ជម្រៅ​សមុទ្រ​បង្ក​ការ​ពិបាក ឲ្យ​ប្រអប់​​យន្ដ​​​ចុះ​ទៅ​រក​យន្ដហោះ​បាត់​ខ្លួន

ទឹកសមុទ្រនៅក្នុងតំបន់រុករកយន្ដហោះ នៃមហាសមុទ្រឥណ្ឌាខាងត្បូង មានជម្រៅយ៉ាងជ្រៅហួសពីការគណនាទុក និង​ហួសពីអ្វី ដែលប្រអប់យន្ដ ប៊្លូហ្វីន ២១ (Bluefin-21) អាចជ្រមុជចុះទៅរកយន្ដហោះប៊ូអីង៧៧៧ ដែលគេជឿថា បានហោះទៅធ្លាក់នៅក្នុងតំបន់នោះ។ អាជ្ញាធរអូស្ត្រាលី ដែលដឹកនាំការសម្របសម្រួល នៃការរុករកជាអន្តរជាតិ​នេះ បានថ្លែងបញ្ជាក់ថា នោះជាមូលហេតុដែលធ្វើឲ្យ ប្រអប់យន្ដប៊្លូហ្វីន២១​ ធ្វើការបានតែ៦ម៉ោង ក៏ឡើងមកលើផ្ទៃ​សមុទ្រវិញ ខុសពីការគណនាទុកធម្មតា ដែលតម្រូវឲ្យប្រអប់យន្ដនេះធ្វើការរហូតដល់ទៅ១៦ម៉ោង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទឹកសមុទ្រនៅក្នុងតំបន់រុករកយន្ដហោះ នៃមហាសមុទ្រឥណ្ឌាខាងត្បូង មានជម្រៅយ៉ាងជ្រៅហួសពីការគណនាទុក និង​ហួសពីអ្វី ដែលប្រអប់យន្ដ ប៊្លូហ្វីន ២១ (Bluefin-21) អាចជ្រមុជចុះទៅរកយន្ដហោះប៊ូអីង៧៧៧ ដែលគេជឿថា បានហោះទៅធ្លាក់នៅក្នុងតំបន់នោះ។ អាជ្ញាធរអូស្ត្រាលី ដែលដឹកនាំការសម្របសម្រួល នៃការរុករកជាអន្តរជាតិ​នេះ បានថ្លែងបញ្ជាក់ថា នោះជាមូលហេតុដែលធ្វើឲ្យ ប្រអប់យន្ដប៊្លូហ្វីន២១​ ធ្វើការបានតែ៦ម៉ោង ក៏ឡើងមកលើផ្ទៃ​សមុទ្រវិញ ខុសពីការគណនាទុកធម្មតា ដែលតម្រូវឲ្យប្រអប់យន្ដនេះធ្វើការរហូតដល់ទៅ១៦ម៉ោង។


ប្រអប់យន្ដ ប៊្លូហ្វីន ២១ ពេលត្រៀមដាក់ចុះទៅក្នុងសមុទ្រ។ (រូបថត Reuters)

បាត់យន្ដហោះ - យានយន្ដជ្រមុជទឹក ប៊្លូហ្វីន ២១ ដែលបំពាក់ដោយឧបករណ៍បាញ់រលកសម្លេង ត្រូវបានដាក់ឲ្យ​ដំណើរការនៅយប់ថ្ងៃចន្ទ ទី១៤ ខែមេសា ដោយនាវាអូស្ត្រាលីឈ្មោះ Ocean Shield ដែលបានដឹកនាំការុករក​យន្ដហោះ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងពីថ្ងៃទី៨ ខែមីនា មកនោះ។ ការិយាល័យរបស់ប្រទេសអូស្ត្រាលី ដែលដឹកនាំការសម្របសម្រួលនៃការរុករុក (JACC) នេះ បានថ្លែងបញ្ជាក់ថា «ប្រអប់យន្ដប៊្លូហ្វីន ២១ ធ្វើការងារ​របស់​វាលើក​ទីមួយ បានតែប្រាំមួយម៉ោងប៉ុណ្ណោះ តែវាបានជ្រមុជទៅដល់ជម្រៅកំណត់របស់វា ដែលមានត្រឹមតែ៤៥០០​ម៉ែត្រ ជាហេតុនាំឲ្យម៉ាស៊ីនរុករកនេះ បានងើបឡើងមកលើផ្ទៃទឹកវិញ»។

ការិយាល័យនោះបានបញ្ជាក់ទៀតថា «ទិន្នន័យដែលប្រអប់យន្ដ បានប្រមូលបាននៅក្នុងរយៈពេល៦ម៉ោង ត្រូវ​បាន​ឆ្លងកាត់ការវិភាគ តែមិនមានរកឃើញអ្វីគួរឲ្យកត់សម្គាល់នោះទេ»។

ផែនទីសមុទ្របានគូសវាសជាមុនថា តំបន់ដែលរុករកនេះ មានជម្រៅរវាងពី៤២០០ ទៅ៤៤០០ ម៉ែត្រ។ ប៉ុន្តែនោះ​មិនមែនជាជម្រៅ ដែលប្រអប់យន្ដប៊្លូហ្វីន ២១ បានជួបផ្ទាល់នោះទេ។ មេបញ្ជាការនាវារុករកអាមេរិកាំង លោក ម៉ាក ម៉ាទីជើ (Mark Matthews) បាននិយាយថា «នៅពេលដែលប្រអប់ ប៊្លូហ្វីន ចុះទៅដល់ជម្រៅ ៤៥០០ម៉ែត្រ ដែលជា​ជម្រៅទ្រាំទ្រជ្រៅបំផុត របស់ម៉ាស៊ីននេះមក វានឹងងើបឡើងមកលើវិញ ដោយស្វ័យប្រវត្តិ»។

ជាធម្មតា ម៉ាស៊ីនយន្ដ ប៊្លូហ្វីន ២១ ដែលមានបណ្ដោយ ៤,៩៣ម៉ែត្រ មានសមត្ថភាពចុះទៅក្រោមទឹកដើម្បីធ្វើ​ការងារ​របស់វា ក្នុងរយៈពេល១៦ម៉ោង។ តែបើទោះជាបេសកកម្មលើកទីមួយរបស់ ប៊្លូហ្វីន ២១ មិនបានសម្រេចរហូតចប់ចុង​ចប់ដើមនេះក៏ដោយ ក្រុមអ្នកស្រាវជ្រាវ​បាន​ដាក់​ឲ្យវា ចុះទៅក្នុងសមុទ្រជាលើកទីពីរ នៅថ្ងៃពុធទី១៦ ខែមេសានេះ ដើម្បី​បន្តរុករកយន្ដហោះដែលគេជឿថា បានសម្ងំស្ងៀមនៅក្នុង​បាតសមុទ្រដ៏ជ្រៅ។

អ្នកស្វែងរកយន្ដហោះ បានកំណត់តំបន់រុករក ទៅតាមរលកសម្លេងដែលពួកគេទទួលបាន កាលពីជាង១០ថ្ងៃមុន ដែលពួកគេគិតថា ជារលកសម្លេងដូចគ្នាទៅទៅរលកសម្លេង ផ្ដល់ដោយប្រអប់ខ្មៅនៃយន្ដហោះប៊ូអីង ៧៧៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ។ តំបន់នេះមានប្រមាណជា៤០គីឡូម៉ែត្រការ៉េ ហើយស្ថិតនៅ​ចម្ងាយ​២.១៧០គីឡូម៉ែត្រ ពីទីក្រុងផើដ ទីក្រុងឆ្នេរខាងលិច របស់កោះអូស្ត្រាលី។

ក្រុមអ្នករុករកអាមេរិកាំង បានរំពឹងគិតថា «ការងារស្វែងរកនេះ នឹងមានរយៈពេលរវាងពី៦សប្ដាហ៍ ទៅ២ខែ»តទៅ​មុខ​ទៀត៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...