នាយកចារកម្មអាមេរិកប្រាប់ ត្រាំ ឲ្យមាន«វិន័យ»ក្នុងការប្រើសំដី
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ១៦ មករា ២០១៧
- កែប្រែចុងក្រោយ: January 17, 2017
- ប្រធានបទ: ចារកម្មអាមេរិក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយកបណ្ដាញចារកម្មអាមេរិក ហៅកាត់ថា «CIA» លោក ចន ប្រែនណន (John Brennan) បានផ្ដល់យោបល់ ទៅលោក ដូណាល់ ត្រាំ (Donald Trump) អនាគតប្រធានាធិបតីអាមេរិក ដែលនឹងចូលស្បថ កាន់តំណែង នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ឲ្យធ្វើការ«ប្រុងប្រយ័ត្ន» នូវរាល់ពាក្យសំដី ដែលមហាសេដ្ឋីអចលនវត្ថុមួយនេះ បានលើកឡើង ជាពិសេសជុំវិញអ្វីៗ ដែលទាក់ទងនឹងប្រទេសរ៉ូស្ស៊ី។ លោក ចន ប្រែនណន បានសម្ដែងការព្រួយបារម្ភរបស់លោកយ៉ាងដូច្នេះ នៅចំពោះប្រតិកម្មជាញឹកញាប់ របស់លោក ត្រាំ ដែលបានធ្វើឡើង នៅតាមបណ្ដាញសង្គម ទ្វីសធើរ (Twitter)។
ក្នុងកិច្ចសម្ភាស ផ្ដល់ទៅឲ្យទូរទស្សន៍ «Fox News» លោក ប្រែនណន បានលើកឡើងថា៖ «អត្តនោម័តិ មិនមែនជារឿងមួយ ដែលជួយការពារ ផលប្រយោជន៍ នៃសន្តិសុខជាតិនោះទេ។ ដូច្នេះ នៅពេលគាត់ថ្លែងជាមតិ ឬជាប្រតិកម្មម្ដងៗ ចាំបាច់ត្រូវឲ្យប្រាកដ ថាគាត់យល់ច្បាស់ ពីការចូលពាក់ព័ន្ធ និងផលប៉ះពាល់ដ៏ស៊ីជម្រៅ នៃពាក្យសំដីទាំងនេះ ថាវាអាចកើតមាន ទៅលើសហរដ្ឋអាមេរិក។»។
នាយកចារកម្ម «CIA» បានធ្វើការអំពាវនាវ ទៅកាន់អនាគតប្រធានាធិបតីអាមេរិក ឲ្យប្រកាន់ភ្ជាប់ នូវ«វិន័យ» ដើម្បីជាប្រយោជន៍ដ៏ខ្ពង់ខ្ពស់ សម្រាប់ប្រទេសជាតិ។ លោក ប្រែនណន បានថ្លែងឡើងថា៖ «លោក ត្រាំ ត្រូវយល់ថា អ្វីដែលធំជាងរូបគាត់ ហើយអាចនឹងមានបញ្ហានោះ គឺជាសហរដ្ឋអាមេរិក និងសន្តិសុខជាតិ។ គាត់នឹងមានឱកាស ដើម្បីធ្វើវាឲ្យចេញជារូបរាង ជាជាងគិតតែពីនិយាយ និងបង្ហោះសារតាមទ្វីសធើរ។»។
លោក ចន ប្រែនណន បានត្រឡប់មករៀបរាប់ឡើងវិញ ពីរបាយការណ៍មួយចំនួន ដែលត្រូវបានបែកធ្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ កាលពីសប្ដាហ៍កន្លងទៅ និយាយពីការចូលជ្រៀតចូល ក្នុងប្រព័ន្ធបោះឆ្នោតអាមេរិក ពីសំណាក់ប្រទេសរ៉ូស្ស៊ី។ របាយការណ៍នោះ មិនត្រូវបានលោក ដូណាល់ ត្រាំ ស្វាគមន៍ឡើយ។ ផ្ទុយទៅវិញ អនាគតប្រធានាធិបតីអាមេរិក ថែមទាំងបរិហារបាយការណ៍នោះ ថាមិនពិត និងជាការប្រឌិតឡើង សព្វគ្រប់បែបយ៉ាង។ លោក ត្រាំ បានចោទភ្នាក់ងារចារកម្មអាមេរិក ថាបានអនុវត្តន៍ការងារ ដូចទៅនឹងក្រុម ណាហ្សីអាល្លឺម៉ង់។
ការប្រៀបធៀប របស់លោក ត្រាំ ទំនងជាមិនធ្វើឲ្យលោក ប្រែនណន សប្បាយចិត្តនោះឡើយ ដោយបានហៅប្រតិកម្មនោះ ថាបានបង្កើត ឲ្យមាន«ស្រមោលដ៏ធំ»។ នាយកចារកម្មអាមេរិក បានថ្លែងចោទសួរថា តើវាគួរដែរឬទេ ដែលអានាគតប្រធានាធិបតី ប្រកាសជាសាធារណៈ ថាខ្លួនមិនទុកចិត្ត ទៅលើបណ្ដាញចារកម្ម របស់ប្រទេសខ្លួន យ៉ាងដូច្នេះ?
យ៉ាងណា លោក ចន ប្រែនណន នៅតែបានថ្លែងការពារការងារ របស់ទីភ្នាក់ងារចារកម្មរ ដែលលោកកំពុងដឹកនាំ។ លោកថា៖ «វាបង្ហាញ ពីការទទួលខុសត្រូវ របស់ប្រធានផ្នែកនានា របស់បណ្ដាញចារកម្ម ដែលចាំបាច់ ត្រូវមានការយកចិត្តទុកដាក់ ក្នុងរឿងនេះ ពីសំណាក់អនាគតប្រធានាធិបតី និងប្រធានាធិបតីបច្ចុប្បន្ន ទើបមានការបែកធ្លាយ ពីរបាយការណ៍អស់ទាំងនេះ»៕