ជនជាតិដើមព្នង ថាអាជ្ញាធរនៅពីក្រោយ ការកាប់ដើមជ័រទឹក និងទន្ទ្រានព្រៃយកដីខុសច្បាប់
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មីនា ២០១៥
- កែប្រែចុងក្រោយ: March 19, 2015
- ប្រធានបទ: ព្រៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការកាប់ព្រៃទន្ទ្រានយកដី និងការកាប់ឈើខុសច្បាប់ នៅតែបន្តមានយ៉ាងសកម្ម ក្នុងខេត្តមណ្ឌលគីរី ក្នុងឆ្នាំ២០១៥នេះ ដោយគ្មានការអើពើ ឬទប់ស្គាត់ពីអាជ្ញាធរមូលដ្ឋាន និងថ្នាក់ខេត្តនោះឡើយ។ នេះគេមិនទាន់និយាយដល់ ពីរដ្ឋាភិបាលថ្នាក់ជាតិ ដែលតែងតែលើកឡើង ផ្ទុយពីទុក្ខលំបាក របស់ពលរដ្ឋ នៅតាមមូលដ្ឋាននោះផង។ ក្នុងសន្និសិទសារព័ត៌មាន រដែលរៀបចំឡើងនៅស្នាក់អង្គការ វេទិកានៃអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ជាភាសាអង់គ្លេសថា NGO Forum តំណាងជនជាតិដើមភាគតិច បានបង្ហាញពីការព្រួយបារម្មណ៍ ចំពោះការបាត់បង់ព្រៃ ដែលជាប្រភព នៃឆ្នាំងបាយពួកគាត់ បានមកពីជ័រទឹក ខណពេលនេះ ព្រៃទាំងនោះ កំពុងរងការកាប់បំផ្លាញដោយខុសច្បាប់ អស់ស្ទើរគ្មានសល់។
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥នេះ សមាជិកគណៈកម្មការ សហគមន៍ភូមិពូគង់ លោក វណ្ណា ខ្វើក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដីចំការ ដីព្រៃកប់ខ្មោច ដីចំការវិលជុំ និងដីបំរ៉ុង ត្រូវបានប្រជាពលរដ្ឋចំណូលស្រុក ប្រមាណជាង៨០គ្រួសារ កំពុងរុករានកាប់ទន្រ្ទានយក ដើម្បីលក់ទៅឲ្យឈ្មួញ និងក្រុមហ៊ុនវៀតណាម ដែលគេកំពុងរង់ចាំទទួលទិញ ដោយបានសហការជាមួយបុគ្គលមានអំណាច និងមន្រ្តីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីតំបន់។ លោកបន្តថា បច្ចុប្បន្នការកាប់បំផ្លាញព្រៃឈើ និងដើមជ័រទឹក (ដើមច្បោះ) នេះ បានប៉ះពាល់ដល់មុខរបរ ជីវភាព និងការរស់នៅចិញ្ចឹមជីវិត នៃជនជាតិដើមភាគតិចយ៉ាងខ្លាំង។
សមាជិកគណៈកម្មការ សហគមន៍ភូមិពូគង់រូបនេះ បានបញ្ជាក់ថា៖ «អាជ្ញាធរមិនដែលអើពើ ឬមានវិធានការទេ។ ពេលប្រជាពលរដ្ឋ ស្វែងរកអន្តរាគមន៍ បានត្រឹមតែចុះមកដល់ភូមិប៉ុណ្ណោះ មិនដែលទៅដល់ទីកន្លែងកាប់ឈើ ជាក់ស្តែងទេ ព្រោះតែខ្លាចប្រឡាក់ភក់ ឬមិនហ៊ានឆ្លងអូរជាដើម។ (…) ទាំងថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ហាក់ដូចជាមិនខ្វល់នឹងបញ្ហា (ភូមិពូគង់) រឿងកាប់ឈើ និងការកាប់ព្រៃទន្ទ្រានយកដីធ្លីទេ។ ពួកគាត់មិនសូវរវីរវល់ នឹងអ្នកកាប់ទេ តែពួកគាត់បែរជាមករវល់នឹងពលរដ្ឋមកការពារដី និងព្រៃតាមរយៈការកំហែង និងបំភ័យជាដើម។»
លោក ទ្រឺប ធើម ប្រធានសហគមន៍ដីធ្លី ភូមិពូគង់ ក៏បានលើកឡើងប្រហែលគ្នានេះដែរ។ លោកបានបញ្ជាក់ថា ការកាប់ទន្ទាននេះ មានតាំងពីឆ្នាំ២០១១ តែទើបមានសកម្មភាពខ្លាំងក្លា ក្នុងឆ្នាំ២០១៣-២០១៥ថ្មីៗនេះ។ ទាំងការកាប់ ទាំងការដឹកឈើចេញពីព្រៃ ដាច់ខាតត្រូវមានអាជ្ញាធរជាអ្នកគាំទ្រ ឬបើកផ្លូវ។ បើមិនដូច្នេះទេ មិនអាចដឹកឈើទាំងយប់ទាំងថ្ងៃ យ៉ាងរំភើយដូច្នេះឡើយ។ លោកបានថ្លែងទៀតថា សកម្មភាពទប់ស្កាត់កន្លងមក របស់អាជ្ញាធរ ហាក់ដូចជាធ្វើឲ្យគ្រាន់តែល្អមើល ឬដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ។ ព្រោះអ្នកដែលត្រូវបានចាប់ ចេះតែរួចមកវិញ ជាញឹកញាប់ជាមួយនឹងម៉ាស៊ីនកាប់ព្រៃដដែលនោះ។ លោកបានថ្លែងថា៖ «ឡានដឹកឈើត្រូវចាប់ប្រាំ ក៏លេចឡាន១០ ទៀតមកដឹក។ (…) មនុស្សចាប់បានហើយ ក៏លែងឲ្យមកកាប់ជាបន្ត។»
ការកាប់បំផ្លាញព្រៃឈើ ក្នុងភូមិពូគង់ នៃខេត្តមណ្ឌលគិរី ត្រូវបានរៀបចំឡើងមានលក្ខណៈជា «ប្រព័ន្ធ» តាំងពីថ្នាក់ក្រោមមូលដ្ឋាន ថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់លើ (ថ្នាក់ខេត្ត)។ នេះបើតាមមន្ត្រីសម្របសម្រួល នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ ប្រចាំខេត្តមណ្ឌលគិរី លោក ឯម សុភ័ក្រ្ត។ មន្ត្រីរូបនេះ បានបន្ថែមថា ព្រោះឈើដែលបានកាប់ ត្រូវដឹកយកទៅលក់ នៅក្នុងប្រទេសវៀតណាម តាមច្រក អន្តរជាតិដាក់ដាំ, តាមច្រកស្រុកកែវសីម៉ា, តាប៉ុស្តិ៍៧, បុស្តិ៍៨ និងបុស្តិ៍៩ ជាដើម។ ដែលច្រកទាំងនោះ សុទ្ធតែមានការយាមកាម នៃមន្រ្តីគ្រប់ជំនាញដែលពាក់ព័ន្ធ។
លោក សុភ័ក្ត្រ បានចោទសួរថា បើមិនមានការពាក់ព័ន្ធទេ ហេតុអ្វីបានជាឈើរាប់សិបឡាន ដឹកទាំងយប់ទាំងថ្ងៃ យ៉ាងគំហុក តែអាជ្ញាធរមិនធ្វើការហាមឃាត់ ឬត្រួតពិនិត្យ។ ហើយឡានទាំងនោះ ដឹកចេញទៅ ដោយសុវត្តិភាព។ លោកបានបញ្ជាក់ដូច្នេះថា៖ «អាជ្ញាធរខេត្ត រដ្ឋបាលព្រៃឈើ គ្មានវិធានការទប់ស្កាត់ទេ។ ការមិនទប់ស្គាត់នេះ ដោយយកហេតុផលថា ព្រោះតែមានកម្លាំងតិច ឬថាជាតំបន់ឆ្ងាយជាដើម។ (…) ច្រកចេញចូលតែមួយក្នុងតំបន់ហ្នឹង យើងបានឃើញជាក់ស្តែង ឃើញគេដឹកជញ្ជូនចេញទាំងឡានៗ។»
ប្រធានអង្គការ វេទិកានៃអង្គការក្រៅរដ្ឋាភិបាល លោក តឹក វណ្ណារា បានបញ្ជាក់ថា អង្គការលោកក៏នឹងត្រូវដាក់របាយការណ៍ជូន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងកសិកម្ម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណកម្មការទីបីនៃរដ្ឋសភា ដែលទទួលបន្ទុយ ដោះស្រាយបញ្ហាដីធ្លី និងព្រៃឈើ។ លោកបន្តថា ការដាក់ទៅនេះ ដើម្បីស្នើសុំជាវិធានការផ្លូវច្បាប់មួយជាក់លាក់ និងបន្ទាន់ ដើម្បីទប់ស្គាត់ការទន្ត្រាន និងកាប់ដើមជ័រទឹក ដែលនៅសល់មិនបានដល់២០%ផងនោះ។
អាជ្ញាធរមូលដ្ឋាននិយាយផ្សេង តែលោក ហ៊ុន សែន និយាយផ្សឹង?
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺ ជំវិញការចោទប្រកាន់ខាងលើ ពីអភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បានទេ។ តែតាមលោក វណ្ណា ខ្វើក បានស្រង់សំដីលោក អ៊ុំ សុឃន ប្រធានក្រុមប្រឹក្សាខេត្ត ពេលចុះដល់មូលដ្ឋាន និងឃើញដើមជ័រទឹក ត្រូវគេកាប់រំលំរាប់រយដើមនេះ បែរជាលើកឡើងថា ក្រុមការងារលោក មិនមានលទ្ធភាព ក្នុងការដោះស្រាយឡើយ។ ការលើកឡើងនេះ ហាក់បានធ្វើឡើង ផ្ទុយពីការថ្លែង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអំពាវនាវ ទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាការពារព្រៃឈើ និងទប់ស្កាត់ក្រុមឈ្មួញរកស៊ី និងកាប់ឈើខុសច្បាប់។
សូមបញ្ជាក់ថា ភូមិពូគង់ មានប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង និងស្ទៀងរស់នៅ ប្រមាណជា៦៧គ្រួសារ ស្មើនឹង ៣២០នាក់។ ភូមិនេះ ស្ថិតក្នុងឃុំស្រះកែវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ភូមិមួយនេះ ត្រូវបានហ៊ុំព័ទ្ធដោយព្រៃឈើ ក្នុងតំបន់ការពារសីមា ដែលមានទំហំជិតបីលានហិកតា។ ក្នុងពេលបច្ចុប្បន្ននេះ ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនធំៗបី រួមមានក្រុមហ៊ុនសុវណ្ណរាជសី, ក្រុមហ៊ុន ប៊ិញផឿក១ និងក្រុមហ៊ុន ប៊ិញផឿក២ ដែលកំពុងទទួលដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលជាងមួយម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍សង្ខេប ដែលចេញដោយអង្គការ NGO Forum៕