«នៅថៃ យើងគ្មានបណ្ដាញភេរវនិយមទេ»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៦
- កែប្រែចុងក្រោយ: August 15, 2016
- ប្រធានបទ: នយោបាយ-ថៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ជនដែលគួរឲ្យសង្ស័យពីរនាក់ ត្រូវបានកោះហៅ ដើម្បីធ្វើការសាកសួរ ទាក់ទងនឹងហេតុការណ៍ភេរវកម្ម នៅក្រុង ហួរហ៊ីន» នេះបើតាមការអះអាង យ៉ាងប្រយ័ត្នប្រយែង របស់អ្នកនាំពាក្យនគរបាលជាតិថៃ លោក ពីយ៉ាប៉ាន ពីងម័ង (Piyapan Pingmuang) ទៅកាន់ទីភ្នាក់ងារព័ត៌មានបារាំង (AFP)។ ប៉ុន្តែអ្នកនាំពាក្យ បានបដិសេធប្រើពាក្យ ហៅជនទាំងពីរ ថាជាជនសង្ស័យ។
អ្នកនាំពាក្យបានបន្ថែមទៀតថា៖ «ហើយជនម្នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅក្រុង ណាក់ខន ស៊ីធម្មារ៉ាត់ (Nakhon Si Thammarat - ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសថៃ)»។
លោក ពីយ៉ាប៉ាន មិនបានបញ្ជាក់ ឲ្យបានលំអិតជាងនេះ ពីអត្តសញ្ញាណរបស់ជនទាំងបីទេ តែបើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ជនដែលត្រូវបានឃាត់ខ្លួននៅ ក្រុង ណាក់ខន ស៊ីធម្មារ៉ាត់ នោះ ជាមេដឹកនាំមួយរូប នៃក្រុមអាវក្រហម ស្និតនឹងអតីតនាយករដ្ឋមន្ត្រី ស៊ីណាវ៉ាត្រា (Shinawatra) ទាំងពីរនាក់បងប្អូន និងជាចលនាមួយ មាននិន្នាការប្រឆាំង នឹងរដ្ឋអំណាចយោធាសព្វថ្ងៃ។ ព័ត៌មានខាងលើ មិនត្រូវបាននគរបាលថៃ អះអាងថាពិត ឬមិនពិត នាវេលានេះនៅឡើយ។
យ៉ាងណា អ្នកនាំពាក្យនគរបាលបានបង្ហើបឲ្យដឹងថា សំនុំរឿងនេះ អាចមានជាប់ពាក់ព័ន្ធ ជាមួយនឹងនយោបាយ។ លោកបន្តថ្លែងឡើងថា៖ «យើងកំពុងធ្វើការ ជាមួយភស្ដុតាង ដើម្បីដាក់ការសង្ស័យបាន។ (...) ការស៊ើបអង្កេត កំពុងបោះជំហានទៅមុខ ហើយយើងដឹងហើយ ថានរណានៅពីក្រោយ (ភេរវកម្មទាំងនេះ)។»។
លោក ពីយ៉ាប៉ាន ពីងម័ង បានសង្កត់ធ្ងន់ថា៖ «ហេតុការណ៍នេះ ជាអំពើវិទ្ធង្សនាមួយ និងមិនមែនជាទង្វើភេរវកម្មនោះទេ។ នៅថៃ យើងគ្មានបណ្ដាញភេរវនិយមទេ។»
រវាងពីថ្ងៃព្រហស្បត្តិ៍ មកដល់ថ្ងៃសុក្រ គ្រាប់បែកចំនួន១១គ្រាប់ បានផ្ទុះឡើង ក្នុងខេត្តចំនួនប្រាំ នៅថៃ ក្នុងនោះរាប់បញ្ចូលទាំង ក្រុង ភូកេត និងក្រុងហួរហ៊ីន ដែលជាក្រុងមាត់សមុទ្រដ៏ល្បី ស្ថិតនៅភាគខាងត្បូងប្រទេសថៃ និងសម្បូរដោយទេសចរណ៍ រាប់សិបម៉ឺននាក់ កំពុងកំសាន្ដសម្រាកកាយ។ ការបំផ្ទុះគ្រាប់បែកនោះ បានបង្កឲ្យមានមនុស្សស្លាប់ ៤នាក់ និងមនុស្សរបួសរាប់សិបនាក់។ ពីក្នុងចំណោមអ្នករបួស មានដប់នាក់ ជាជនបរទេស។
ក្រុមអ្នកវិភាគ ក៏បានលើកឡើងដែរថា ហេតុការណ៍នេះអាចបណ្ដាលមកពីកំហឹងនយោបាយ របស់ក្រុមមនុស្សស្និត នឹងអតីតនាយករដ្ឋមន្ត្រី ទាំងពីរនាក់បងប្អូន លោក ថាក់ស៊ីន (Thaksin Shinawatra) និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដែលរងការបង្ក្រាប តាំងពីពីរឆ្នាំមកហើយ បន្ទាប់ពីរដ្ឋប្រហារយោធា ក្នុងខែឧសភា ឆ្នាំ២០១៤នោះមក។ សម្រាប់បងប្អូន ស៊ីណាវ៉ាត្រា ទាំងពីរនាក់វិញ បានប្រកាសថ្កោលទោស និងស្នើសុំឲ្យរកការពិត ទៅលើភេរវកម្មទាំងនេះ៕