អ្នក​កាន់​ចង្កូត​យន្ដហោះ​ម្នាក់ ស្រវឹង​ដល់​ថ្នាក់​លែង​ដឹង​ខ្លួន​ក្នុង​បន្ទប់​បើកបរ

អ្នកបើកបរយន្ដហោះមួយរូប របស់ក្រុមហ៊ុនអាកាសចរណ៍ «Sunwing Airlines» ត្រូវបានអាជ្ញាធរ​កាណាដា​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃសៅរ៍ ក្នុងព្រលាន​យន្ដហោះ ក្រុង «Calgaray (ភាគកណ្ដាលខាងលិច នៃប្រទេស​កាណាដា) បន្ទាប់​ពី​ក្រុម​បុគ្គលិក បម្រើការលើយន្ដហោះ បានរកឃើញអ្នក​កាន់ចង្កូត​យន្ដហោះរូបនេះ កំពុង​ស្រវឹង​​លែង​ដឹង​ស្មារតី នៅក្នុងបន្ទប់បើកបរ នៅ​ប៉ុន្មាន​នាទី​​មុន​ជើង​ហោះហើរ​​មួយ របស់​ក្រុមហ៊ុន។
អ្នក​កាន់​ចង្កូត​យន្ដហោះ​ម្នាក់ ស្រវឹង​ដល់​ថ្នាក់​លែង​ដឹង​ខ្លួន​ក្នុង​បន្ទប់​បើកបរ
យន្ដហោះប៊ូអីង របស់ក្រុមហ៊ុន «Sunwing Airlines» បានកម្ដៅម៉ាស៊ីនប្រតិកម្មរបស់ខ្លួន នៅក្រោមសីតុណ្ហភាព -២០អង្សាក្រោមសូន្យ នៅប្រទេសកាណាដា។ (រូបថត JP Richard)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ០២ មករា ២០១៧
  • កែប្រែចុងក្រោយ: January 03, 2017
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះមហន្តរាយ ! ប្រសិនជាមានជនប្រមឹកម្នាក់ ឡើងទៅកាន់ចង្កូតយន្ដហោះ... ប៉ុន្តែ គ្រោះដ៏អាក្រក់នេះ ត្រូវ​បាន​បញ្ឈៀស បន្ទាប់ពីក្រុម​បុគ្គលិក​បម្រើការ នៅលើយន្ដហោះ បានរក​ឃើញ​អ្នក​បើកបរ​របស់ខ្លួន កំពុង​ស្ថិត​ក្នុង​ភាព​ស្រវឹង និងបានងោកងុយមិនដឹងខ្លួន នៅក្នុងបន្ទប់បើកបរយន្ដហោះ។

សារព័ត៌មានកាណាដា ឈ្មោះ «Journal de Montréal» បានរាយការណ៍ថា នៅព្រឹកថ្ងៃសៅរ៍ យន្ដហោះនោះ បានត្រៀមងើបខ្លួន ហោះចេញ​ពីព្រលាន​យន្ដហោះ ក្រុង «Calgaray (ស្ថិតនៅភាគកណ្ដាលខាងលិច នៃ​ប្រទេស​កាណាដា)» ឆ្ពោះទៅចុះចត នៅព្រលានយន្ដហោះ ក្រុង «Cancun» ដែលស្ថិត​នៅឆ្នេរ​សមុទ្រ​ខាងកើត នៃ​ប្រទេស​ម៉ិចស៊ិក។ សារព័ត៌មានបានសរសេរថា នៅខណៈពេល​ដែលអ្នកដំណើរ ប្រមាណជា៩៩នាក់ កំពុង​ចូល​មក​កាន់​កន្លែង​អង្គុយរបស់ពួកគេរៀងៗខ្លួន ដំណើរទ្រេតទ្រោតរបស់អ្នកបើកបរយន្ដហោះម្នាក់ ពីក្នុង​ចំណោម​អ្នក​បើកបរ​ពីរ​នាក់ បានបង្កចំងល់ ដល់ក្រុម​បុគ្គលិក​បម្រើការ នៅលើយន្ដហោះ។

បន្ទាប់ពីរកឃើញថា អ្នកកាន់ចង្កូតយន្ដហោះ​រូបនេះ បានចូលមកក្នុងបន្ទប់បើកបរ ទាំងមិនដឹងស្មារតីនោះ ក្រុម​បុគ្គលិកបានរាយការណ៍ ប្រាប់ទៅ​អាជ្ញាធរ។ ស្នងការនគរបាលក្រុង «Calgaray» ក៏បានបញ្ជាក់ដែរ នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានមួយ នៅពេលក្រោយមកថា ការត្រួតពិនិត្យ​ឈាម ទៅ​អ្នក​បើកបរ​​យន្ដហោះខាងលើ បាន​បញ្ជាក់​ពី​វត្តមាន​នៃ «សារជាតិអាកុល» យ៉ាងខ្ពស់។

រីឯជើងហោះហើរវិញ បានប្រព្រឹត្តិទៅ ដោយគ្មានហេតុភេទអ្វីទេ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ បាន​ជំនួស​អ្នក​បើកបរស្រវឹង (ដែលត្រូវបាន​បញ្ឈរជើង) ដោយអ្នកបើកបរម្នាក់ទៀត។ ក្រុមហ៊ុន «Sunwing Airline» បាន​ប្រកាស នៅក្នុងបណ្ដាញសង្គម ស្នើសុំការអភ័យទោស ពីសំណាក់អ្នកដំណើរ។ ក្រុមហ៊ុន​បាន​សរសេរថា៖ «យើង​ខ្ញុំ​មាន​ការសោកស្ដាយណាស់ ចំពោះហេតុការណ៍នេះ ដែលអាចឲ្យមានភាពរំខាន។ ហើយយើងខ្ញុំ ក៏​សូម​អះអាង​សារ​ជា​ថ្មី​​ដែរ​ថា សុវត្ថិភាព (នៃការហោះហើរ) ស្ថិតនៅជាអាទិភាពយើង សំខាន់​ជាង​អ្វី​ទាំង​អស់»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...