សម្តេចក្រុមព្រះ៖ ការបង្កើតគណបក្សថ្មី មិនជាប់ពាក់ព័ន្ធនឹង ហ៊ុន សែន
«ខ្ញុំមិនដែលមានទំនាក់ទំនង ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ បន្តិចបន្តួចក៏គ្មានផង» នេះជាបន្ទូលបដិសេធ របស់ប្រធានគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ឆ្លើយតបចំពោះពាក្យដែលគេចោទប្រកាន់ថា ការបង្កើតគណបក្សថ្មីរបស់ព្រះអង្គ ទទួលការគាំទ្រពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)
នយោបាយកម្ពុជា - ការខ្សិបខ្សៀវជាច្រើន បានលើកឡើងថា ការបង្កើតគណបក្សថ្មី របស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អាចធ្វើទៅកើត ដោយសារតែទ្រង់បានទទួលភ្លើង «ខៀវ» និងទទួលថវិកាសំរាប់ទ្រទ្រង់គណបក្ស ពីគណបក្សកាន់អំណាច ក្នុងគោលបំណងទាញយកសម្លេងឆ្នោត ពីបក្សប្រឆាំងនាពេលខាងមុខ។ នៅថ្ងៃនេះ សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានចេញមុខបដិសេធថា ព្រះអង្គមិនមានទំនាក់ទំនងអ្វី ជាមួយគណបក្សកាន់អំណាចនោះទេ ។
ថ្លែងនៅក្នុងសន្និសីទសាព័ត៌មាន នៅថ្ងៃទី១៦ ខែមិនាឆ្នាំ២០១៤នេះ អតីតប្រធានគណបក្សហ្វុនស៊ីនប៉ិច គណបក្សនរោត្តមរណឬទ្ធិ និងជាអតីតនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាអង្គនេះ មានរាជបន្ទូលបដិសេធយ៉ាងដាច់អហង្កាថា «ខ្ញុំហ៊ាននិយាយថា គ្មានថវិកាពីគណបក្សប្រជាជន តាំងពីដើមមក គាត់ធ្លាប់និយាយថា គាត់ធ្លាប់អោយលុយលោក កឹម សុខា ខ្ញុំមិនដែលបានទទួលលុយពីលោក ហ៊ុន សែនតែមួយសេន ហើយភ្លើងខៀវអីក៏ខ្ញុំមិនដែលទទួលបានដែរ ហើយខ្ញុំក៏មិនត្រូវការវាដែរ។ (...) ទិសដៅរបស់ខ្ញុំ បើត្រឹមតែបំបែកសម្លេង ដូចជាកប៉ិកកំប៉ុកពេក។»
ព្រះអង្គបន្តថា «ដូចខ្ញុំជម្រាបហើយ ជាមួយគណបក្ស ខ ក៏ខ្ញុំមិនចូល ចូលជាមួយគណបក្ស ក ក៏ខ្ញុំមិនដែលចូល។ ប៉ុន្តែគណបក្សយើងខ្ញុំត្រៀមខ្លួនជានិច្ច មិនចាំបាច់ដល់យើងមានអាសនទេ យើងត្រូវបញ្ចេញនូវគោលនយោបាយ របស់យើងអោយច្បាស់ ដើម្បីអោយប្រជារាស្រ្តគាត់ទៅបោះឆ្នោតអោយយើង ដើម្បីអ្វី?» អតីតប្រធានរដ្ឋសភាជាតិ អង្គនេះក៏អះអាងដែរថា «ខ្ញុំត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមជាមួយគណបក្ស ដែលមានទស្សនៈដោះស្រាយបញ្ហាជាតិ ដូចគណបក្សរបស់ខ្ញុំអញ្ចឹង»។
ជាទឡ្ហីករណ៍ ដើម្បីបញ្ជាក់ថាការយាងចូលនយោបាយវិញ ដោយមិនបានទទួលភ្លើងខៀវពីគណបក្សកាន់អំណាចនោះ ទ្រង់រណឬទ្ធិ បានមានបន្ទូលថា ដោយសារភាពចុះខ្សោយ នៃអ្នកគាំទ្ររបបរាជានិយម ហើយការបែកបាក់គ្នានេះ គ្មានអ្នកណាមានលទ្ធភាពនឹងប្រមែប្រមូល អោយមានការរួមគ្នានៃអ្នករាជានិយមបាននោះទេ និងចំនុចសំខាន់មួយទៀតដោយព្រះអង្គយល់ថា ប្រទេសជាតិត្រូវការនូវរបបរាជានិយមមួយ នៅជុំវិញអ្នករាជានិយម សហនុនិយម នៅក្នុងក្របខ័ណ្ឌគណបក្សមួយ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៦ មីនា ២០១៤