ឆ្លុះឃើញវត្ថ១២២បន្ថែមទៀត សង្ស័យបំណែកយន្ដហោះបាត់ខ្លួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពថតឆ្លុះដោយប្រព័ន្ធផ្កាយរណបរបស់បារាំង ស្ដីពីវត្ថុជាច្រើនប្រមាណជា១២២ ត្រូវបានរកឃើញបន្ថែមទៀត នៅតំបន់រុករកនៃមហាសមុទ្រឥណ្ឌាខាងត្បូង ទីកន្លែងដែលគេបានជឿថា យន្ដហោះប៊ូអ៊ីញ ៧៧៧ នៃជើងហោះហើរ MH370 ជាមួយនឹងមនុស្ស២៣៩នាក់នៅក្នុងយន្ដហោះ បានធ្លាក់។ នេះបើតាមការប្រកាសរបស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមីនានេះ។
រូបថត ពីលើយន្ដហោះ ដែលត្រូវបានបញ្ជូនឲ្យទៅរុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)
បាត់យន្ដហោះ - ប្រព័ន្ធផ្កាយរណបមួយរបស់ក្រុមហ៊ុនអ៊ឺរ៉ុបដែលមានឈ្មោះថា អ៊ែរប៊ូស ដេហ្វង់ (Airbus Défense) និង អេស្បាស (Espace) បានបង្ហាញពីរូបភាពវត្ថុច្រើនសិប បានអណ្ដែតនៅលើផ្ទៃក្រឡា៤០០គីឡូម៉ែត្រការ៉េ នៃមហាសមុទ្រឥណ្ឌាខាងត្បូង។ នេះជាការប្រកាសឲ្យដឹង របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោកហ៊ីស្សាមូឌីន ហ៊ូសេន (Hishammuddin Hussein)។
ប៉ុន្តែរូបភាពនៃវត្ថុទាំងនេះ នៅមិនអាចបញ្ជាក់បាននៅឡើយ ថាជាបំណែកនៃយន្ដហោះប៊ូអ៊ីង ៧៧៧ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងពីជិតបីសប្ដាហ៍មកហើយ បន្ទាប់ពីយន្ដហោះបានបម្រើជើងហោះហើរចុងក្រោយរបស់ខ្លួន លេខ MH370 ភ្ជាប់ពីរដ្ឋធានីកូឡាឡំពួរប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន។
លោករដ្ឋមន្ត្រីម៉ាឡេស៊ី បានបន្ថែមទៀតថា «តែវាជំនួយថ្មីទៀត ដែលជួយយើងឲ្យបាញ់ឆ្ពោះឲ្យចំទិសដៅ នៅក្នុងកិច្ចប្រតិបត្តិការរុករក»។
ពីក្នុងចំណោមវត្ថុទាំង១២២នេះ វត្ថុមួយចំនួន មានប្រវែងពី១ម៉ែត្រ ដល់២៣ម៉ែត្រ។
រូបភាពលើកមុនដែលរកឃើញ ដោយប្រព័ន្ធផ្កាយរណបរបស់ប្រទេសអូស្ត្រាលី ចិន និងបារាំង ក៏បានបង្ហាញដែរពីវត្ថុអណ្ដែតទាំងនេះ ហើយវត្ថុមួយចំនួនពីក្នុងនោះ មានប្រវែងដល់ទៅច្រើនម៉ែត្រ។ វត្ថុទាំងនោះ ត្រូវបានឆ្លុះឃើញនៅលើតំបន់ចម្ងាយប្រមាណជា ២៥០០គីឡូម៉ែត្រ ពីឆ្នេរខាងលិចនៃប្រទេសអូស្ត្រាលី។
រហូតមកដល់ម៉ោងនេះ អ្នករុករកនៅមិនទាន់រកឃើញឃើញ វត្ថុទាំងនោះសូម្បីតែមួយនៅឡើយ។ ជាងនេះទៅទៀត ប្រតិបត្តិការរុករកត្រូវបានផ្អាកកាលពីថ្ងៃអង្គារទី២៥ ខែមីនាម្សិលម៉ិញ ដោយមូលហេតុស្ថានភាពឧត្តុនិយមមិនអំណោយផល បង្កឲ្យមានព្យុះនិងរលកធំជាង៤ម៉ែត្រ នៅលើតំបន់រុករកស្ថិតនៅយ៉ាងដាក់សង្វែក ពីដីគោក។
នៅថ្ងៃទី២៦ ខែមីនានេះ ប្រតិបត្តិការរុករកបានបន្តធ្វើសារជាថ្មី។ យន្ដហោះមិនតិចជាង ១២គ្រឿង ក្នុងនោះ ៧គ្រឿង ជាយន្ដហោះកងទ័ព បានមកដល់តំបន់រុករក ដើម្បីស្វែងករវត្ថុទាំងនេះ ដែលថតឆ្លុះឃើញដោយប្រព័ន្ធផ្កាយរណប។ អាជ្ញាធរសុវត្ថិភាពផ្លូវទឹករបស់អូស្ត្រាលី បានបញ្ជាក់ថា «ថ្ងៃនេះ ការរុករក គ្របដណ្ដប់ទៅលើតំបន់បី ដែលមានផ្ទៃក្រឡា ៨០ ០០០គីឡូម៉ែត្រការ៉េ»។
បន្ថែមពីលើនាវាអូស្ត្រាលី ឈ្មោះ HMAS Success ដែលស្ថិតនៅក្បែរតំបន់នោះស្រាប់ នៅថ្ងៃនេះដែរ នាវាចិនចំនួនបួនគ្រឿងផ្សេងទៀត ក៏បានទៅដល់តំបន់នោះដែរ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប៊ូត (Tony Abbott) បានសន្យាថានឹងបន្តការរុករក រហូតដល់ក្ដីសង្ឃឹមរលាយអស់។ លោកបានថ្លែងនៅក្នុងបណ្ដាញទូរទស្សន៍អូស្ត្រាលីមួយថា «យើងនឹងបន្តការរុករកជាធម្មតារបស់យើង ព្រោះយើងគួរតែធ្វើរឿងនេះតាមលទ្ធភាព សម្រាប់ជួយរំលែកទុក្ខរបស់គ្រួសារជនរងគ្រោះ»។
យុទ្ធនាការរុករកមួយ ដែលប្រជែងជាមួយនឹងពេលវេលា ក៏ត្រូវបានគេចាប់ផ្ដើមធ្វើដែរ ដើម្បីស្វែងរកប្រអប់ខ្មៅ ដែលបើតាមគោលការណ៍ ប្រអប់នេះមានជីវិតតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវាត្រូវបានធ្លាក់ចូលទៅក្នុងទឹក។ រហូតមកទល់ពេលនេះ គេនៅសល់តែពីរសប្ដាហ៍ទៀតប៉ុណ្ណោះ ដើម្បីរកប្រអប់ខ្មៅនេះឲ្យឃើញ។ កាលពីថ្ងៃចន្ទទី២៤កន្លងទៅ សហរដ្ឋអាមេរិក បានបញ្ជូនទៅកាន់ទីក្រុងឆ្នេរខាងលិច របស់ប្រទេសអូស្ត្រាលី រួចហើយ នូវម៉ាស៊ីរករកប្រអប់ខ្មៅនេះ ដែលនឹងត្រូវគេចងពន្លិចវាទៅក្នុងទឹក ភ្ជាប់ទៅនឹងនាវា អូសដើេរស្វែងរករលកសញ្ញា ផ្ដល់ដោយប្រអប់ខ្មៅ៕
-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ មីនា ២០១៤