កេតសំណុំរឿងដ៏រសើបនេះឡើងវិញ ដោយឯករាជ្យ និងតម្លាភាពដើម្បីបិទបញ្ចប់ វប្បធម៌និទណ្ឌភាពនៅកម្ពុជា។
លោក ឈុត វុទ្ធី ក្នុងបេសកកម្មរបស់លោក ដើម្បីការពារធនធានធម្មជាតិកម្ពុជា។ (រូបថតឯកសារ)
ច្បាប់ - «ដើម្បីធានាបាននូវយុត្តិធម៌ដល់ជនរងគ្រោះ តុលាការអាចស្តារនូវភាពជឿជាក់ខ្លះ ហើយសំខាន់បំផុតប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តជាថ្មី ថារដ្ឋាភិបាលមានសមត្ថភាព និងឆន្ទៈដោះស្រាយទៅលើវប្បធម៌និទណ្ឌភាព។ អាជ្ញាធរគម្បីបើកសំណុំរឿងនោះឡើងវិញ និងធានាការស៊ើបអង្កេតដ៏ពេញលេញមួយដោយតម្លាភាព និងឯករាជ្យ ដើម្បីលើកកំពស់សិទ្ធិទទួលបានការពិត សិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិទទួលបានសំណងត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤។
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ ជាថ្ងៃដែលព្រះសង្ឃ និងសកម្មជនការពារព្រៃឈើជាង ១០០នាក់និងអង្គ កំពុងជួបជុំគ្នារំលឹកខួប២ឆ្នាំ ហេតុការណ៍ដ៏រន្ធត់ ដែលលោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថានដ៏ល្បីល្បាញ និងជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅក្នុងពេលដែលលោកបានចុះស៊ើបអង្កេតបទល្មើសព្រៃឈើជាមួយអ្នកការសែតពីររូប នៅជួរភ្នំក្រវ៉ាញភាគកណ្តាល ។
ក្រោយហេតុការណ៍នោះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះមួយ នៅថ្ងៃទី៣០ ខែមេសា ដើម្បីធ្វើការស៊ើបអង្កេត ហើយក៏បានប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការគណៈរដ្ឋមន្ត្រី ថាលោកឈុត វុទ្ធី ត្រូវបានលោក អ៊ិន រតនា ជាមន្រ្តីកងរាជអាវុធហត្ថបាញ់សម្លាប់ ហើយលោក អ៊ិន រតនា បានត្រូវបានសម្លាប់ជាបន្ទាប់មកទៀត ដោយមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតឈ្មោះ រ៉ាន់ បូរ័ត្ន។ របាយការណ៍របស់អាជ្ញាធរបានសរសេរថា លោក រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពីលោក អ៊ិន រតនា បណ្ដាលឲ្យរាកៃផ្ទុះឡើងដោយចៃដន្យ ចំលោក អ៊ិន រតនា ស្លាប់។
បន្តមកនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ លោករ៉ាន់ បូរ័ត្ន ត្រូវបានសាលាដំបូងខេត្តកោះកុង ចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ដោយផ្តន្ទាទោស២ឆ្នាំ តែតម្រូវឲ្យអនុវត្តន៍ទោសតែចំនួន៦ខែ នៅក្នុងពន្ធនាគារ ចំណែកទោស១ឆ្នាំ ៦ខែទៀត ត្រូវព្យូរទោស ឲ្យនៅក្រៅឃុំ។ ហើយតុលាការ ក៏ពុំបានចាត់ការសុំណុំរឿងលោកឈុត វុទ្ធី ដែរ ដោយសំអាងថាលោក ឈុត វុទ្ធី និងឃាតករ អ៊ិន រតនា បានស្លាប់ទាំងពីរនាក់ ដែលជានីតិវិធីច្បាប់ បណ្តឹងអាជ្ញាក៍ត្រូវរលត់។ តែការដោះស្រាយរបស់រដ្ឋាភិបាល និងការសម្រេចរបស់តុលាការ នៅពេលត្រូវបានគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិល រិះគន់។
សម្រាប់លោកស្រីចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា៖ «បើសិនជាជនដែលភ័យខ្លាចចំពោះសកម្មភាពរបស់លោកឈុត វុទ្ធី ហើយសង្ឃឹមថាការស្លាប់របស់លោក អាចជាការគាបសង្កត់លើសកម្មជនផ្សេងៗទៀត ក្នុងប្រទេសនោះ វាមិនមែនជាការពិតនោះទេ ព្រោះអ្នកដ៏ទៃទៀតនៅតែបន្តប្រយុទ្ធប្រឆាំង ដើម្បីសិទ្ធិរបស់ខ្លួន ដែលបង្ហាញឲ្យឃើញថា សកម្មជននៅកម្ពុជា នឹងមិនភិតភ័យចំពោះការគាបសង្កត់បែបនេះនោះទេ។ ចំពោះសកម្មជនដីធ្លី និងបរិស្ថាន ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ នៅតែក្លាហានបន្តការងាររបស់ខ្លួន ខណៈដែលរដ្ឋាភិបាលនៅតែបន្តអនុវត្តនីទណ្ឌភាព៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មេសា ២០១៤