ឈូស​ឆាយ​បើក​ផ្លូវ ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ប្រាំ​គ្រួសារ នៅ​ឬស្សី​កែវ

ការចាក់ដីបំពេញបឹង ដើម្បីអភិឌ្ឍន៍ផ្លូវថ្មី នៅក្នុងភូមិ បឹងឈូក របស់អាជ្ញាធរ បានធ្វើឲ្យប៉ះពាល់ ដល់ផ្ទះសំបែងពលរដ្ឋ ប្រមាណជា៥គ្រួសារ ពលរដ្ឋទាំងប្រាំគ្រួសារនោះ សុំឲ្យអាជ្ញាធរ ពិនិត្យនិងធ្វើការសិក្យា ឲ្យបានច្បាស់លាស់ ព្រោះផ្លូវនេះ បានធ្វើចំផ្ទះរបស់ពួកគាត់ និងសុំឲ្យបញ្ឈប់ភ្លាម បើមិនមានសំណងត្រឹមត្រូវ តាមតម្លៃទីផ្សារសព្វថ្ងៃទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៨ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 19, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទំនាស់ដីធ្លីមួយនេះ កើតឡើង ខណៈពេលដែលគម្រោង ឈូសឆាយបើកផ្លូវ របស់សាលារាជធានីភ្នំពេញ ចំនួន៧ខ្សែ កំពុងដំណើរការ ហើយបានប៉ះពាល់ទៅដល់ពលរដ្ឋ ប្រាំគ្រួសារ នៅភូមិបឹងឈូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្នុង​​ចំណោមផ្លូវទាំង៧នោះ គឺផ្លូវ១៨០៨ នេះដែលត្រូវប៉ះពាល់ ដល់ផ្ទះពលរដ្ឋប្រាំគ្រួសារ ហើយការឈូសឆាយ បាន​ដំណើរការទៅជិតដល់លំនៅដ្ឋាន របស់ពួកគាត់។ អ្នកទាំងប្រាំគ្រួសារនោះ អះអាងថា នឹងមិនអាចរើចេញទេ បើគ្មាន​សំណងត្រឹមត្រូវ ហើយបានសំអាងហេតុផលថា ពួកគាត់បានរស់នៅទីនេះ តាំងពីឆ្នាំ១៩៩៦មក និងមានឯកសារ​ស្នាក់​នៅ​ត្រឹមត្រូវ។

អ្នកស្រី ម៉ៅ ពៅ ជាពលរដ្ឋម្ចាស់ដី ដែលកំពុងទាមទារ មិនឲ្យអាជ្ញាធរចាក់ដីបំពេញធ្វើផ្លូវ បានប្រាប់អ្នកសារព័ត៌មានថា គាត់មានលិខិតស្នាក់នៅត្រឹមត្រូវ ចេញពីសង្កាត់ទួលសង្កែ ក្នុងទំហំដី ២០០ម៉ែត្រការេ។ អ្នកស្រីថា គាត់មិនអាច​ចាក​ចេញ ដោយគ្មានសំណងត្រឹមត្រូវនោះទេ ព្រោះបើតាមការវ៉ាស់វែងប៉ាន់ស្មាន់នៅ តែបន្តិចទៀត នឹងចាក់ឈូសឆាយ​ដល់​ផ្ទះគាត់ហើយ។ អ្នកស្រី ម៉ៅ ពៅ បញ្ជាក់ថា គាត់ចង់ឲ្យអាជ្ញាធរមានសំណងមួយត្រឹមត្រូវ តាមតម្លៃទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន។

បើយោងតាមប្រកាស របស់សាលាខណ្ឌឬស្សីកែវ ដែលចេញកាល ពីថ្ងៃទីទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បានឲ្យដឹងថា សាលា​រាជធានីភ្នំពេញ នឹងធ្វើការឈូសឆាយបើកផ្លូវ ទាំង៧ខ្សែ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ មានផ្លូវលេខ ១៨០០, ១៧០១, ១៨០៤, ១៨០៨, ១៨១២, ១៨១៨។ លិខិតនោះបានបញ្ជាក់ថា៖ «ក្នុងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួល ឲ្យ​ក្រុម​ការងារ របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ចុះធ្វើការដោះស្រាយទំនាស់ នៅតំបន់នេះ កុំឲ្យនៅ​អូស​បន្លាយ​យូរ»។ គិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ បើពលរដ្ឋណាម្នាក់មិនសុខចិត្ត ហើយមិនធ្វើការុះរើ សាលា​សង្កាត់​មិន​ទទួលខុសត្រូវ ចំពោះការខូចខាតនោះទេ។

អ្នកភូមិបឹងឈូកម្នាក់ទៀត លោក នឹម វណ្ណៈ ក្នុងវ័យ ៣៥ឆ្នាំ បានឲ្យដឹងស្រដៀងគ្នានេះដែរថា សុំឲ្យអាជ្ញាធរផ្អាកការ​សាងសង ហើយធ្វើការដោះស្រាយ ដោយសន្តិវិធីឲ្យច្បាស់លាស់ ជាមួយអ្នកភូមិដែលមានបញ្ហាសិន។ បើនៅតែបន្ត ផ្ទះរបស់គាត់នឹងត្រូវខូចខាត ហើយអាចនឹងគ្មានអ្នកទទួលខុសត្រូវ សមរម្យទៀតផង។ លោកបានបញ្ជាក់ថា នៅក្នុង​ការតវ៉ារបស់អ្នកភូមិ នៅរសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥នេះ លោក សយ កុសល ចៅសង្កាត់ទួលសង្កែ បាន​និយាយ​ជាមួយអ្នកភូមិថា និងហៅក្រុមពលរដ្ឋទៅប្រជុំ ដើម្បីធ្វើការដោះស្រាយជាមួយគ្នា ឲ្យបានច្បាស់លាស់។

លោក សយ កុសល ចៅសង្កាត់ទួលសង្កែ ក៏បានប្រាប់អ្នកសារព័ត៌មានដែថា លោកថាផ្លូវ១៨០៨នេះ មានទទឹង ២០ ម៉ែត្រ ហើយវាមានសារៈសំខាន់ណាស់ ដែលអាចឲ្យអ្នកដំណើរ ចូលទៅកាន់បូរីអង្គរ នៅខាងក្នុងបាន។ តែលោក​បញ្ជាក់ថា ផ្លូវដែលប៉ះពាល់១៨០៨នេះ មិនទាន់បានវ៉ាស់វែងចប់សព្វគ្រប់នៅឡើយ ព្រោះនៅមិនទាន់ធ្វើដល់ តែ​ពលរដ្ឋ​បារម្ភខ្លាច មិនមានអ្នកផ្តល់សំណង។ លោកបន្ថែមថា ពេលវ៉ាស់ដល់ដី ដែលប៉ះពាល់ត្រឹមត្រូវ នឹងមានសំណង ព្រោះ​លោក​មិនចង់ឃើញអ្នកណា ដែលមិនប៉ះពាល់ពិតប្រាកដ មកទាមទារដែរនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...