ទឹកជំនន់នៅភាគខាងត្បូងថៃ បង្កគ្រោះដល់ឧស្សាហកម្មកៅស៊ូ
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មករា ២០១៧
- កែប្រែចុងក្រោយ: January 18, 2017
- ប្រធានបទ: ទឹកជំនន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទឹកជំនន់ល្ហាចល្ហឹម នៅភាគខាងត្បូងនៃប្រទេសថៃ បានធ្វើឲ្យមនុស្សយ៉ាងហោច ៤០នាក់ បានបាត់បង់ជីវិត មកដល់ថ្ងៃនេះ។ ចំនួនជនរងគ្រោះខាងលើ នៅមិនទាន់រាប់បញ្ចូលផងទេ នូវហេដ្ឋារចនាជាច្រើនទៀត ដែលត្រូវបានបំផ្លាញ ជាពិសេសហេដ្ឋារចនា នៅក្នុងឧស្សហកម្មកៅស៊ូ។ គឺជាតុល្យភាព ជាបណ្ដោះអាសន្ន ដែលនៅមិនទាន់បញ្ចប់នៅឡើយ ដោយហេតុថា ភ្លៀងធ្លាក់ខុសរដូវ នៅបន្តមាននៅឡើយ នៅក្នុងតំបន់។ នេះ បើតាមអ្នកទទួលខុសត្រូវ ផ្នែកការពារគ្រោះថ្នាក់ធម្មជាតិ នៃប្រទេសថៃ លោក «Chatchai Promlert»។
វិស័យទេសចរណ៍ថៃ ដែលរំពឹងថា នឹងមានអ្នកទេសចរណ៍ ប្រមាណជា ១,៦លាននាក់ មកកំសាន្ដ នៅក្នុងតំបន់ ក៏នឹងត្រូវរងផលប៉ះពាល់ខ្លាំងក្លាដែរ។ ផ្លូវថ្នល់ និងផ្លូវដែកជាច្រើន ត្រូវបានកាត់ផ្ដាច់។ ជាធម្មតា រដូវវស្សា (ដូចនៅកម្ពុជាដែរ) ត្រូវបានបញ្ចប់តាំងពីខែវិច្ឆិកាមកម្លេះ។ តែភ្លៀងខុសរដូវដ៏ជោគជាំ បានបង្អុរចុះមកយ៉ាងខ្លាំង នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ។
នៅក្នុងវិស័យកៅស៊ូ ការខូចខាតមានសភាពធ្ងន់ធ្ងរខ្លាំង មិនដែលធ្លាប់មាន បើគិតនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ការប៉ះពាល់ដ៏សម្បើម នៅក្នុងឧស្សាហកម្មកៅស៊ូថៃ បណ្ដាលមកពីទឹកជំនន់នេះ និងរាប់បន្ថែម ពីគ្រោះរាំងស្ងួត ដែលបានកើតមាន ពីប៉ុន្មានខែមុន។
មន្ត្រីទទួលខុសត្រូវ នៅក្នុងដំណាំកៅស៊ូថៃ បានថ្លែងឲ្យដឹងថា ផលិតផលកៅស៊ូ សម្រាប់ឆ្នាំ២០១៦-២០១៧នេះ នឹងត្រូវថយចុះ ប្រមាណជា១០% ខណៈតម្រូវការកៅស៊ូ នៅលើទីផ្សារអន្តរជាតិ មានកម្រិតច្រើនហួសរួចជាស្រេច ពីបរិមាណដែលប្រទេសថៃ ធ្លាប់ផ្គត់ផ្គង់នាឆ្នាំកន្លងមក។
ប្រទេសថៃ ជាប្រទេសទីមួយ នៅក្នុងពិភពលោក ដែលបាននាំចេញ នូវផលិតផលកៅស៊ូធម្មជាតិ ច្រើនជាងគេ នៅពីមុខប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែទឹកជំនន់ ទំនងជាធ្វើឲ្យប្រទេសថៃ បាត់បង់ចំណាត់ថ្នាក់ខាងលើ សម្រាប់ឆ្នាំនេះ ឬអាចសម្រាប់ប៉ុន្មានឆ្នាំ ទៅមុខទៀត៕