រដ្ឋាភិបាលទាំងបី ប្រកាសផ្អាកការរុករកយន្ដហោះបាត់ខ្លួន «MH370»
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មករា ២០១៧
- កែប្រែចុងក្រោយ: January 19, 2017
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្ដីសង្ឃឹម ដែលអាចរកឃើញយន្ដហោះ «MH370» មានកាន់តែស្ដួចស្ដើងទៅៗ បន្ទាប់ពីការរុករក ត្រូវបានធ្វើយ៉ាងសកម្ម អស់ជាច្រើនខែឆ្នាំ នៅក្នុងមហាសាគរឥណ្ឌាខាងត្បូង ដោយរដ្ឋាភិបាល នៃប្រទេសចំនួនបីក៏ដោយ។ ទីបំផុតរដ្ឋាភិបាលទាំងបី មានម៉ាឡេស៊ី អូស្ត្រាលី និងចិន បានប្រកាសរួមគ្នា ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអង្គារ ថាពួកខ្លួនបានសម្រេច ផ្អាកការរុករកតួយន្ដហោះ បាត់ខ្លួននេះ នៅក្រោមសមុទ្រតទៅទៀត។
យន្ដហោះ MH370 បានហោះភ្ជាប់រដ្ឋធានីកូឡាឡំពួរ របស់ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង របស់ប្រទេសចិន ប៉ុន្តែបានបាត់ខ្លួន នៅមួយម៉ោង ក្រោយពីហោះងើបខ្លួន ពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ ដោយបាននាំទៅជាមួយ នូវបុគ្គលិកអ្នកបម្រើការ១២នាក់ និងអ្នកដំណើរ ២២៧នាក់ ដែលក្នុងនោះ ២ភាគ៣ ជាជនជាតិចិន។
អត្ថបទនៃសេចក្ដីប្រកាសព័ត៌មាន បានសរសេរថា តួយន្ដហោះ មិនស្ថិតនៅក្នុងតំបន់រុករក ដែលមានផ្ទៃក្រឡា ប្រមាណជា ១២០ ០០០គីឡូម៉ែត្រក្រឡានោះទេ។ អត្ថបទបានបន្តរៀបរាប់ថា៖ «ទោះជាមានការខិតខំ ដោយមានជំនួយពីវិទ្យាសាស្ត្រគ្រប់បែបយ៉ាង ដោយមានប្រើ នូវបច្ចេកវិទ្យាដ៏ទំនើបៗ បូកបញ្ចូលទាំងមតិយោបល់ ពីសំណាក់អ្នកជំនាញ ដែលពោរពេញដោយសមត្ថភាព យ៉ាងណាក៏ដោយ ក៏ការរុករកនេះ មិនបានអនុញ្ញាត (ឲ្យយើង) រកឃើញតួយន្ដហោះឡើយ»។
រកឃើញបំណែកតូចៗ...
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖ «ដូច្នេះ ការរុករកក្រោមសមុទ្រ នៃយន្ដហោះ "MH370" ត្រូវបានផ្អាក»។ ដោយឡែក ប្រទេសម៉ាឡេស៊ីតែឯង បានប្រកាសផ្អាកការរុករកនេះ តាំងពី២សប្ដាហ៍មុនម្លេះ។
មកដល់ថ្ងៃនេះ គេមិនដឹងថា តើតួយន្ដហោះ ដែលបាត់ខ្លួន យ៉ាងអាថ៌កំបាំងនេះ ស្ថិតនៅទីណាឡើយ។ គេគ្រានតែបានរកឃើញ បំណែកជាច្រើន ប្រមាណជា២០បំណែក នៅក្នុងតំបន់ឆ្នេរខាងកើត នៃទ្វីបអាហ្វ្រិក (មហាសមុទ្រឥណ្ឌាខាងលិច) ដែលមានចំងាយមហាឆ្ងាយ ពីតំបន់ដែលត្រូវបានរុករកកន្លងមកនេះ។ បំណែកទាំងនោះ ត្រូវបានគេកំណត់អត្តសញ្ញាណ ថាទំនងជាបំណែក របស់យន្ដហោះប៊ូអីង (Boeing 777) នៃក្រុមហ៊ុនអាកាសចរណ៍ «Malaysia Airlines»។
អត់លេងសើច...
ក្រុមអ្នកជំនាញ បានសិក្សាឃើញមានតំបន់មួយទៀត ដែលតួយន្ដហោះ អាចមានវត្តមាននៅទីនោះ តែអាជ្ញាធរនៃប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសម៉ាឡេស៊ី បានវាយតម្លៃថា ការអះអាងពីតំបន់នោះ មិនមានអំណះអំណាងគ្រប់គ្រាន់ ដើម្បីអាចឲ្យគេបើកការរុករក បន្ថែមទៀតនោះទេ។
សេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ការសម្រេចចិត្តបញ្ឈប់ការរុករកនេះ មិនត្រូវបានធ្វើឡើង ជាការលេងសើច ដោយគ្មានទុក្ខកង្វល់នោះឡើយ។ អត្ថបទបានបញ្ជាក់ថា៖ «យើងរក្សាក្ដីសង្ឃឹម ថាព័ត៌មានថ្មីទៀត នឹងពន្លេចខ្លួនឡើង ហើយថានៅថ្ងៃណាមួយ តួយន្ដហោះនឹងត្រូវរកឃើញ»៕