FBI នឹងយកករណីភេរវកម្មនៅប្រ៊ុយសែលមកអង្កេត បន្ទាប់ពីមានជនអាមេរិករងរបួស
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២២ មីនា ២០១៦
- កែប្រែចុងក្រោយ: March 23, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ដោយសារមានជនរងគ្រោះ ជាជនជាតិអាមេរិក និងជាមនុស្សរបស់សហរដ្ឋអាមេរិក នៅក្នុងភេរវកម្មពីរកន្លែង (កាលពីព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា) នៅក្នុងប្រទេសប៊ែលហ្សិក ទើបករណីនេះ នឹងត្រូវស៊ើបអង្កេត ដោយ "FBI" ដែលមកពីកងកម្លាំងប្រឆាំងភេរវកម្ម របស់ក្រុងញ៉ូយក» នេះជាការថ្លែងឲ្យដឹង របស់លោក ចន មីល័រ (John Miller) នៅក្នុងសន្និសីទការសែត ក្នុងរសៀលថ្ងៃអង្គារដដែលនេះ។
លោក មីល័រ បានបន្ថែមថា គណៈប្រតិភូមួយក្រុម នឹងអាចចេញដំណើរ ទៅកាន់ប្រទេសប៊ែលហ្សិក ក្នុងយប់ថ្ងៃអង្គារនេះ ឬនៅថ្ងៃស្អែកយ៉ាងយូរ។
អ្នកផ្សព្វផ្សាយសាសនា របស់ព្រះវិហារ ម័រមូន (Mormon - សាសនានៅអាមេរិក ដែលប្រហាក់ប្រហែល នឹងគ្រឹស្ទ៍សាសនាដែរ) ចំនួន៤នាក់ បានរងរបួស ក្នុងនោះ៣នាក់របួសធ្ងន់ នៅក្នុងភេរវកម្មពីរកន្លែង នៅរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ដែលប្រកាសទទួលស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។ បន្ថែមពីលើនេះ ទាហានមួយរូប នៃកងទ័ពអាកាសអាមេរិក ក៏បានរងរបួសដែរ នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់ខាងលើ។
រីឯក្រសួងការបរទេសអាមេរិកវិញ បានបដិសេធ មិនធ្វើអាត្ថាធិប្បាយ ទៅលើចំនួនជនរងគ្រោះអាមេរិក នោះឡើយ។ នៅតាមរដ្ឋធានី និងបណ្ដាទីក្រុងធំៗ ជាពិសេសទីក្រុង ញ៉ូយក របស់អាមេរិក ការចាត់វិធានការ ក្នុងការរឹតបន្តឹងសន្តិសុខ បានកើនឡើងយ៉ាងខ្លាំង ជាពិសេស នៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ និងតាមព្រលានយន្ដហោះ។ លោក ចន មីល័រ បានបន្តពន្យល់ថា៖ «ចាប់ពីអំពើភេរវកម្ម បានកើតឡើង យើងបានទាក់ទងជាប្រចាំ ជាមួយនឹងដៃគូរបស់យើង នៅត្រើយម្ខាងទៀត នៃមហាសមុទ្រអាត្លង់ទិក»។
ភេរវកម្មពីរកន្លែង ដែលបានវាយប្រហារទីមួយ ទៅលើច្រកចូលនៃព្រលានយន្ដហោះ និងការវាយប្រហារទីពីរ ទៅលើស្ថានីយ៍រថភ្លើងក្រោមដី របស់រាជធានីប្រ៊ុយសែល បានបណ្ដាលឲ្យមានជនរងគ្រោះ ច្រើនរយនាក់ ក្នុងនោះយ់ាងហោច ៣៤នាក់បានស្លាប់ និង២៣០នាក់បានរងរបួស។
វាយប្រហារប៊ែលហ្សិក តែឈឺដល់អ៊ឺរ៉ុបទាំងមូល...
ការវាយប្រហារ ដែលប្រកាសទទួលស្គាល់ ដោយក្រុមភេរវនិយម «រដ្ឋអ៊ីស្លាម» ត្រូវបានថ្កោលទោស ពីគ្រប់ទិសទី នៅក្នុងពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេស ដែលជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប។ រដ្ឋមន្ត្រីដែលទទួលបន្ទុកការងារអ៊ឺរ៉ុប នៃប្រទេសជាសមាជិកទាំងនេះ អាចនឹងធ្វើការជួបប្រជុំគ្នា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ខាងមុខ ដើម្បីជជែកពីការវាយប្រហារខាងលើ និងផ្ដល់ការគាំទ្រ ទៅឲ្យប្រទេសប៊ែលហ្សិក។ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីសន្តិសុខជាតិ របស់ប្រទេសហូឡង់ ដែលបានថ្លែងឡើង ក្នុងនាមប្រទេសហូឡង់ ជាប្រធានប្ដូរវេន របស់សហគមន៍អ៊ឺរ៉ុប នៅថ្ងៃអង្គារនេះ៕