បក្សខ្មែរឈប់ក្របដិសេធលទ្ធផលឆ្នោត និងទារឲ្យបោះឆ្នោតឡើងវិញ

- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ សីហា ២០១៨
- កែប្រែចុងក្រោយ: August 10, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សមួយទៀត បានប្រកាសបដិសេធ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះ។ គណបក្សនោះ មានឈ្មោះ គណបក្សខ្មែរឈប់ក្រ ដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន ខ្មែរ-អាមេរិកាំងមួយរូប។
លោក ក្រវ៉ាញ ដារ៉ន បានថ្លែងដូច្នេះ តាមរយៈវីដេអូ (video conference) ពីសហរដ្ឋអាមេរិក មកកាន់ទីស្នាក់ការគណបក្សរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយអះអាងពីភាពមិនប្រក្រតី និងគ្មានតម្លាភាព នៅក្នុងការបោះឆ្នោតចុងក្រោយបំផុតនេះ។ លោកបានស្នើសុំបោះឆ្នោតឡើងវិញ ដោយមានសហគមន៍អន្តរជាតិ ចូលរួមត្រួតពិនិត្យ។
លោក ក្រវ៉ាញ ដារ៉ន បានថ្លែងឡើងថា៖ «រដ្ឋាភិបាលផ្តាច់ការ និងភាពឃោរឃៅ បានបង្ហាញឲ្យឃើញថា ក្តីសង្ឃឹម និងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ មិនមានសារៈសំខាន់អ្វី ដល់រដ្ឋាភិបាលកាន់អំណាចនេះទេ។ ការបោះឆ្នោតនេះ មិនមែនជាអ្វី ក្រៅពីជាការក្បត់នឹងឆន្ទះ របស់ប្រជានុរាស្ត្រឡើយ»។
ការបដិសេធលទ្ធផល នៃការបោះឆ្នោត ត្រូវបានអ្នកនាំពាក្យ និងជាសមាជិក គ.ជ.ប លោក ហង្ស ពុទ្ធា រិះគន់តបវិញ ដោយចាត់ទុកថា វាគ្រាន់តែជាការលើកឡើង ដើម្បីការពារខ្លួន ដោយសារខ្លួន មិនទទួលបានការគាំទ្រ តែប៉ុណ្ណោះ។ លោក ហង្ស ពុទ្ធា បានថ្លែងឡើងថា មិនមែនគណបក្សមួយ ឬបុគ្គលណាម្នាក់ ជាអ្នកសម្រេចចិត្ត ក្នុងការទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត ឬត្រូវបោះឆ្នោតឡើងវិញនោះទេ តែសម្រាប់លោក វាជាការសម្រេចចិត្ត របស់ពលរដ្ឋភាគច្រើន នៅទូទាំងប្រទេស។
គណបក្សខ្មែរឈប់ក្រ ជាគណបក្សទីបី ដែលបានប្រកាសបដិសេធ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត បន្ទាប់ពីគណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ថែមទាំងព្រមានធ្វើបាតុកម្ម ក្នុងពេលខាងមុខនេះផង ប្រសិនជាមិនមានដំណោះស្រាយ៕