យន្ដហោះ​ប្រដេញ F-15 អាមេរិក​មួយ​គ្រឿង ធ្លាក់​ក្នុង​សមុទ្រ​ខាង​ត្បូង​ជប៉ុន

យន្ដហោះប្រដេញមួយគ្រឿង របស់កងទ័ពអាមេរិក ប្រភេទ «F-15» បានធ្លាក់បោកខ្លួន នៅក្នុងសមុទ្រភាគខាងត្បូង នៃប្រទេសជប៉ុន នៅថ្ងៃចន្ទម្សិលម៉ិញនេះ។ សំណាងល្អ អ្នកបើកបរ​បានចុចគន្លឹះទាន់ពេល ដើម្បីបង្ហោះខ្លួន​ចេញពីយន្ដហោះ។
យន្ដហោះ​ប្រដេញ F-15 អាមេរិក​មួយ​គ្រឿង ធ្លាក់​ក្នុង​សមុទ្រ​ខាង​ត្បូង​ជប៉ុន
រូបជំនួស៖ យន្ដហោះប្រដេញប្រភេទ «F-15» ផលិតនៅអាមេរិក តែជារបស់កងទ័ពអ៊ីស្ត្រាអែល។ (រូបថតឯកសារ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 12, 2018
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក «Itsunori Onodera» បានប្រកាសឲ្យដឹងថា យន្ដហោះប្រដេញ ប្រភេទ «​F-15» របស់កងទ័ពអាមេរិក បានធ្លាក់បោកខ្លួន នៅក្នុងសមុទ្រខាងត្បូង  នៃកោះ «Okinawa» របស់ប្រទេសជប៉ុន។ អ្នកបើកបរយន្ដហោះ ដែលបានចុចបង្ហោះខ្លួនទាន់ពេល ចេញពីយន្ដហោះនោះ ត្រូវបាននាវាកងទ័ពជប៉ុន ជួយសង្គ្រោះ​ចេញ​ពីទឹកសមុទ្រ​ហើយ។

លោក «Itsunori Onodera» បានថ្លែងឲ្យដឹងថា អ្នកបើកបរយន្ដហោះប្រដេញខាងលើ ដែលជាទាហាន នៃមូលដ្ឋានយោធា «Kadena» របស់អាមេរិក បានចុចបង្ហោះខ្លួន ចេញពីយន្ដហោះ នៅត្រង់ចំណុចមួយ ដេលមានចំងាយប្រមាណ ជា៨០គីឡូម៉ែត្រ ក្នុងភាគខាងត្បូង នៃក្រុង «Naha» ដែលទីក្រុងរបស់កោះ «Okinawa» ស្ថិតនៅភាគខាងត្បូងបំផុត នៃប្រទេសជប៉ុន។

លោករដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីទទួលបានដំណឹង ពីគ្រោះថ្នាក់យន្ដហោះនេះរួច កងទ័ពជើងទឹកជប៉ុន បានរកឃើញអ្នកបើកបរយន្ដហោះ នៅប្រមាណជា១ម៉ោងក្រោយមក។ លោកថា អ្នកបើកបរយន្ដហោះប្រដេញរូបនោះ មិនទទួលការប៉ះពាល់ ដល់ជីវិតទេ។ ប៉ុន្តែបើតាមទូរទស្សន៍ជប៉ុន «NHK» បានអះអាងថា អ្នកបើកបរបានបាក់ជើងម្ខាង។

នៅក្នុងពេលភ្លាមៗនេះ មូលហេតុដែលបណ្ដាល ឲ្យយន្ដហោះប្រដេញដ៏ទំនើបមួយនេះ ធ្លាក់បោកខ្លួន នៅមិនទាន់ឲ្យដឹងនៅឡើយ។ លោក «Itsunori Onodera» បានបញ្ជាក់ថា៖ «ខ្ញុំបានស្នើទៅកងទ័ពអាមេរិក ឲ្យបញ្ជូនរបាយការណ៍ ស្ដីពីការធ្លាក់យន្ដហោះនេះ និងឲ្យចាត់វិធានការ ផ្នែកសុវត្ថិភាព ដើម្បីបញ្ជៀស កុំឲ្យគ្រោះថ្នាក់របៀបនេះ កើតឡើងជាថ្មីទៀត»។

«Kadena» ជាមូលដ្ឋានយោធាធំជាងគេបង្អស់ របស់កងទ័ពអាមេរិក នៅលើទឹកដីជប៉ុន ហើយគ្រោះថ្នាក់ធ្លាក់យន្ដហោះរបៀបនេះ តែងកើតឡើងជារឿយៗ នៅក្នុងតំបន់។ ប្រជាជនជប៉ុន​លើកោះ «Okinawa» បានសំដែងភាពសៅហ្មងរបស់ផងខ្លួន មិនតិចដងទេ នៅចំពោះគ្រោះថ្នាក់ធ្លាក់យន្ដហោះ ឬឧទ្ធម្ភាគចក្រ ក៏ដូចជាងរឿងរ៉ាវផ្សេងទៀត ដែលបង្កឡើង ដោយទាហានអាមេរិក ចេញពីមូលដ្ឋានយោធានោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...