ធ្លាក់យន្ដហោះដឹកទំនិញនៅពីលើផ្ទះអ្នកស្រុក ស្លាប់៣២នាក់
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១៦ មករា ២០១៧
- កែប្រែចុងក្រោយ: January 16, 2017
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងតុល្យភាពដំបូង បានឲ្យដឹងថា គ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកទំនិញនេះ បានសម្លាប់មនុស្ស១៥នាក់ និងបន្ទាប់មកឡើងដល់ ២០នាក់ មុននឹងក្រសួងសុខាភិបាល របស់ប្រទេសគៀជីហ្សីស្ដង់ ប្រកាសជាផ្លូវការថា ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ៣២នាក់។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា មានកុមារ៦នាក់ ពីក្នុងចំណោមអ្នកស្លាប់ ដែលភាគច្រើន ជាអ្នកស្រុករស់នៅទីនោះ។ យ៉ាងណាក៏ដោយ តួលេខនេះ ស្ថិតនៅជាបណ្ដោះអាសន្ននៅឡើយ។
លោក «Moukhammed Svarov» អ្នកទទួលខុសត្រូវមួយរូប ពីក្រសួងគ្រប់គ្រងស្ថានការណ៍បន្ទាន់ បានឲ្យដឹងថា៖ «នៅព្រឹក វេលាម៉ោងប្រមាណជា ៧ និង៤០នាទី (ម៉ោងក្នុងស្រុក) យន្ដហោះដឹកទំនិញ ដែលគ្រប់គ្រងធ្វើអាជីវកម្ម ដោយក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសតួកគី និងដែលហោះមកពីក្រុងហុងកុង (ប្រទេសចិន) បានធ្លាក់បោកខ្លួន នៅក្បែរព្រលានយន្ដហោះ "Manas" នៃរដ្ឋធានី "Bichkek" ដោយសារបញ្ហាឧត្តុនិយម»។
ការិយាល័យអាកាសចរណ៍ស៊ីវិល របស់ប្រទេសគៀជីហ្សីស្ដង់ បានរាយការណ៍បន្ថែមថា យន្ដហោះដឹកទំនិញ របស់ក្រុមហ៊ុន «Turkish Airlines» ត្រូវឈប់សំចតមួយរយៈខ្លី នៅនឹងព្រលានយន្ដហោះ «Bichkek» មុននឹងងើបហោះបន្ត ទៅកាន់ទីក្រុង អ៊ីស្តាមប៊ូល (ប្រទេសតួកគី) ដែលជាទិសដៅចុងក្រោយរបស់ខ្លួន។
សាក្សីនៅនឹងកន្លែងបានអះអាងថា យន្ដហោះបានធ្លាក់ពីលើលំនៅដ្ឋាន និងបានសម្លាប់មនុស្ស ជាច្រើនគ្រួសារ។ សាក្សីនោះបាននិយាយថា៖ «ផ្ទះប៉ុន្មានខ្នងនោះ បានរងការកំទេច ខ្ទេចម៉ត់ ខណៈមនុស្សជាច្រើននាក់ បានស្លាប់ទៅទាំងគ្រួសារ មានទាំងកូនចៅតូចៗ ទៅជាមួយផង។ ម៉ោងថ្មើរនេះ មនុស្សម្នាកំពុងលង់លក់ នៅក្នុងដំណេកនៅឡើយ។»។
មន្ត្រីមួយរូបទៀត ពីក្រសួងគ្រប់គ្រងស្ថានការណ៍បន្ទាន់ បានអះអាងថា ការធ្លាក់យន្ដហោះនេះ បានបំផ្លាញលំនៅដ្ឋាន ប្រមាណជា១៥ខ្នង ស្ថិតក្នុងក្រុងតូចមួយ ឈ្មោះ «Datcha-Suu» ដែលមានទីតាំង នៅក្បែរព្រលានយន្ដហោះ។ គ្រប់ការហោះហើរទាំងអស់ នៅព្រលានយន្ដហោះអន្តរជាតិ ត្រូវបានផ្អាក រហូតដល់មានបទបញ្ជាជាថ្មី៕