ហ៊ុន សែន ប្រាប់​«Global Witness»​ឲ្យ​ឈប់​​ឆ្កួត និង​ត្រូវ​រៀន​ថែម

លោក ហ៊ុន សែន បានចំអក​តប​ទៅ អង្គការឃ្លាំមើលពិភពលោក ហៅជា​ភាសា​អង់គ្លេស «Global Witness» ដោយ​ហៅ​អង្គការ​នេះ ថា«ល្ងង់» និង​«ឆ្កួត»។ ជា​ប្រតិកម្ម​ដ៏កម្រ ដែលធ្វើឡើងដោយផ្ទាល់ របស់លោក​នាយក​រដ្ឋ​មន្ត្រី ឆ្លើយ​តប​ទៅ​អង្គការ​អន្តរជាតិមួយនេះ ដែលនិយាយថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅក្នុង​ប្រទេស​ស្វីស គួរ​បិត​ទ្វារ កុំ​ឲ្យ​មនុស្ស​​ដូច​​លោក ហ៊ុន សែន ចូលរួម។
ហ៊ុន សែន ប្រាប់​«Global Witness»​ឲ្យ​ឈប់​​ឆ្កួត និង​ត្រូវ​រៀន​ថែម
លោក ហ៊ុន សែន ទទួលសញ្ញាប័ត្របណ្ឌិត​កិត្តិយស "​ភាពជា​អ្នកដឹកនាំ​ឆ្នើម​" ពី​សាកលវិទ្យាល័យ Limkokwing នៃ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥។ (រូបថត ហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មករា ២០១៧
  • កែប្រែចុងក្រោយ: January 20, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីប្រតិកម្ម តបទៅនឹងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា របស់អង្គការឃ្លាំ​មើល​ពិភពលោក ហៅជាភាសាអង់គ្លេសថា «Global Witness» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជ្រើសរើស​ពាក្យដ៏ពិសេសៗ មានដូចជា «ល្ងង់ - ឆ្កួតលីលា និងឡប់»ជាដើម មកសរសេរ​ហៅ​អង្គការ​អន្តរជាតិ​មួយ​នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក។ លោកថែមទាំងប្រាប់ឲ្យអង្គការមួយនេះ គួរទៅចូល​រៀន​បន្ថែម​ទៀត​ផង។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ អង្គការអន្តរជាតិ ដែលមានទីស្នាក់ការធំ នៅក្នុងរាជធានី ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស បានរិះគន់លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក តាមរយៈការ​ស៊ើប​អង្កេត​របស់​ខ្លួន ថា​ពោរ​ពេញ​ដោយអាថ៌កំបាំង ការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ បក្ខពួក​និយម ជាមួយ​នឹង​ការ​ក្ដោប​ក្ដាប់ នៅក្នុងដៃនៃសមាជិកគ្រួសារត្រកូល «ហ៊ុន» នូវសរសៃឈាមសេដ្ឋកិច្ចជាតិកម្ពុជា។ អង្គការ «Global Witness» បាន​សរសេរ​ថា៖ «កម្ពុជា ក្រោម​ការ​ដឹកនាំ​​របស់​​លោក ហ៊ុន សែន ស្ថិត​នៅ​​ដ៏​​សែន​​ឆ្ងាយ ពី​ក្ដី​​សុបិន្ត​​​​​របស់​​ក្រុម​​អ្នកវិនិយោគ​ទុន ដែល​កំពុង​​ជួបជុំ​គ្នា នៅ​ក្នុង​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក ក្រុង ដាវូស (Davos - ប្រទេសស្វីស)»។

អ្នកស្រី អេលីស ហារីសាន់ (Alice Harrison) មន្ត្រីប្រឹក្សាខាងទំនាក់ទំនង របស់អង្គការឃ្លាំមើល​ពិភពលោក បាន​ថ្លែង នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​នោះ​ថា វេទិកា​សេដ្ឋកិច្ចពិភពលោកនេះ ​គួរ​បិទ​ទ្វារ​​​មិន​ត្រូវ​​ឲ្យ​​​ចូលរួម​ឡើយ​ សម្រាប់​​​មនុស្ស​​​​ដូច​លោក ហ៊ុន សែន។ អ្នកស្រី​​ថា៖ «លោក ហ៊ុន សែន និង​​គ្រួសារ​​​របស់​គាត់ ​កំពុង​ក្ដោប​ក្ដាប់​​សេដ្ឋកិច្ច​​​របស់​​​ប្រទេស។ ដូច្នេះ ​រាល់​​ទឹក​ប្រាក់​​​ទាំង​​​ឡាយ ​របស់​ក្រុម​​អ្នក​​វិនិយោគ​​ទុន​ ថ្មីៗ​ទាំង​នោះ នឹង​អាច​ធ្លាក់​ចូល ទៅ​ក្នុង​​ហោប៉ៅ​​​ផ្ទាល់ របស់​​ពួក​គេ។»។

ប៉ុន្តែអ្វី ដែលជាការលើកឡើងខាងលើ របស់អង្គការឃ្លាំមើលពិភពលោក មិនត្រូវបានលោក ហ៊ុន សែន បក​ស្រាយ ឬគួរបង្កើតការស៊ើបអង្កេត ឲ្យឃើញ​ច្បាស់នោះទេ។ លោកនាយករដ្ឋមន្ត្រី គ្រាន់តែបានបង្ហាញ ពី​សកម្មភាព​របស់លោក នៅលើទឹកដីនៃប្រទេសស្វីស និងបន្ទាប់មកលោក បានផ្ដាំផ្ញើរពាក្យ​«ពិសេសៗ» ទាំង​ប៉ុន្មាន​ខាង​លើ ត្រឡប់ទៅអង្គការអន្តរជាតិវិញប៉ុណ្ណោះ។

ជាមួយរូបថតច្រើនសន្លឹក ដែលលោក ហ៊ុន សែន បង្ហោះនៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក លោកបាន​សរសេរ​ថា៖ «កាលពីល្ងាចថ្ងៃ១៨ មករា ២០១៧ ក្រោយជំនួប ជាមួយ​នាយក​រដ្ឋមន្ត្រី​ស៊ុយអែត ខ្ញុំ​​សាក​ល្បង​ដើរ​​ក្នុង​ចម្ងាយ​ផ្លូវ ប្រមាណ៣០០ម៉ែត្រ។ ម្សិលមុិញថ្ងៃ១៩ មករា ២០១៧ ពេល​ទៅជួប​ប្រធានាធិបតី​ស្វីស ខ្ញុំ​ជិះ​រថយន្ត។ តែពេលត្រឡប់មកវិញ ខ្ញុំសាកល្បងដើរ ពីផ្ទះប្រធានាធិបតី មកកាន់​សណ្ឋាគារ​វិញ ក្រោម​​ធាតុ​អាកាស​ត្រជាក់ -១៨ ជាមួយភាពរអិល នៃទឹកកក ដែលតម្រូវឱ្យពាក់ទ្រនាប់ជើង ដូច​ទ្រនាប់​​ជើង​​សេះ ដើម្បី​កុំ​ឱ្យ​រអិល។»។

លោក ហ៊ុន សែន បានសរសេរ នៅចុងបញ្ចប់ នៃសំណេរនេះ យ៉ាងដូច្នេះថា៖ «សូមផ្តាំទៅអង្គការ ក្លូបល​វិចណេស និងបក្សពួក ល្មមឈប់ល្ងង់ និងឆ្កួតៗ​ទៀតទៅ។ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី គេធ្វើការ​ជាមួយ​គ្នា​បែប​នេះ ដែលជាទម្លាប់ធម្មតា នៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ បើខួរក្បាល​មិនទាន់ឡប់ ឬឆ្កួតទេ គួរចូល​សាលា​រៀន​ថែម​ទៀត​ទៅ កុំមកប្រឆាំងខ្ញុំ ទាំងឆ្កួតលីលា។»។

មន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី ក៏បានធ្វើប្រតិកម្ម​ប្រហាក់ប្រហែលគ្នានេះ តបទៅអង្គការ​ឃ្លាំ​មើល​ពិភពលោកវិញដែរ។ លោក ស៊ីផាន បានចាត់ទុក​ការ​លើក​ឡើង របស់អង្គការនេះ ថាជាការ«ញុះញង់ ប្រឌិតខុសពីការពិត» និងបាន​ហៅ​អង្គការ​អន្តរជាតិ ដែលមាន​ទីស្នាក់ការ​សាខា សឹងនៅគ្រប់ទិសទី ក្នុងពិភពលោក ថាជាអង្គការ «បីសាចអន្តរជាតិ» និងជាផ្នែកមួយ នៃ​ក្រុម​«ប្រតិកិរិយា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...