ថ្ងៃ៧មករា៖ តើត្រូវលុប ឬទុក ជាថ្ងៃឈប់សំរាករបស់ជាតិ?
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញថ្ងៃទី៧ មករា ឆ្នាំ២០១៥
- កែប្រែចុងក្រោយ: January 08, 2015
- ប្រធានបទ: រំលឹកខួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើថ្ងៃ៧មករា គួរនៅជាថ្ងៃឈប់សម្រាកបុណ្យ ឬគួរត្រូវចាត់ទុកគ្រាន់ជាទំព័រប្រវត្តិសាស្ត្រមួយ? តើថ្ងៃ៧មករា មានអត្ថន័យបែបណា ដើម្បីឲ្យក្លាយជាថ្ងៃបុណ្យពិតប្រាកដរបស់ជាតិនោះ? សូមតាមដានពីមតិមួយចំនួន ដែលលើកឡើង ពីថ្ងៃ៧មករានេះ ថាតើពួកគេឲ្យតម្លៃវាប៉ុណ្ណា និងយ៉ាងដូចម្ដេច។
លោកគ្រូ ហង្ស រិទ្ធិរ៉ាវុធ នៅសាកលវិទ្យាល័យតូរតន្រ្តីមួយ ក្នុងរាជធានីភ្នំពេញ បានលើកឡើងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនចង់ឲ្យមានការលុបចោល ពីប្រតិទិនរបស់រដ្ឋនោះទេ មិនថាពេលបច្ចុប្បន្ន ឬក៏នៅពេលគណៈបក្សណាមួយ ជាប់ឆ្នោតក៏ដោយ។ លោកគ្រូបញ្ជាក់ថា ថ្ងៃនេះ បានដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរមួយចំនួន ដែលធ្លាប់រងទុក្ខ នៅសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃ ក៏ជាថ្ងៃដែលពួកគាត់ បានមានសេរីភាពឡើងវិញ។ លោកថា បើតាមរដ្ឋធម្មនញ្ញ មិនមានត្រង់ចំនុចមួយណា ដែលថាថ្ងៃ៧មករា ឬថ្ងៃ២៣តុលា មិនមែនជាបុណ្យជាតិនោះទេ។
លោកបានពន្យល់ថា កាលពីរបប៣ឆ្នាំ៨ខែ២០ថ្ងៃ ឲ្យតែមានអ្នកណាម្នាក់ មកជួយសង្គ្រោះមិនថា មកពីណានោះទេ គិតតែពីដឹងគុណគេ ទុកអ្នកដែលជួយឋានៈស្មើ ទេវតា។ ហើយថែមទាំងមិនជីកឬសគល់ថា ហេតុអ្វីបានជាគេជួយរំដោះនោះទេ គិតតែពីថាល្អ ថ្ងៃដ៏មានគុណ។
សម្រាប់លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត បាននិយាយថា គូតែលុបចេញពីថ្ងៃបុណ្យជាតិ ព្រោះថ្ងៃបុណ្យជាតិនៅប្រទេសកម្ពុជា មានច្រើនណាស់។ លោកថា បើនិយាយថាថ្ងៃនេះជាថ្ងៃរំដោះ ក៏វាមិនខុសដែរ ប៉ុន្តែបើសិនជាគេទុកថ្ងៃ៧មករា ជាថ្ងៃរំដោះ ក៏ត្រូវទុកថ្ងៃ ២៣តុលា និងថ្ងៃ៩វិច្ឆិការ ជាថ្ងៃរំដោះសំខាន់ខ្លាំងដូចគ្នា។
ការលើកឡើងរបស់លោក អ៊ូ វីរៈ ប្រហាក់ប្រហែលនឹង ការថ្លែងរបស់លោកសាស្ត្រាចារ្យ ហង្ស រិទ្ធិរ៉ាវុធ ដែរ។ លោកសាស្ត្រាចារ្យ បានលើកថា ថ្ងៃបុណ្យជាតិ ដូចថ្ងៃ២៣តុលា ម្តងបាត់ម្តងឃើញ ឆ្នាំខ្លះធ្វើ ឆ្នាំខ្លះអត់។ ផ្ទុយមកវិញ តែបើថ្ងៃ៧មករាវិញ មានអ្នកគោរពធ្វើជាប្រចាំ មិនដែលខាន លោកថាបុណ្យទាំងពីរនេះ មានតម្លៃស្មើគា្ន ដូច្នេះមិនគួរលុបចោល ត្រូវទុកក្នុងប្រតិទិនរដ្ឋទាំងពីរ។
ផ្ទុយទៅវិញនិស្សិតស្រីម្នាក់ នៅសាកលវិទ្យាល័យបញ្ញាជាតិ ឆ្នាំទី២ ផ្នែកអក្សសាស្ត្រ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គួតែលុបចេញ ពីប្រតិទិនរបស់រដ្ឋ ព្រោះថាថ្ងៃនេះ បើតាមភាពជាក់ស្តែង គឺមានការប្រារព្ធតែម្ខាង ហើយចំនែកឯម្ខាងទៀត មិនដែលមានការចូលរួមទេ។ នាងបន្តទៀតថា មានប្រជាជនជាច្រើន ស្ទើពាក់កណ្តាលមិនបានគិតថា ថ្ងៃ៧មករាជាថ្ងៃ ផ្តល់សេចក្ដីសុខ ឲ្យពលរដ្ឋខ្មែរនោះទេ។
រីឯយុវជនម្នាក់ទៀត ក៏បានឲ្យដឹងដែរថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ របស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំកងទ័ពយួនកុម្មុយនីស មកវាយផ្តួលរំលំរបបខ្មែរក្រហមនេះ គួតែលុបបំបាត់ចេញ ព្រោះមិនបានផ្ដល់វឌ្ឍនភាពដល់សង្គមខ្មែរឡើយ។ យុវជនបានថ្លែងឡើងទៀតថា៖ «តាំងពីខ្ញុំបានរួច ពីរបបខ្មែរក្រហមមក មានការអភិវឌ្ឍន៍ តែជានិច្ចជាកាល តែងឃើញតែពលរដ្ឋរងទុក្ខវេទនា ស្ទើតែគ្រប់កន្លែង នៅក្នុងប្រទេស»។
ប៉ុន្តែ លោក អ៊ូ វីរៈ បានបញ្ជាក់វិញថា ដើម្បីកុំឲ្យកូនខ្មែរច្រឡំប្រវតិសាស្រ្ត និងមិនមានសង្គ្រាមស៊ីវិល គួតែលុបចោលទាំងពីរ ហើយរួមគ្នាបង្រួបង្រួមជាតិឡើងវិញ ដើម្បីកុំឲ្យប្រទេសជិតខាងមើលងាយ។ លោកថា ចំពោះអ្នកប្រឆាំង ក៏មិនគួរប្រឆាំងដាច់ណាត់ពេកនោះដែរ ហើយចំពោះអ្នកកាន់អំណាច ក៍មិនគួរអាងអំណាចពេកនោះដែរ ដើម្បីឲ្យប្រទេសមានភាពរីកចម្រើន។
ដោយឡែក លោក ណែម ស៊ិនថៃ នាយកវិទ្យាស្ថាន តស៊ូមតិនយោបាយ បានលើកឡើងថា កូនខ្មែរទាំងអស់ គួរតែកុំយកថ្ងៃប្រវត្តិសាស្ត្រមកលាយឡំ ជាមួយរឿងនយោបាយ។ ថ្ងៃប្រវតិសាស្រ្តផ្សេង អ្នកធ្វើនយោបាយផ្សេង។ មានមនុស្សជាច្រើនគិតថា ថ្ងៃប្រវត្តិសាស្រ្ត៧មករាជា ថ្ងៃដែលគេប្រារព្ធ សម្រាប់នយោបាយតែម្ខាង វាជារឿងមួយដែលយើងបែងចែកមិនច្បាស់លាស់ ។ លោកថាគួតែទុកថ្ងៃនេះ ជាថ្ងៃបុណ្យជាតិបន្តទៅទៀត ព្រោះវាជាប្រវត្តិសាស្ត្រ ដែលកូនខ្មែរគ្រប់រូប មិនអាចបំភ្លេចបាន៕