វីដេអូថ្មី៖ ISISឲ្យក្មេងសម្លាប់ទាហានស៊ីរី២៥នាក់ នៅមុខប្រាសាទ
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៥ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 06, 2015
- ប្រធានបទ: ភេរវជន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអង្គការរដ្ឋអ៊ីស្លាម បានបង្ហោះវីដេអូថ្មីមួយ កាលពីថ្ងៃសៅរ៍ទី៤ ខែកក្កដានេះ បង្ហាញពីការបាញ់សម្លាប់ ក្រុមទាហាននៃប្រទេសស៊ីរី ចំនួន២៥នាក់ ដោយក្មេងជំទង់ ដែលជាសមាជិករបស់ខ្លួន។ ការបាញ់សម្លាប់ បានប្រព្រឹត្តិទៅ នៅក្នុងរោងល្ខោនបូរាណ នៃក្រុង ប៉ាមៀរ ភាគកណ្ដាលនៃប្រទេសស៊ីរី និងទំនងជាបានធ្វើឡើង នៅក្រោយបន្តិច នៃការដណ្ដើមកាន់កាប់ ទីក្រុងបូរាណនេះបាន កាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ។
វីដេអូ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានឃើញដែរនេះ មានរយៈពេលជិត១០នាទី ហើយត្រូវបានផ្សព្វផ្សាយដំបូងគេ នៅតាមបណ្ដាញទូរទស្សន៍ របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ប្រចាំនៅខេត្ត ហ៊ូម (Homs) របស់ប្រទេសស៊ីរី។ គេឃើញទាហានប្រមាណជា ២៥នាក់ ដែលស្ថិតនៅក្នុងឯកសណ្ឋាន ត្រូវបានសម្លាប់ ដោយបាញ់ នឹងគ្រាប់កាំភ្លើង ពីក្រោយក្បាល នៅកណ្ដាលប្រាង្គប្រាសាទ ដ៏ចំណាស់ តាំងពីរាប់ពាន់ឆ្នាំមុន។
នៅពីក្រោយការបាញ់សម្លាប់នោះ ក្រុមភេរវជនទាំងនេះ បានដាក់តាំងបង្ហាញ នូវទង់របស់ខ្លួនយ៉ាងធំ ហើយអ្នកដែលត្រូវ មកបាញ់សម្លាប់ទាហានទាំងនេះ សុទ្ធសឹងជាក្មេងជំទង់។ ពីក្នុងចំណោមនោះ ក្មេងជំទង់ខ្លះ ទំនងជាមានវ័យ នៅក្មេងជាទីបំផុត។
នៅមុនបាញ់សម្លាប់ សមាជិកកងស្ម័គ្រប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ម្នាក់ បានឡើងមក ធ្វើការចោទប្រកាន់ ក្រុមទាហានទាំងនេះ ថាជា«ក្រុមក្បត់» ដែលស្និតនឹងប្រធានាធិបតីស៊ីរីសព្វថ្ងៃ លោក បាឆារ អាល-អាសាធ (Bachar Al-Assad)។ បើតាមរូបភាពដដែលនេះ បានបង្ហាញទៀតថា ឈុតឆាកនៃការបាញ់សម្លាប់ បានប្រព្រឹត្តិទៅ ក្រោមក្រសែភ្នែក មនុស្សជាច្រើនសិបនាក់ រួមជាមួយនឹងកុមារផង ដែលអង្គុយនៅជណ្ដើរថ្នាក់ៗ នៃរោងល្ខោន៕