ហ៊ុន សែន ថា​​ប្រាក់​បៀវត្សន៍​កម្មករ​ខែ្មរ ខ្ពស់​ជាង​កម្មករនៅបួន​ប្រទេស

«ទារមួយប្រឹប ប្រាក់ឈ្នួលកម្មករកម្ពុជាឡើងដល់ណា បើវាអត់មានលុយ? យើងធ្វើបន្តិចម្តងៗ ចេញពីស្ថានភាពដ៏លំបាក។ អ្នកណាធ្វើនាយករដ្ឋមន្ត្រី ឬមេដឹកនាំ មិនចង់ឲ្យប្រជាជន មានជីវភាពខ្ពស់? ប៉ុន្តែលទ្ធភាពរបស់ប្រទេស ទៅរួច ឬទៅមិនរួច?» នេះជាការថ្លែងសន្ទរកថា ឌឺដងរបស់លោក ហ៊ុន សែនទៅកាន់មេដឹកនាំ គណបក្សសង្គ្រោះជាតិ ពីការទាមទារប្រាក់ឈ្នួលកម្មករឲ្យបាន១៦០ដុល្លារ នៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ ស្ពានជ្រៃធំ-ឡុងប៊ិញ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនកម្ពុជា-វៀតណាម។
Loading...
  • ដោយ: ក. សុខឃៀង
  • កែប្រែចុងក្រោយ: January 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ទារមួយប្រឹប ប្រាក់ឈ្នួលកម្មករកម្ពុជាឡើងដល់ណា បើវាអត់មានលុយ? យើងធ្វើបន្តិចម្តងៗ ចេញពីស្ថានភាព​ដ៏លំបាក។ អ្នកណាធ្វើនាយករដ្ឋមន្ត្រី ឬមេដឹកនាំ មិនចង់ឲ្យប្រជាជន មានជីវភាពខ្ពស់? ប៉ុន្តែលទ្ធភាពរបស់ប្រទេស ទៅរួច ឬទៅមិនរួច?» នេះជាការថ្លែងសន្ទរកថា ឌឺដងរបស់លោក ហ៊ុន សែនទៅកាន់មេដឹកនាំ គណបក្សសង្គ្រោះ​ជាតិ ពីការទាមទារប្រាក់ឈ្នួលកម្មករឲ្យបាន១៦០ដុល្លារ នៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ ស្ពានជ្រៃធំ​-​ឡុងប៊ិញ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនកម្ពុជា-វៀតណាម។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៤។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - លោក ហ៊ុនសែនបានប្រៀបធៀបការបើកប្រាក់បៀវត្សន៍ របស់កម្មករខែ្មរ ទៅនឹងកម្មករប្រទេស​វៀតណាម ថាកម្មករទាំងនោះ ទទួលបានប្រាក់ខែត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ ហើយប្រាក់ឈ្នួលនៅកម្ពុជា ខ្ពស់ជាង​ប្រទេសឥណ្ឌា បេងក្លាដេស ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ លោកហ៊ុន សែន ថែមទាំងបានដៀមដាម និងចំអកដល់​កង​ការពារ​លោក សម រង្ស៊ី និងលោក កឹម សុខា ថា ទទួលបានប្រាក់ខែត្រឹមតែ ២០ទៅ៣០ម៉ឺនរៀលប៉ុណ្ណោះ។ លោក បន្តថា មុនមេដឹកនាំគណបក្សសង្គ្រោះជាតិទាមទារតំឡើងប្រាក់ខែ១៦០ដុល្លារ គួរតែផ្តល់ប្រាក់ខែដល់​កូនចៅ​ខ្លួន​សិនទៅ។

ការលើកឡើងរបស់លោក ហ៊ុន សែន ទាក់ទងនឹងបញ្ហាដ៏រំជើបរំជួល ដែលបានកើតឡើងក្នុងរយៈពេលចុងក្រោយ​នេះ បន្ទាប់ពីលោករក្សាការស្ងាត់ស្ងៀម អស់មួយរយៈពេលមក។ ការបង្ហាញខ្លួនរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ជាសាធារណៈនេះ បានធ្វើក្នុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម ដោយសារតែនាយករដ្ឋមន្ត្រីទាំងពីរ​រូបត្រូវចេញទៅសម្ភោធសមិទ្ធិផលថ្មីៗ ដែលកើតចេញពីចំណងមិត្តភាព«ម៉ឺនឆ្នាំ»របស់ប្រទេសទាំងពីរ។

ទាក់ទងនឹងលទ្ធភាពតម្លើងប្រាក់ឈ្នួលឲ្យកម្មករនេះ លោក កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ​ឯករាជ្យ បានលើកឡើង​កាលពីថៃ្ង​ទី១៣ ខែមករា ឆ្នាំ២០១៣នេះ ​ក្នុងសន្នីសីទកាសែត ស្តីពីបញ្ឈប់អំពើហិង្សា ដោះលែង ស៊ើបអង្កេត និង​សំណង បានពន្យល់ថា ការទាម​ទារ​ប្រាក់ខែគោល១៦០ដុល្លារ មិនជាច្រើនទេ បើសិន​រដ្ឋាភិបាលធ្វើការ​សិក្សា​ស្រាវជ្រាវអោយស៊ីជំរៅ និងវិភាគអោយ​បានគ្រប់ជ្រុងជ្រោយ ពីការបង់ថ្លៃក្រៅផ្លូវការ ការ​ពិនិត្យចំពោះការបង់ពន្ធ​ជូនរដ្ឋាភិបាល និង ការសំរបសំរួល​បញ្ចុះថ្លៃភ្លើង ថ្លៃទឹកជាដើម ។

រីឯមន្ត្រីមួយរូបទៀតរបស់អង្គការសិទ្ធិមនុស្សលីកាដូបាន​អះអាង​ថា បើគេចង់មានដំណោះស្រាយទាក់ទងបញ្ហនេះ ប្រាកដជាអាចធ្វើបាន។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការនេះ បានថ្លែងប្រាប់​ទស្សនាវដ្ដី​​មនោរម្យព័ងអាំងហ្វូ កាលពីដើមខែមករានេះថា ប្រទេសកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៏ ហើយ​ក៏សមាជិក នៃ​អង្គការពាណិជ្ជកម្មពិភពលោកដែរ ពន្ធនៃការនាំចេញមួយចំនួន ត្រូវបានលើកលែង។ លោកបន្តថា «យើងឃើញ ថាប្រទេសកម្ពុជាត្រូវបានអនុគ្រោះ យើងនាំចេញទៅដោយមិនគិតពន្ធ។ (...) បើយើងក្រលេកមើល ប្រទេស​ជិតខាងយើងឃើញថា ប្រាក់ខែគោលមិនមែន៩៥ដុល្លាទេ គឺវាអាចដល់១៥០ ទៅ១៦០ដុល្លាឯណោះ។ ហេតុអី​បាន​ជាប្រទេសវៀតណាម និងប្រទេសជិតខាងអាចធ្វើបាន ចុះហេតុអីកម្ពុជាមិនអាចធ្វើបាន?»

គួរបញ្ជាក់ថា ការទាមទាររបស់ក្រុមកម្មករ និងក្រុមសហជីព ក្នុងការតំឡើងប្រាក់១៦០ដុល្លារនោះ មិនត្រឹមតែមិន​បានលទ្ធផលនោះទេ តែផ្ទុយទៅវិញបានរងនូវការបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់កងកំលាំងប្រដាប់អាវុធ គ្រប់​គ្រង​ដោយរដ្ឋាភិបាល រហូតធ្វើឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ការសម្រេចរបស់រដ្ឋាភិបាល ដែលកំណត់ឲ្យ​​ប្រាក់​ឈ្នួលកម្មករ នៅត្រឹម១០០ដុល្លារ នោះ មិនត្រូវ​ឯកភាពដោយ​សហជីព និងកម្មករ​នៅឡើយ ដោយពួកគេនៅ​តែ​ប្រកាន់ជំហរទាមទារ ឲ្យមានការតម្លើងប្រាក់ឈ្នួលនេះ ធ្វើយ៉ាងណាដើម្បីឲ្យជីវភាពរបស់ពួកគេ អាចរស់នៅ​បាន​សមរម្យ។

ទំនងជាការពារការសម្រេចចិត្ត របស់​រដ្ឋាភិបាល​លោក ក្នុងយុទ្ធនាការបង្ហាញសាច់ដុំដាក់ក្រុមអ្នកតវ៉ា និងក្រុមអ្នក​បញ្ចេញមតិតាមបណ្ដាញសង្គមហ្វេសប៊ុកនោះ លោក ហ៊ុន សែន បានបន្តទៀតថា «កូនទារ​បាយ ពុកគួរតែវាយកូន តែពុកមិនវាយកូនទេ ហើយពុកប្រាប់កូនថា កូនទទួលបានបាយមួយវែកទៀត ចាំយើង​ធូរធាបន្តិច ពុកនឹងឲ្យ​កូន​ទទួលទានបានឆ្អែត។»៕

--------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...