ក្រុមប្រឆាំងនៅស៊ីរីប្រយុទ្ធគ្នាឯងស្លាប់ច្រើននាក់ ចុងសប្ដាហ៍នេះ
- ដោយ: សេក មនោរកុមារ ([email protected]) - ថ្ងៃទី០៥ តុលា ២០១៣
- កែប្រែចុងក្រោយ: October 05, 2013
- ប្រធានបទ: វិបត្តិស៊ីរី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អំពើហឹង្សានេះ បានផ្ទុះឡើងខ្លាំងរវាងក្រុម ដែលប្រឆាំងនឹងរបប របស់លោក បាឆារ អែលអាសាធ (Bachar el-Assad) ប្រធានាធិបតីស៊ីរីបច្ចុប្បន្ន ជុំវិញការដណ្ដើមមកគ្រប់គ្រង នូវទឹកដីជាប់ព្រំដែនមួយចំនួន។ កងស្ម័គ្រប្រយុទ្ធនិយមអ៊ីស្លាម ដែលមានចំនួនកើនឡើង នៅក្នុងចំណោមក្រុមឧទ្ទាមនោះ ក៏បានជួបប្រយុទ្ធគ្នាជាញឹកញាប់ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរីដែរ ដោយបានធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនរយនាក់។
ក្រុមសកម្មជនឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា ការប្រយុទ្ធដ៏ស្រួចស្រាវ នៅថ្ងៃសុក្រទី០៤ខែតុលានេះ នៅក្នុងភូមិអាហ្សាស (Azaz) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយប្រទេសទួគីរ រវាងក្រុមនិយមអ៊ីស្លាមដែលស្និតនឹងបណ្ដាញភេវរនិយម អាល់ កៃដា (Al-Qaïda) ទល់នឹងកងទ័ពសេរីស៊ីរី ដែលទទួលបានការជួយឧបត្ថម្ភ ពីសំណាក់មហាអំណាចធំៗ នៅបស្ចឹមលោក។
ចំណែកឯនៅទីក្រុងដាម៉ាសឯណេះវិញ ក្រុមអធិការកិច្ចនៃអង្គការសហប្រជាជាតិ កំពុងធ្វើការងាររបស់ខ្លួននៅនឹងកន្លែង សម្រាប់ថ្ងៃទី៤របស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃការរំសាយចោលនូវអាវុធគីមី របស់ប្រទេសនេះ។ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានផ្ដល់បេសកកម្មនេះទៅឲ្យក្រុមអធិការកិច្ចនេះ ដើម្បីធ្វើការរបស់ខ្លួន កាលពីសប្ដាហ៍មុន។ ក្រុមអ្នកជំនាញទាំងនេះ មានពេលរហូតដល់ថ្ងៃទី០១ខែវិច្ឆិការខាងមុខ ដើម្បីរំសាយចោលអាវុធគីមី របស់ប្រទេសស៊ីរី និងបំផ្លាញចោលនូវរាល់ឃ្លាំងផ្ទុកទាំងអស់ នៃរបបលោក អែលអាសាធ ពីពេលនេះរហូតដល់រដូវក្ដៅឆ្នាំក្រោយ។
ប្រទេសរ៉ូស្សី ដែលជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់របបក្រុងដាម៉ាស បានសម្រេចជាមួយសហរដ្ឋអាមេរិក នូវការយោគយល់គ្នាមួយ ដោយបានបញ្ជៀសនូវការវាយប្រហាររបស់សហរដ្ឋអាមេរិក តាមផ្លូវអាកាសណាមួយប្រឆាំងរបបលោក អែលអាសាធ ដើម្បីជាការឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមីនេះ ដែលធ្វើឲ្យមនុស្សជាច្រើនរយនាក់បាត់បង់ជីវិត កាលពីខែមុន។
ដោយឡែកលោកប្រធានាធិបតីស៊ីរី លោក បាឆារ អែលអាសាធ បានថ្លែងបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ឯកជនមួយ របស់ប្រទេសទួគីរ ថាវាដូចជាឆាប់ពេក ក្នុងការនិយាយពីការឡើងឈរ ជាបេក្ខជនប្រធានាធិបតីថ្មី នៅក្នុងការបោះឆ្នោតនាឆ្នាំខាងមុខ។ តែលោកនៅតែនិយាយឲ្យដឹងថា លោកនឹងឡើងធ្វើបន្តទៅទៀត ប្រសិនប្រើប្រជាជនស៊ីរី«ភាគច្រើន» ចង់ឲ្យលោកធ្វើ៕