ហ៊ុន សែន លាបពណ៌ឲ្យអ្នកកាសែត ដែលមិនត្រូវបានអញ្ជើញ
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៧
- កែប្រែចុងក្រោយ: January 14, 2017
- ប្រធានបទ: លាបពណ៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកសារព័ត៌មានដែលបានចូលរួមពិធី «ពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយអ្នកសារព័ត៌មានក្នុងស្រុក» នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា ជាអ្នកសារព័ត៌មាន«ធម្មតា» ទោះអ្នកសារព័ត៌មានខ្លះទាំងនោះ រងការរិះគន់ថា ជាអ្នកសារព័ត៌មាន«អែបអប»រដ្ឋាភិបាល ឬមាននិន្នាការ ស្និតនឹងគណបក្សប្រជាជនកម្ពុជា របស់លោកក៏ដោយ។ សម្រាប់អ្នកសារព័ត៌មានដទៃទៀត (ទោះមួយចំនួន ឬទាំងអស់ក៏ដោយ) ដែលមិនទទួលបានការអញ្ជើញ ឲ្យចូលរួមក្នុងពិធីនេះ ត្រូវបានលោក ហ៊ុន សែន លាបពណ៌ឲ្យថា ជា«អ្នកសារព័ត៌មានបក្សប្រឆាំង»។
តែអ្នកសារព័ត៌មាន ដែលតែងហៅខ្លួនឯងថា ជាអ្នកសារព័ត៌មាន«ឯករាជ្យ» យកការណ៍អ្វីៗតែងមិនស្របនឹងរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះ ក៏សូមកុំបារម្ភថ្វី ដ្បិតលោក ហ៊ុន សែន បានសរសេរសន្យា នៅលើទំព័រហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលលោក នឹងអញ្ជើញអ្នកសារព័ត៌មាន «បក្សប្រឆាំង» ទាំងនោះ ឲ្យមកចូលរួមក្នុង«ពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយអ្នកសារព័ត៌មានក្នុងស្រុក» នៅថ្ងៃនេះដដែល នាឆ្នាំក្រោយៗទៀត។ សូមប្រយ័ត្ន នៅត្រង់ពាក្យមួយរបស់លោក ហ៊ុន សែន ដែលបង្កឲ្យមាន នូវភាពមន្ទិលនៅឡើយ៖ «អាច»។
«គឺយើង... គឺយើង... គឺយើង...»
នាយករដ្ឋមន្ត្រីបីទសវត្សជាងនៅកម្ពុជា បានសរសេរថា៖ «ឆ្នាំក្រោយ គឺយើងអាចអញ្ជើញបងប្អូនអ្នកសារព័ត៌មាន ពី៣ទៅ៤ពាន់នាក់ ក្នុងនោះ គឺយើងនឹងអញ្ជើញសារព័ត៌មានបក្សប្រឆាំង ចូលរួមពេញទី នៅទីនេះ។ យើងរស់នៅក្នុងប្រទេសតែមួយ ទោះបីយើងមានទស្សនៈខុសគ្នា ដូចជាអ្នកខ្លះគាំទ្ររដ្ឋាភិបាល អ្នកខ្លះគាំទ្របក្សប្រឆំាង គឺយើងអាចជួបគា្នបាន។»។
ក្រុមអ្នកសារព័ត៌មាន ដែលមិនត្រូវបានគេអញ្ជើញ ឲ្យចូលរួមពិធីជួបជុំ «ផឹកស៊ីរាំរែក» ជាមួយនាយករដ្ឋមន្ត្រីនេះ មានជាអាថ៌ អ្នកសារព័ត៌មានរបស់ស្ថាប័ន វិទ្យុអាស៊ីសេរី (RFA) វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ជាដើម។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ តែងយកព័ត៌មានភាគច្រើន ពីចំណុចអសកម្មនៅក្នុងសង្គម វិស័យនយោបាយ ឬពីហេតុការណ៍ ដែលបណ្ដាញផ្សព្វផ្សាយផ្សេងទៀតមិនធ្វើ (មិនហ៊ាន ឬមិនចង់ធ្វើ)។
មិនត្រឹមតែបានលាបពណ៌ ឲ្យអ្នកសារព័ត៌មាន ដែលមានទស្សនៈខុសពីលោក ឬមិនគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះទេ តែលោក ហ៊ុន សែន នៅបានតាំងខ្លួនជា«គ្រូបង្រៀន» សម្រាប់អ្នកសារព័ត៌មាននោះទៀត។ ទាំងនៅក្នុងពិធីជួបជុំ ទាំងនៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានធ្វើការណែនាំ ដោយលើកឡើងថា៖ «សំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់ហេតុការណ៍។ គ្មានអ្នកណាអានព័ត៌មានផ្អូមទេ។ អ្នកសារព័ត៌មាន គឺមិនត្រូវធ្វើខ្លួន ជាអ្នកអត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជាចៅក្រមផង។ ត្រូវស្គាល់តួនាទីខ្លួន កុំធ្វើការសន្និដ្ឋានបិទផ្លូវ។ អ្នកសារព័ត៌មាន គឺកុំធ្វើការដោះដូរ បំបិទព័ត៌មាន ជាមួយនឹងលុយកាក់។ ទន្ទឹមនឹងនេះ សូមអ្នកសារព័ត៌មាន ត្រូវរៀន អំពីរបៀបសួរសំណួរ។ សូមបន្តពង្រឹង ការបណ្តុះបណ្តាលធនធាន អ្នកសារព័ត៌មាន។ សារព័ត៌មានល្អ បើមានការថ្លោះធ្លោយ គឺត្រូវការសុំកែតម្រូវ។»៕