សម្ដេចសង្ឃកាតូលីកថ្មី ជាជនជាតិអាហ្សង់ទីន យកនាម ហ្វ្រង់ស៊័រទី១
សម្ដេចសង្ឃកាតូលីកថ្មី ដែលយកព្រះនាមថ្មី ហ្វ្រង់ស៊័រទីមួយ (François Ier) ជាជនជាតិអាហ្សង់ទីន។ ព្រះអង្គមានព្រះ-នាមដើមថា ហ្សច ម៉ារីយ៉ូ ប៊ែរហ្សូចលីយ៉ូ (Jorge Mario Bergoglio) ជានាយកបុព្វជិកនៅក្នុងប្រទេសព្រះអង្គ និងត្រូវបានព្រះវិហារកាតូលីកកណ្ដាល នៅទីក្រុងវ៉ាទីកង់ ជ្រើសតាំងជាសម្ដេចសង្ឃនៅយប់ម៉ោង០៨ នៃថ្ងៃទី១៣ខែមិនា។
សម្ដេចសង្ឃកាតូលីក ហ្វ្រង់ស៊័រទីមួយ ថ្លែងពាក្យដំបូងទៅកាន់បណ្ដាជន។
សម្ដេចសង្ឃថ្មី បានចេញបង្ហាញខ្លួន នៅលើរាលហាននៃព្រះវិហា ស៊ាំង ពីជែរ (Saint-Pierre) ហើយបានបន្លឺវាចាជាលើកដំបូង ទៅកាន់អ្នករងចាំព្រះអង្គរាប់សិបពាន់នាក់ នៅលើទីលាននៅខាងមុខ។
«វាទំនងជាសមាជិកគណសង្ឃទាំងអស់ បានធ្វើដំណើរទៅកាន់ ទីចុងបំផុតមួយនៃផែនដី ដើម្បីស្វែងរកខ្ញុំ» [...]