អ្នកចូលរួមក្នុងពិធីខួប២ឆ្នាំរបស់ ឈុត វុទ្ធី ប្តេជ្ញាបន្តការការពារព្រៃឈើ
«លោកជាវិរជនមួយដ៏ឆ្នើម(...) គាត់ជាអ្នកជួយពួកយើងដ៏មុះមុត» នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលបានមកចូលរួមរំលឹកវិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី នៅនឹងកន្លែងដែលលោកត្រូវបានបាញ់សម្លាប់។ លោក ឈុត វុទ្ធី សកម្មជនការពារធនធានធម្មជាតិខ្មែរយ៉ាងល្បីឈ្មោះ ដែលបានធ្វើសកម្មភាពជាច្រើន ជាមួយប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទៅដល់ផ្ទាល់កន្លែងដើម្បីធ្វើរបាយការណ៍លំអិត។
ក្រុមសកម្មជន ជួបជុំរំលឹកខួបពីរឆ្នាំ នៃមរណភាពរបស់លោក ឈុត វុទ្ធី នៅកោះកុង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ធនធានធម្មជាតិ - ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ ជាថ្ងៃរំលឹកខួបគំរប់២ឆ្នាំ នៃការស្លាប់បាត់បង់ជីវិតរបស់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏អង់អាចក្លាហាន និងដ៏ល្បីល្បាញ។ ប្រជាជននៅតាមសហគមន៏ មួយចំនួន ដូចជានៅ ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ ជាដើម ដែលជាជនរងគ្រោះពីការបាត់បង់ព្រៃឈើក្នុងសហគមន៏របស់ពួកគេ ព្រមទាំងអង្គការសង្គមស៊ីវិល រួមជាមួយព្រះសង្ឃផង បានមកជួបជុំគ្នាក្នុងខេត្តកោះកុង ដើម្បីរំលឹក និងដឹងគុណលោក ដែលបានបំពេញបេសកកម្មយ៉ាងលំបាក ក្នុងការការពារព្រៃឈើក្នុងប្រទេសកម្ពុជា រហូតដល់បាត់បង់ជីវិត។
ការធ្វើដំណើរមកខេត្តកោះកុង ដើម្បីរំលឹកវិញ្ញាក្ខន្ធរបស់សកម្មជនដីធ្លីរូបនេះ មិនបានបង្កភាពងាយស្រួលដល់អ្នក ចូលរួមឡើយ តែពួកគាត់នៅតែព្យាយាមមក ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ ស្ថិតក្នុងវ័យ៥៧ឆ្នាំ អ្នកស្រី អៀម ពិសី ដែលខំស្កាត់មកតាំងពីខេត្តស្ទឹងត្រែងមក បានប្រាប់ឲ្យដឹងថា អ្នកស្រីបានចំណាយរយៈពេល២ថ្ងៃ ទើបមកដល់ខេត្តកោះកុង ទីកន្លែងដែលវីរបុរសដ៏ឆ្នើមរបស់អ្នកស្រី ត្រូវបានបាញ់ស្លាប់បាត់បង់ជីវិត។ អ្នកស្រីពន្យល់បន្តថា មូលហេតុដែលអ្នកស្រីមក ដោយសារការគោរពស្រឡាញ់ និងដឹងគុណជានិច្ច ចំពោះលោក ឈុត វុទ្ធី ព្រោះកន្លងមក លោកបានតស៊ូជាមួយប្រជាពលរដ្ឋ ក្នុងការប្រឆាំងដាច់ខាតមិនឲ្យក្រុមហ៊ុន ឬឈ្នួញកាប់បំផ្លាញព្រៃឈើ។
មានសំឡេងរដឺន សម្គាល់ថាជាអ្នកមកពីភូមិភាគឥសាន្ត ពលរដ្ឋរូបនេះបានរំលឹកថា៖ «គាត់(លោក ឈុត វុទ្ធី) បានតស៊ូជាមួយយើង។ គាត់បានបណ្តុះបណ្តាលពួកយើង ឲ្យមានគំនិតស្រឡាញ់ និងចេះរក្សាព្រៃឈើ។ កន្លងមកសកម្មភាពរបស់គាត់ គឺជាសកម្មភាពល្អបំផុត កន្លែងណា ទីណាដែលមានការកាប់បំផ្លាញព្រៃឈើ តែងតែមានវត្តមានរបស់គាត់។ គាត់តែងតែអំពានាវឲ្យប្រជាសហគមន៏ទាំងអស់ ចូលរួមជាមួយដើម្បីទប់ស្កាត់ការបំផ្លាញព្រៃឈើ។»
ទោះបីជាមិនបានមួយរយភាគរយក៏ដោយ តែអ្នកស្រី អៀម ពិសី បានអះអាងបន្តកិច្ចការរបស់លោក ឈុត វុទ្ធី ថា៖ «ទោះបីជាអត់ពីគាត់ទៅ ខ្ញុំនៅតែតស៊ូ»។
លោក គឹម សូខន មកពីស្រុកសំបូរ ខេត្តក្រចេះបានឲ្យដឹងដែរថា មុនពេលលោក ឈុត វុទ្ធី មិនទាន់បាត់បង់ជីវិត។ លោកបានធ្វើការទំនាក់ទំនងជាមួយលោក វុទ្ធី ជាច្រើនលើក លើបញ្ហាធនធានធម្មជាតិក្នុងព្រៃឡង់។ លោកបានមកចូលរួមកម្មវិធីរំលឹកវិញ្ញាណក្ខន្ធនេះជាលើកទីពីរហើយ។ បណ្តាញស្នួល នៃអ្នកការពារព្រៃឡង់ក្នុងខេត្តក្រចេះរូបនេះ បានបញ្ជាក់ពីកត្តាដែលធ្វើឲ្យលោកមិនអាចខកខានមកចូលរួមថា៖ «ខ្ញុំយល់ថា គាត់ជាវិរៈបុរសមួយ ដែលមានជំហរជួយដល់សង្គម ជាពិសេសធនធានធម្មជាតិ។ ពួកខ្ញុំឃើញគាត់ជួយពួកខ្ញុំ រហូតដល់បាត់បង់ជីវិត។ អញ្ចឹងមកធ្វើពិធីនេះ ដើម្បីរំលឹកដល់គាត់។»
សម្រាប់ប្រជាពលរដ្ឋដែលមានវ័យ ៥១រូបនេះ នៅតែទទួចឲ្យរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជួយរកមុខជនដៃដល់ និងជននៅពីក្រោយ ដែលបានសម្លាប់លោក អតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី។
លោក គឹម សូខន បានចងក្រងជាបណ្តាញសហគមន៏មួយ ដើម្បីការពារព្រៃឡង់។ រហូតមកដល់ពេលនេះ លោកធ្វើសកម្មភាពផ្សេងៗទៀត និងធ្វើជាញាត្តិដាក់ទៅរដ្ឋាភិបាល ដើម្បីទាមទារឲ្យមានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ជាពិសេសព្រៃឡង់ ដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយ៕
ខ្ញុំគឺ ឈុត វុទ្ធី។ ខ្ញុំការពារព្រៃឈើ។
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មេសា ២០១៤