រថយន្ដគិលានសង្គ្រោះដឹកទំនិញ៖ ហ៊ុន សែន ធ្វើអន្តរាគមន៍ដើម្បីអ្នកស្ដាប់វិទ្យុ ABC
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៦
- កែប្រែចុងក្រោយ: August 14, 2016
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចអត្ថបទ «ហ៊ុន សែន ដកតំណែងមន្ត្រីរដ្ឋ ដើម្បីយកចិត្តឯកជន» របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបានចេញផ្សាយ កាលពិម្សិលម៉ិញថា នោះគឺជាការដកដំណែងប្រធានមន្ទីរសុខាភិបាលរាជធានី ដ៏ប្រទាំងប្រទើសមួយ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ដោយហេតុថាមន្ត្រីលេខាធិការដ្ឋាន ដែលស្ថិតក្រោមបង្គាប់ របស់មន្ទីរសុខាភិបាលរាជធានី បានធ្វើការឃាត់រថយន្ដគិលានសង្គ្រោះបន្ទាន់មួយ របស់ស្ថានីយ៍វិទ្យុ ABC ដែលគ្មានច្បាប់អនុញ្ញាត និងដែលបែរជាត្រូវបាន យកទៅប្រើប្រាស់ដឹកទឹកត្របែក ដូចជារថយន្ដដឹកទំនិញធម្មតា ដើម្បីយកទៅប្រគល់ ឲ្យអតិថិជនរបស់ខ្លួនទៅវិញ។ ចំណាត់ការនោះ បានបង្កចំងល់ដល់មតិសាធារណជន ឲ្យចោទសួរឡើងថា តើវាជាផ្នែកមួយ នៃយុទ្ធនាការធ្វើ«ប្រជាភិថុតិ»របស់លោក ហ៊ុន សែន ឬ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានសរសេរពន្យល់ ពីការសម្រេចចិត្តរបស់លោក ក្នុងការដកតំណែងប្រធានមន្ទីររូបនោះ និងថែមទាំងបានអះអាងដោយខ្លួនលោក ថាកិច្ចអន្តរាគមន៍របស់លោក ដោយសារមាន«បងប្អូន ដែលនិយមស្តាប់វិទ្យុ ABC កាន់តែងឿងឆ្ងល់ ហើយបន្តអំពាវនាវ មកនាយករដ្ឋមន្ត្រីឲ្យជួយ»។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា បានពន្យល់ថា លោកមិនបានលូកដៃ ចូលអន្តរាគមន៍ក្នុងកិច្ចការនេះ ពីដំបូងមកទេ ដោយសារលោកចង់តាមដានបញ្ហានេះ ឲ្យបានច្បាស់សិន និងដោយសារលោកយល់ថា រឿងតូចតាចបែបនេះ មិនគួរលោកជានាយករដ្ឋមន្ត្រី លូកដៃទៅដោះស្រាយឡើយ។
លោក ហ៊ុន សែន បានសរសេរថា៖ «ចាំបាត់ៗ ហើយក៏គ្មានការបកស្រាយណាមួយ ពីភាគីអ្នកចាប់ថា មកពីមូលហេតុអ្វី បានចាប់ឡាននេះ ធ្វើឱ្យបងប្អូនដែលនិយមស្តាប់វិទ្យុ ABC កាន់តែងឿងឆ្ងល់ ហើយបន្តអំពាវនាវ មកនាយករដ្ឋមន្ត្រីឲ្យជួយ។ "បាតដៃក៏សាច់ ខ្នងដៃក៏សាច់" នេះជាចំណុចដែលត្រូវគិត ម្ខាងជាស្ថាប័នរដ្ឋ និងម្ខាងទៀតជាស្ថាប័នផ្សព្វផ្សាយ ដែលបានរួមចំណែកច្រើន (...) បានជួយដល់ជនក្រីក្រ ដែលក្នុងនោះឡានដែលត្រូវចាប់នេះ ជាមធ្យោបាយដ៏សំខាន់ ជួយអ្នកក្រីក្រ។ ចំណុចខ្វះខាតរបស់រថយន្តនេះ គឺពុំទាន់មានផ្លាកលេខ ដែលខ្ញុំប្រាប់ លោក ឃួន ស្រេង រៀបចំផ្លាកលេខជូន និងផ្តល់ថែមរថយន្តសង្គ្រោះ ២គ្រឿងទៀត ជូនវិទ្យុ ABC។»
បន្ទាប់ពីការប្រកាសដកតំណែងលោក សុខ សុគន្ធ ចេញពីតំណងជាប្រធានមន្ទីរ មតិរិះគន់ជាច្រើន បានផ្ទុះឡើង នៅតាមបណ្ដាញសង្គម និងនៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផ្សេងទៀត។ មតិទាំងនោះ បានលើកឡើងថា បេសកកម្មមនុស្សធម៌ ជួយជនក្រីក្រ ជាទង្វើដ៏ប្រពៃមួយហើយ តែរថយន្ដគិលានសង្គ្រោះបន្ទាន់ វាចាំបាច់ត្រូវមានអ្នកបម្រើការ ប្រកបដោយជំនាញ និងមានបំពាក់ដោយសម្ភារៈបរិក្ខា ក្នុងការជួយសង្គ្រោះ និងត្រូវតាមបទដ្ឋានសុខាភិបាល។ ម្យ៉ាងទៀត រថយន្ដគិលានសង្គ្រោះ ត្រូវតែនៅជារថយន្ដគិលានសង្គ្រោះ ដោយមិនត្រូវបានលើកសម្ភារៈបរិក្ខានេះចេញ ដើម្បីយកទៅដឹកទឹកផ្លៃឈើ ឬទំនិញ ទៅដាក់ឲ្យម៉ូយ ក្នុងការធ្វើអាជីវកម្មរបៀបផ្សេងនោះឡើយ។
នៅចំពោះការរិះគន់នេះ លោក ហ៊ុន សែន បានពន្យល់ទទួលស្គាល់ ពីភាពត្រឹមត្រូវ នៃចំណាត់ការរបស់មន្ទីរសុខាភិបាលរាជធានី ទៅលើការបង្ក្រាបបទល្មើស តែលោកហ៊ុន សែន បានបន្ទោសលោក សុខ សុគន្ធ ថាមិនបានធ្វើតាមនីតិវិធី ដោយត្រូវរាយការណ៍ សុំការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញា ស្របតាមនីតិវិធីជាធរមាន។ លោកនាយរដ្ឋមន្ត្រីបានសរសេរថា៖ «ក្នុងកំណត់ហេតុឃាត់រថយន្ត លោកប្រធានមន្ទីរ បានប្រើប្រាស់តួនាទី ជាលេខាធិការដ្ឋានលប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ ហើយប្រត្តិបត្តិការ ដោយកម្លាំងមន្ទីរសុខាភិបាលទាំងអស់ ដោយគ្មានការចូលរួម ពីនគរបាលឬអាវុធហត្ថ ឬស្ថាប័នអយ្យការនោះទេ។ បន្ថែមលើនោះ គឺគ្មានរបាយការណ៍មកថ្នាក់លើ ឬស្ថាបន័អយ្យការ ពាក់ពន្ធ័បន្ទាប់ពីការឃាត់រថយន្តនោះដែរ។»
បទល្មើស«ជាក់ស្ដែង»
ការអះអាងរបស់លោក ហ៊ុន សែន ខាងលើនេះ ត្រូវបានមន្ត្រីមួយរូប ពីលេខាធិការដ្ឋានលប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ បរិហារថា វាគ្រាន់តែជាការស្វែងរកចាប់កំហុស ដើម្បីបកស្រាយពីការដកដំណែង លោក សុខ សុគន្ធ ពីសំណាក់នាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ។ ថ្លែងប្រាប់ទស្សនាវដ្ដី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនោះបាននិយាយថា ការឃាត់រថយន្ដនោះ បានធ្វើឡើងនៅពេលដែលរថយន្ដគិលានសង្គ្រោះ បានប្រព្រឹត្តិបទល្មើស«ជាក់ស្ដែង» ដោយសាររថយន្ដនោះកំពុងដឹកទំនិញ ដែលមិនមានចុះបញ្ជីការ និងខុសពីបទដ្ឋានសុខាភិបាល។
មន្ត្រីលេខាធិការដ្ឋាន បានថ្លែងឡើងថា៖ «នេះមិនចាំបាច់ដល់ទៅមន្ត្រីនគរបាលយុត្តិធម៌ (មន្ត្រីរបស់លេខាធិការដ្ឋាន) ផងទេ ទើបអាចឃាត់រថយន្ដនោះបាន បើសូម្បីប្រជាជនសមញ្ញ ក៏អាចធ្វើបានដែរ ដោយគ្រាន់តែពលរដ្ឋ គាត់គ្មានជំនាញ ដើម្បីដឹងថា តើនេះជាបទល្មើសឬអត់ប៉ុណ្ណោះ។ ដូច្នេះ យើងអាចឃាត់រថយន្ដនោះបាន ដោយមិនចាំបាច់រាយការណ៍ជាមុនឡើយ»។
ចំពោះការលើកឡើងថា មន្ទីរមិនធ្វើរបាយការណ៍ឡើងទៅថ្នាក់លើ ត្រូវបានមន្ត្រីដដែលសួរត្រឡប់ទៅវិញថា ចុះកំណត់ហេតុដែលលោក ហ៊ុន សែន យកមកអះអាងនេះ គឺជាអ្វី? លោកថា លេខាធិការដ្ឋានក៏កំពុងដោះស្រាយ ជាមួយភាគីវិទ្យុ ABC ពីករណីនេះជាបណ្ដើរៗ រាប់ចាប់តាំងពី ពីការឃាត់ខ្លួននោះមក។ តែផ្ទុយទៅវិញ គឺភាគីវិទ្យុ ABC ទៅវិញទេ ដែលបានបំផុសរឿងនេះឡើង តាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន និងរាយការណ៍ខុសការពិត ប្រាប់ទៅនាយករដ្ឋមន្ត្រី។
» សំណេរជូនដំណឹងមួយ របស់មន្ទីរសុខាភិបាលរាជធានី នៅថ្ងៃទី១១ ខែសីហា៖
មន្ត្រីសុខាភិបាលរូបនោះ បានបន្តបកស្រាយទៀតថា បើទោះជាប្រធានមន្ទីរសុខាភិបាលរាជធានី លោក សុខ សុគន្ធ បានប្រព្រឹត្តិកំហុស និងមានកង្វះខាតមួយចំនួនក្ដី តែមន្ត្រីនៅក្រោមមន្ទីរសុខាភិបាលរាជធានី និងនៅក្រោមលេខាធិការដ្ឋាន ពិតជាបានធ្វើការងាររបស់ខ្លួន ទៅតាមបទដ្ឋានច្បាប់ និងបទដ្ឋានសុខាភិបាល ដោយមានលិខិតបញ្ជាក់ និងបញ្ជាត្រឹមត្រូវពីថ្នាក់លើ ជាពិសេសពីថ្នាក់រដ្ឋមន្ត្រី។ ផ្ទុយទៅវិញ ការអនុវត្តភារកិច្ចរបស់ខ្លួននេះ បែរជាត្រូវបានចាត់ទុកថា ខុសនីតិវិធី និងមិនបានរាយការណ៍ ទៅថ្នាក់លើ ដែលជាហេតុការណ៍មួយ គួរ ឲ្យមានការអាក់អន់ស្រពន់ចិត្តជាទូទៅ នៅក្នុងចំណោមមន្ត្រីរាជការ ក្រោមឱវាទមន្ទីរ។
យ៉ាងណា លោក ហ៊ុន សែន ដែលទំនងជាយល់ដល់បញ្ហានេះ បានសរសេរ«អង្អែល»តបមកវិញ នៅក្នុងការបកស្រាយរបស់លោក ទៀតថា៖ «ការដកតួនាទីលោកប្រធានមន្ទីរ មិនមានន័យថា យើងបោះបង់គាត់ចោលនោះទេ យើងអាចតែងតាំងគាត់ ក្នុងមុខតំណែងសមស្របណាមួយ នាពេលខាងមុខ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។ ជាការហុច«ផ្កា»មួយទង ដែលកំពុងចេញទៅជា«ផ្លែ»បណ្ដើរៗ ជូនទៅអតីតប្រធានមន្ទីរ ដោយហេតុថាដំណឹងថ្មីមួយ ទើបនឹងធ្លាប់មកដល់ ក្នុងពេលល្ងាចនេះ គឺលោក សុខ សុគន្ធ ទំនងជាត្រូវបានតែងតាំង ឲ្យក្លាយជា«អគ្គាធិការរង នៃក្រសួងសុខាភិបាល»ហើយ៕