បាញ់ស្លាប់ម្នាក់ និងចាប់ខ្លួនបានម្នាក់ ក្នុងគ្រួសារតារា ខៀវ សុខារ៉ាវី
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ សីហា ២០១៦
- កែប្រែចុងក្រោយ: August 14, 2016
- ប្រធានបទ: បាញ់ប្រហារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបាញ់បោះសម្លាប់មនុស្ស នៅតែបន្តកើតមាន យ៉ាងសាហាវព្រៃផ្សៃ នៅចំកណ្ដាលបេះដូង នៃព្រះរាជាណាចក្រ។ យុវជនម្នាក់អាយុ២៨ឆ្នាំ ដែលជាបុគ្គលិកមួយរូប របស់ក្រុមហ៊ុនអចលនទ្រព្យ ត្រូវបានជនប្រដាប់អាវុធ បាញ់ត្រូវពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។ យុវជនរងគ្រោះរូបននោះ ត្រូវបានគេស្គាល់ឈ្មោះ សឺន ចាន់ដារ័ត្ន ត្រូវជាប្អូនប្រុសជីដូនមួយ របស់តារាសម្ដែង អ្នកនាង ខៀវ សុខារ៉ាវី។
ហេតុការណ៍បានកើតឡើង នៅមុខហាងលក់ទំនិញមួយ មានឈ្មោះ «Only U Mart» ស្ថិតតាមបណ្តោយផ្លូវព្រះសីុសុវត្តិ ស្ថិងក្រុ៣៦ ភូមិ១ សង្កាត់កណ្តាលទី១ ខណ្ឌដូនពេញ វេលាយប់ម៉ោងប្រមាណ ២១ និង១០នាទី។ ប្រភពពីទីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជន ចាន់ដារ័ត្ន ទំនងជាត្រូវបានបញ្ជូនភ្លាមៗ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែបានផុតដង្ហើម ពេលទៅដល់មន្ទីរពេទ្យ ដោយសាររបួសមានសភាពធ្ងន់ធ្ងរពេក។
បន្តិចក្រោយមក យុវជនម្នាក់ទៀត ឈ្មោះ ខៀវ ថនវណ្ណឌី ដែលត្រូវជាប្អូនបង្កើតរបស់តារាសម្ដែង ត្រូវបានអាជ្ញាធរឃាត់ខ្លួន ជាមួយនឹងយុវជនមួយរូបផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ហើយបាននាំយក ទៅសាកសួរទាំងយប់ នៅនៅទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌដូនពេញ។
ក្រុមគ្រួសាររបស់តារាសម្ដែង អ្នកនាង ខៀវ សុខារ៉ាវី បាននិយាយថា ការបាញ់ប្រហារនេះ ជាការបាញ់ប្រហារប្រដាប់អាវុធ ដែលមានលក្ខណៈដូចជាអំពើប្លន់មួយ ហើយការចាប់ឃាត់ខ្លួនយុវជន ខៀវ ថនវណ្ណឌី (ដែលជាប្អូនបង្កើត របស់តារាសម្ដែង) គឺជាការឃាត់ខ្លួនច្រឡំ និងទាមទារឲ្យមើលរូបភាព ក្នុងកាម៉េរ៉ាសុវត្ថិភាព របស់ហាង។ គ្រួសារបានអះអាងថា ខ្មាន់កាំភ្លើងបានចូលមកបាញ់ប្រហារ នៅក្នុងហាងរបស់ផងខ្លួន និងបានត្រូវចំជនរងគ្រោះ។
ផ្ទុយមកវិញ ប្រភពក្រៅផ្លូវការផ្សេងទៀត ពីកន្លែងកើតហេតុ បានអះអាងថា រឿងរ៉ាវបានកើតឡើង បណ្ដាលមកពីជម្លោះរវាងយុវជនពីរក្រុម នៅខាងមុខហាងលក់ទំនិញ របស់គ្រួសារត្រកូល ខៀវ មួយនេះ។ ពេលឃើញជម្លោះនេះ ជនរងគ្រោះ (ឈ្មោះ សឺន ចាន់ដារ័ត្ន) ដែលអង្គុយនៅខាងមុខហាងស្រាប់ បានចេញទៅឃាត់ ដោយសារនៅក្នុងចំណោមភាគីជម្លោះ មានបងប្អូនរបស់ខ្លួន។ ប៉ុន្តែហេតុការណ៍ បានប្រែក្លាយជាសោកនាដកម្ម បន្ទាប់ពីភាគីម្ខាង នៅក្នុងជម្លោះ បានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ ចំជនរងគ្រោះ មួយគ្រាប់ត្រង់ឆ្អឹងជំនី និងមួយគ្រាប់ទៀត ត្រង់ចង្គុបបត់ខាងស្ដាំ។
យ៉ាងណាក៏ដោយ ក៏ព័ត៌មានខាងលើនេះ គ្រាន់ជាដំណឹង ដែលផ្ដល់មកនៅក្នុងជំហានដំបូងប៉ុណ្ណោះ។ គេត្រូវរង់ចាំ សាក្សីច្បាស់ការណ៍ផ្សេងទៀត និងការស៊ើបអង្កេតរបស់អាជ្ញាធរផង មុននឹងដឹងថា តើហេតុកាណ៍បាញ់សម្លាប់ខាងលើនេះ មានដំណើររឿងបែបណា និងបណ្ដាលមកពីមូលហេតុអ្វី៕