តួកគី៖ ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រង្គសាល បាន​ឆ្លើយ​សារភាព

ជនសង្ស័យ​ជាខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់​យ៉ាងរង្គាល កាលពី​យប់ថ្ងៃចូលឆ្នាំសកល នៅក្នុង​រង្គសាល​មួយ នៃ​ទីក្រុង អ៊ីស្តង់ប៊ូល (ប្រទេស​តួកគី) បានឆ្លើយសារភាព ពីទង្វើដ៏សាហាវយ៉ង់ឃ្នង របស់ខ្លួន។ បុរស​រូប​នេះ ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បាន​ប្រកាស​ទទួល​ស្គាល់ ថា​បាន​ធ្វើ​ទង្វើនេះ ក្រោម​ការ​ដឹកនាំ​របស់​ក្រុមខ្លួននោះ ត្រូវបានចាប់ខ្លួន និងរក​ឃើញ​នៅ​ជាមួយ​កូន​ប្រុស​របស់​ខ្លួន នៅក្នុង​អាគារ​ស្នាក់​នៅ​មួយ នៃ​សង្កាត់ «Esenyurt» ក្នុង​ក្រុង​​អ៊ីស្តង់ប៊ូល។
តួកគី៖ ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រង្គសាល បាន​ឆ្លើយ​សារភាព
ជនសង្ស័យ​ជាខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់​យ៉ាងរង្គាល កាលពីយប់ឆ្លងឆ្នាំសកល នៅក្នុងរង្គសាលមួយ នៃទីក្រុង អ៊ីស្តាមប៊ូល នៅពេលចាប់ខ្លួន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មករា ២០១៧
  • កែប្រែចុងក្រោយ: January 19, 2017
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គឺទូរទស្សន៍ជាតិរបស់ប្រទេសតួកគី ឈ្មោះ «TRT» ជាអ្នកប្រកាសព័ត៌មាននេះ ឲ្យដឹងដោយផ្ទាល់។ អាជ្ញាធរ​បានចាប់ខ្លួនបុរស ដែលជាប់សង្ស័យ ជា​ខ្មាន់​កាំភ្លើង ដើរបាញ់សម្លាប់មនុស្ស នៅក្នុងរង្គសាលមួយ នៃក្រុង​អ៊ីស្តង់ប៊ូល ប្រទេសតួកគី កាលពីយប់ឆ្លងឆ្នាំថ្មី បណ្ដាលឲ្យមនុស្សស្លាប់ ៣៩នាក់ និងរបួស​រាប់​សិប​​នាក់​ផ្សេង​ទៀត។ កងកម្លាំងតួកគី បានរកឃើញជននេះ នៅក្នុងអាគារមួយ នៃសង្កាត់ «Esenyurt» ជាមួយ​នឹង​កូនប្រុស​របស់​ខ្លួន។

ជននេះ បានសារភាព និងបានទទួលខ្លួន ថាពិតជាខ្មាន់កាំភ្លើង ក្នុងយប់ដ៏ប្រល័យនោះ។ នេះ បើតាមការ​ប្រកាស របស់អភិបាលក្រុង អ៊ីស្តង់ប៊ូល កាលពី​ថ្ងៃ​អង្គារ ដោយបានអះអាងបន្ថែមថា ជននេះ មាន​សញ្ជាតិ​ពី​ប្រទេស អូប៊េគីស្ដង់ និងបានចូលទៅហ្វឹកហាត់ ការបាញ់បោះ ក្បួនយុទ្ធសាស្ត្រ នៅក្នុង​ប្រទេស​​អាហ្វហ្គានីស្ដង់។

បុរសអាយុ២៨ឆ្នាំ បានរស់នៅលាក់ខ្លួន ពីការតាមចាប់ខ្លួន អស់រយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃកើតហេតុ ខណៈ​ព័ត៌មានពីក្រុមចារកម្មតួកគី បានអះអាងថា បុរសនេះមិនបានចេញទៅណា ពីក្រុង អ៊ីស្តង់ប៊ូល នោះ​ឡើយ។ ក្នុង​រយៈពេលនេះ អាជ្ញាធរក៏បានរឹតបន្តឹងការត្រួតពិនិត្យ នៅតាមព្រំដែនដែរ ដើម្បីកុំឲ្យ​ជននេះ អាចភៀស​ខ្លួន ចេញ​ទៅ​ក្រៅ​ប្រទេសបាន។

ទីភ្នាក់ងារព័ត៌មាន «Dogan» បានផ្សាយរូបថត របស់ជនសង្ស័យ ឃើញមានពាក់អាវយឺត មានមុខដិតដាម​ដោយ​ឈាម និងមានដៃរបស់កងកម្លាំង របស់​នគរបាលម្នាក់ កំពុងកាន់បំពងក (រូបខាងក្រោម)។ ទូរទស្សន៍​រដ្ឋ «TRT» បានបញ្ជាក់បន្ថែមថា នៅក្នុងយុទ្ធនាការ សម្រុកចូលចាប់ខ្លួន ជន​សង្ស័យ​រូបនេះ មនុស្ស​៥នាក់​​ផ្សេង​ទៀត ត្រូវបានអាជ្ញាធរចាប់ឃាត់​ខ្លួន​ដែរ ក្នុងនោះមានស្ត្រី៣នាក់ និងបុរសម្នាក់ ជាម្ចាស់ផ្ទះជាតិ គៀហ្សី​ស្ដង់ ដែល​បាន​​ជួល​ផ្ទះ​ខាង​លើ ទៅឲ្យជនសង្ស័យ។

ឧបនាយករដ្ឋមន្ត្រីតួកគី លោក «Numan Kurtulmus» បានសម្ដែងការសាទរ ដល់កងកម្លាំងនគរបាល ជុំ​វិញ​ការ​ចាប់ខ្លួននេះ។ លោក បានថ្លែង​ទៅកាន់​ក្រុមអ្នក​យក​ព័ត៌មានថា៖ «ខ្ញុំសូមសម្ដែងការសរសើរ ទៅដល់​កង​កម្លាំងនគរបាលរបស់យើង ដែលបានចាប់ខ្លួន ជនទទួលខុសត្រូវ ក្នុងការបាញ់សម្លាប់ នៅ"Ortakoy"។ សង្គ្រាម​ប្រឆាំង​នឹង​ភេរវនិយម និងការស្រាវជ្រាវ​រក​បណ្ដាញ នៅពីខាង​ក្រោយ នឹងបន្តទៅមុខទៀត រហូត​ដល់​ទីបញ្ចប់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...