ធ្លាក់​យន្ដហោះ MH17៖ គ្រួសារ​ជន​រងគ្រោះ​ប្ដឹង​ទារ​សំណង​រាប់​លាន​ពី​រ៉ូស្ស៊ី

ក្រុមគ្រួសារសាច់​ញាតិ នៃជនងគ្រោះនៅក្នុងយន្ដហោះប៊ូអីង បស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលត្រូវ​បាន​បាញ់​ទម្លាក់ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៤ លើទឹកដីភាគខាងកើត របស់​ប្រទេស​អ៊ុយក្រែន បាន​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ដែល​មាន​ចំនួនទឹក​ប្រាក​រាប់រយ​​លាន​ដុល្លារ ពី​ប្រទេស​​រ៉ូស្ស៊ី និង​ពី​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine)។
ធ្លាក់​យន្ដហោះ MH17៖ គ្រួសារ​ជន​រងគ្រោះ​ប្ដឹង​ទារ​សំណង​រាប់​លាន​ពី​រ៉ូស្ស៊ី
គំនូសបង្ហាញ ពីទិដ្ឋភាពដែលកាំជ្រួចបានបំផ្ទុះ កំទេចយន្ដហោះ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២២ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 23, 2016
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សចំនួន៣៣នាក់ មកពីប្រទេសអូស្ត្រាលី ម៉ាឡេស៊ី និងប្រទេសញ៉ូហ្សេឡេន បានដាក់ពាក្យ​បណ្ដឹង​ តាម​រយៈ​ការិយាល័យមេធាវីមួយ នៃប្រទេសអូស្ត្រាលី ទៅកាន់តុលាការអ៊ឺរ៉ុប ទទួលបន្ទុកខាងសិទ្ធិ​មនុស្ស ស្ថិត​ក្នុងក្រុង ស្ត្រាស្បួរ (Strasbourg ប្រទេសបារាំង) ដើម្បីទាមទារសំណងជំងឺចិត្ត ច្រើនរយលាន​ដុល្លារ ពី​ប្រទេស​រ៉ូស្ស៊ី និងពីប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ទាក់ទងនឹងការធ្លាក់យន្ដហោះប៊ូអីង ដែល​មាន​ជើង​ហោះហើរ​លេខ «MH17» របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ កាលពីខែកក្កដា ឆ្នាំ២០១៤។ នេះបើ​តាម​ការ​ផ្សាយ​ឲ្យ​ដឹង របស់គេហទំព័រមួយ របស់ស្ថានីយទូរទស្សន៍ «NOS» នៃប្រទេសហូឡង់ ក្នុងចុង​សប្ដាហ៍​នេះ។

ជនទាំង៣៣នាក់នោះ សុទ្ធសឹងជាគ្រួសារញាតិសាច់​​របស់ជនរងគ្រោះ ដែលស្ថិតនៅក្នុងយន្ដហោះ ដែល​​ត្រូវ​បាន​របាយការណ៍ស៊ើបអង្កេតរបស់ប្រទេសហូឡង់ អះអាងថា បានរងការបាញ់ទម្លាក់ ដោយ​កាំជ្រួច​បាញ់​ចេញ​ពី​ដី។ ពួកគេម្នាក់ៗ សុទ្ធតែបានទាមទារសំណង ជាទឹកប្រាក់ចំនួន១០លានដុល្លារ ពីប្រទេសរ៉ូស្ស៊ី។

បើតាមទូរទស្សន៍ «NOS» ដដែល បានអះអាងទៀតថា ក្រុមគ្រួសារជនរងគ្រោះ បានចោទ​ប្រទេស​មហា​អំណាច និង​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន ថាបានខិតខំប្រើគ្រប់វិធីសាស្ត្រទាំងអស់ ដើម្បីបិតបាំងនូវតួនាទី​របស់​​ប្រទេស​​រ៉ូស្ស៊ី នៅក្នុងការធ្លាក់យន្ដហោះនេះ។ ជាពិសេសបានចោទរដ្ឋាភិបាលរ៉ូស្ស៊ី ថាមិនបានបញ្ជា​​ឲ្យ​មាន​​ការ​​ស៊ើប​​អង្កេត​​ផ្ទៃក្នុង​​របស់ខ្លួន និងបានបដិសេធការចូលរួមសហការ នៅក្នុងការសាងសង់ឡើងវិញ នូវ​គំរូ​បន្ទប់​បើកបរ​យន្ដហោះ ដែល​បាន​ធ្លាក់។

យន្ដហោះប្រភេទប៊ូអ៊ីង (Boeing 777) ដែលមានជើងហោះហើរលេខ «MH17» របស់ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ ជា​មួយ​នឹងអ្នកដំណើរ ២៩៨នាក់ (ភាគច្រើនជាជនជាតិហូឡង់) បានផ្ទុះធ្លាក់​នៅលើទឹកដី​ភាគ​ខាង​កើត នៃ​ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។ នៅពេលនោះ ទឹកដីភាគខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន បាន​រង​នូវ​ការ​វាយ​ប្រហារគ្នា​យ៉ាងខ្លាំងក្លា រវាងកងទ័ពអ៊ុយក្រែន និងក្រុមនិយមបំបែកទឹកដី ដែល​ស្និត​នឹង​ប្រទេស​រ៉ូស្ស៊ី។

» អានរបាយការណ៍នោះឡើងវិញ៖ MH17៖ ​«កាំជ្រួច​រ៉ូស្សី» ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់

របាយការណ៍ស៊ើបអង្កេតមួយ​របស់ប្រទេសហូឡង់ បានអះអាងថា យន្ដហោះស៊ីវិលដឹកអ្នកដំណើរមួយនេះ ត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួចបាញ់ចេញពីតំបន់មួយ ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រុម​និយម​បំបែក​ទឹកដី​អ៊ុយក្រែន។ ប៉ុន្តែរបាយការណ៍នោះ នៅមិនទាន់អះអាង ថានរណាម្នាក់ ឬក្រុមណាមួយ ជាអ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការ​បាញ់​កាំជ្រួចនេះនៅឡើយ។ យ៉ាងណា សម្រាប់ប្រទេសរ៉ូស្ស៊ីវិញ បានប្រកាសច្រាន​ចោល​ការ​រក​ឃើញ​នោះ និង​បានចាត់ទុករបាយការណ៍ ថាត្រូវបានសរសេរឡើង ដើម្បីបង្កាច់បង្ខូចប្រទេសរ៉ូស្ស៊ី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...