យន្ដហោះបាត់ខ្លួន៖ ស្ដាប់ឮរលកសញ្ញា និងឃើញវត្ថុអណ្ដែត ថ្មីទៀត
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីនាវាចិន Haixun 01 បានទទួលរលកសញ្ញា ប្រហាក់ប្រហែលនឹងរលកសញ្ញា របស់ប្រអប់ខ្មៅនៃយន្ដហោះប៊ូអីង ៧៧៧ រលកសញ្ញានេះ ត្រូវបានស្ដាប់លឺជាថ្មីម្ដងទៀត ដោយនាវារុករករបស់ប្រទេសអូស្ត្រាលីម្ដង។ នៅមួយថ្ងៃក្រោយ គឺនៅថ្ងៃអាទិត្យទី៦ ខែមេសានេះ យន្ដហោះរបស់កងទ័ពអាកាសនៃប្រទេសចិន ដែលបានទៅចូលរួមស្វែងរកយន្ដហោះបាត់ខ្លួនដែរនោះ បានរកឃើញវត្ថុថ្មីៗជាច្រើន អណ្ដែតលើផ្ទៃសមុទ្រ។
រូបថត ពីលើយន្ដហោះ ដែលត្រូវបានបញ្ជូនឲ្យទៅរុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)
បាត់យន្ដហោះ - នាវា អូសៀន សៀល (Ocean Shield) របស់ប្រទេសអូស្ត្រាលី ដែលបំពាក់ទៅដោយឧបករណ៍តាមរកប្រអប់ខ្មៅ របស់អាមេរិក បានចាប់បាននូវរលកសញ្ញាមួយ។ នេះបើតាមការអះអាងរបស់ លោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) អតីតនាយទាហានអូស្ត្រាលី ដែលដឹកនាំការសម្របសម្រួល (JACC) នៃបណ្ដាប្រទេសចូលរួមនៅក្នុងយុទ្ធនាការស្វែងរក យន្ដហោះនៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ នៅមិនទាន់ធ្វើសេចក្ដីសន្និដ្ឋាន ថារលកសញ្ញាទាំងនោះ អាចជារលកសញ្ញាដែលផ្ដល់ដោយ ប្រអប់ខ្មៅនៃយន្ដហោះ ប៊ូអីង ៧៧៧ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមិនាមកនោះទេ។ ពួកគេបារម្ភថា រលកសញ្ញានេះ អាចជារលកសញ្ញា«បំពុល»មួយ ដែលអាចកើតមានជាធម្មតានៅក្រោមសមុទ្រ។
កាលពីថ្ងៃសៅរ៍ នាវាចិន Haixun 01 ដែលឈរជើងលើចំនុចរុករក បានថតទុកនូវរលកសញ្ញាកម្រិត 37,5 kHz នៅក្នុងមួយវិនាទី ដែលមានលក្ខណៈដូចគ្នា ទៅនឹងរលកសញ្ញាផ្ដល់ដោយប្រអប់ខ្មៅ របស់យន្ដហោះបាត់ខ្លួន។ រលកសញ្ញានេះ បានកើតឡើងនៅប្រមាណជា២០ឌឺក្រេ នៃខ្សែបន្ទាត់ទទឹងខាងត្បូង និង១០ឌឺក្រេ នៃខ្សែបន្ទាត់បណ្ដោយខាងកើតរបស់ផែនដី ផ្នែកខាងត្បូងនៃមហាសមុទ្រឥណ្ឌា (មើលរូបខាងក្រោម)។
រីឯទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ចិន ស៊ីនហួរ វិញ ក៏បានធ្វើសេចក្ដីរាយការណ៍ចុងក្រោយដែរ ថាយន្ដហោះកងទ័ពអាកាសរបស់ចិន បានរកឃើញសារជាថ្មីទៀត នូវវត្ថុពណ៌សរជាច្រើន អណ្ដែតរាយប៉ាយនៅលើផ្ទៃសមុទ្រ ក្នុងតំបន់រុករក ចម្ងាយប្រមាណជាជាង១០គីឡូម៉ែត្រប៉ុណ្ណោះ ពីចំណុចដែលសម្លេងរលកសញ្ញាត្រូវបានស្ដាប់លឺ។ យន្ដហោះបានថតរូបពីវត្ថុទាំងនោះ ប្រមាណជា២០នាទី បន្ទាប់ពីបានរកឃើញ នៅវេលាម៉ោង ១១ និង ៥នាទី ម៉ោងនៅនឹងកន្លែង។ អ្នកបើកបរយន្ដហោះ បានរាយការណ៍ការរកឃើញរបស់ក្រុមខ្លួននេះរួចហើយ ទៅកាន់ការិយាល័យសម្របសម្រួលនៃបេសកកម្មរុករកនេះ ដែលមានទីតាំងក្នុងទីក្រុងផើត (Perth) ភាគខាងលិចនៃកោះអូស្ត្រាលី។
សូមបញ្ជាក់ដែរថា យន្ដហោះរុករក បានចេញពីព្រលានយន្ដហោះអន្តរជាតិ ទីក្រុងផើត នៅម៉ោង៦និង៤នាទីព្រឹក ហើយបានទៅដល់តំបន់រុករក នៅម៉ោង៩ និង៥៥នាទី ដែលមានចម្ងាយប្រមាណជា២៧០០គីឡូម៉ែត្រ ពីឆ្នេរខាងលិចរបស់ប្រទេសអូស្ត្រាលី។ យន្ដហោះនេះបានវិលត្រឡប់មកវិញ នៅម៉ោង២ និង២០នាទីរសៀល ដែលទំនងជាមកពីលក្ខខ័ណ្ឌនៃការរុករក មានភាពពិបាកខ្លាំង ព្រោះមានខ្យល់បក់ រលកធំៗ និងពពកក្រាស់នៅទាបៗ។
យន្ដហោះប៊ូអីង ៧៧៧ ភ្ជាប់ជើងហោះហើរ MH370 បានបាត់ខ្លួននៅព្រឹកព្រហាមថ្ងៃទី៨ ខែមីនា នៅក្រោយពេលដែលយន្ដហោះ បានបង្ហើបខ្លួនពីដី បានប្រមាណជិត១ម៉ោង។ យន្ដហោះ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអែរឡាញ បានហោះចេញពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ដោយមានអ្នកដំណើរ ២២៧នាក់ និងអ្នកបម្រើការរួមនឹងអ្នកបើកបរយន្ដហោះ ១២នាក់ ជិះនៅលើយន្ដហោះនោះផង។
ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់យន្ដហោះ បានបញ្ជាក់ជាផ្លូវការ តាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួន កាលពីថ្ងៃ២៥ ខែមីនា ថាយន្ដហោះបានបញ្ចប់ជីវិតរបស់ខ្លួន នៅលំហខាងត្បូងនៃមហាសមុទ្រឥណ្ឌា ប៉ុន្តែមិនបានលើកយកភស្តុតាងពិតប្រាកដ មកអះអាងនោះទេ៕
----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី០៦ មេសា ២០១៤