ភេវរកម្មនៅទួរគី៖ នាយករដ្ឋមន្ត្រីអេដូហ្គង់ ចោទប្រទេសស៊ីរី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ ឧសភា ២០១៣
- កែប្រែចុងក្រោយ: May 13, 2013
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះបីមានការបកស្រាយពីរបបដាម៉ាសយ៉ាងណាក៏ដោយ ប្រទេសទួរគីនៅតែបន្តចង្អុលម្រាមដៃ ចោទប្រកាន់របបនេះដដែល។ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា នៅបន្ទាប់ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថា អ្នកប្រព្រឹត្តិអំពើភេវរកម្មទាំងពីរក្នុងថ្ងៃសៅរ៍នោះ មានជាប់ទាក់ទងនឹងអង្គការដែលគាំទ្ររបបស៊ីរីនោះ ឥឡូវនេះជាវេននាយករដ្ឋមន្ត្រីទួរគីខ្លួនឯងតែម្ដង ដែលថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងដាម៉ាស មានបំណងចង់ធ្វើឲ្យប្រទេសទួរគី ធ្លាក់ក្នុងគម្រោងការមួយប្រកបដោយគ្រោះអាសន្ន។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងអ៊ីស្តមប៊ូល លោកនាយករដ្ឋមន្ត្រីបានអំពាវនាវប្រជាពលរដ្ឋទួរគី ឲ្យបង្កើនភាពប្រុងប្រយ័ត្ន និងរក្សាភាពស្ងប់ស្ងាត់ នៅចំពោះការបង្កហេតុទាំងឡាយ ដែលចង់ទាញ់ប្រទេសទួរគី ទៅក្នុងបញ្ហានៅស៊ីរី។ សេចក្ដីថ្លែងការណ៍នេះ ទំនងជាចងឆ្លើយតបនឹងរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសស៊ីរី ដែលបានច្រានចោលនូវរាល់ការជាប់ពាក់ព័ន្ទរបស់ប្រទេសស៊ីរី ទៅក្នុងអំពើភេវរកម្មដែលបានសម្លាប់មនុស្ស៤៦នាក់ នៅក្រុងរ៉ីហានលី (Reyhanli) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែននៃប្រទេសទាំងពីរនោះ។
«យើងមានទុក្ខក្រៀមក្រំណាស់ នឹងការស្លាប់របស់ជនស្លូតត្រង់ នៅក្នុងក្រុងរ៉ីហានលី។ គេត្រូវសួរលោកអេដូហ្គង់ ពីអំពើទាំងនេះ។ គាត់នឹងគណបក្សរបស់គាត់ មានការទទួលខុសត្រូវដោយផ្ទាល់ នៅក្នុងរឿងនេះ។» នេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសស៊ីរី ដោយបានចោទលោកនាយរដ្ឋមន្ត្រីទួរគីថាជាឃាតករដៃដល់។ ភេវរកម្មបំផ្ទុះគ្រាប់បែកទាំងពីរ កាលពីថ្ងៃសៅរ៍ ជាការវាយប្រហារដ៏រង្គាលជាងគេ បើគិតតាំងពីរាប់ឆ្នាំមកហើយ នៅទួរគី។
រដ្ឋាភិបាលនៃប្រទេសទួរគី ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់ក្រុងដាម៉ាសនោះ បានងាកមកគាំទ្រក្រុមប្រឆាំង និងពួកអ្នកបះបោរស៊ីរី ដែលកំពុងធ្វើការប្រឆាំងនឹងប្រធានាធិបតី លោកបាលឆា អាលអាសាធ (Bachar al-Assad)វិញ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី បាននិយាយទៀតថា «មនុស្សនិងអង្គការដែលបានដឹកនាំការវាយប្រហារ ត្រូវបានគេដឹងពីអត្តសញ្ញាណ។ គេដឹងទៀតថា មានការជាប់ទាក់ទងនឹងអង្គការចាត់តាំង ដែលគាំទ្ររបបស៊ីរីសព្វថ្ងៃ និងភ្នាក់ងារស៊ើបអង្កេតរបស់ប្រទេសនេះ។»
សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ មនុស្សសង្ស័យចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន៕