រដ្ឋមន្ត្រី​ព័ត៌មាន​ផ្ដល់​មេរៀន​«ទី១» ឲ្យ​វិទ្យុ​ ABC និង​អាចារ្យ​ A

នៅចំពោះការរិះគន់ ពីបណ្ដាជនទូទៅ ជាពិសេសនៅចំពោះ ភាព«គឃ្លើន» របស់វិទ្យុសម្លេងក្នុងស្រុកមួយ ឈ្មោះ «ABC» ដែល​មាន​នាយក ដាក់រហស្សនាមខ្លួន ហៅ «អាចារ្យ អេ» នោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ នៅរសៀលថ្ងៃនេះ ប្រាប់ឲ្យទូរទស្សន៍ប៉ុស្ដ៍លេខ ៣ បញ្ឈប់​កិច្ចសហការ​​ផលិត​​កម្មវិធី ជាមួយ​​នឹង​​វិទ្យុ​​មួយ​​នេះ ចាប់ពីថ្ងៃនេះ និង​ជាបន្ទាន់។
រដ្ឋមន្ត្រី​ព័ត៌មាន​ផ្ដល់​មេរៀន​«ទី១» ឲ្យ​វិទ្យុ​ ABC និង​អាចារ្យ​ A
ពីឆ្វេងទៅស្ដាំ៖ លោក សេង ប៊ុនវ៉េង ហៅអាចារ្យអេ ម្ចាស់វិទ្យុ អេប៊ីស៊ី និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មករា ២០១៧
  • កែប្រែចុងក្រោយ: January 24, 2017
  • ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការព្រមានម្ដងជាពីរដង ដោយមិនចេញឈ្មោះ ពីសំណាក់លោករដ្ឋមន្ត្រី ទំនងជា​មិន​បាន​ធ្វើ​ឲ្យ​វិទ្យុ​មួយ​នេះ ស្កៀប​ជើង​ធ្មេញ​ឡើយ រហូតបាន​ប្រកាស​សង្គ្រាម​«ពាក្យ​សំដី»​ជា​ចំហរ តាមរយៈ​កម្មវិធី​របស់​ខ្លួន​ត្រឡប់​មក​វិញ ដោយ​លើក​ឡើង​ថា ក្រុមអ្នករិះគន់នោះ ទាំង«ហ្វូង» រួមទាំងលោករដ្ឋមន្ត្រីផង មិន​យល់​ពីអ្វី ដែល​វិទ្យុ​ខ្លួន​កំពុង​ធ្វើ នៅក្នុងកម្មវិធី «ABC 3 spring» ដែលចាក់ផ្សាយផ្ទាល់ នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុស្ដ៍លេខ៣។

ប៉ុន្តែភាពគឃ្លើន​ជាច្រើនដង ពីសំណាក់​វិទ្យុនេះ បានជំរុញ​ឲ្យក្រសួង​ព័ត៌មាន ធ្វើប្រតិកម្ម។ សេចក្ដី​ប្រកាស​មួយ ដែលចេញផ្សាយ កាលពីរសៀលថ្ងៃទី២៤ ខែមករានេះ និងចុះហត្ថលេខា ដោយរដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្គាប់ ទៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ដ៍លេខ៣ តាមរយៈម្ចាស់ស្ថានីយ លោក ខាំពូន កែវ​មុណី ឲ្យបញ្ឈប់កិច្ចសហការ​ផលិតកម្មវិធី ជាមួយវិទ្យុ អេប៊ីស៊ី ដែលជាកម្មសិទ្ធិ របស់លោក លោក សេង ប៊ុនវ៉េង ហៅ«អាចារ្យ A»។ ការបង្គាប់នោះ ត្រូវចូលជាធរមាន ជាបន្ទាន់ និងចាប់ពីថ្ងៃជូន​ដំណឹង​នេះ​ត​ទៅ។

ក្នុងលិខិតនោះ មានសរសេរថា ក្រសួងព័ត៌មាន បានឯកភាពអនុញ្ញាត ឲ្យធ្វើកិច្ចសហការ ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុងការផលិតកម្មវិធីចម្រុះ ដើម្បីធ្វើការផ្សាយផ្ទាល់ តាមកញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោង ក្នុងមួយថ្ងៃ ចាប់ពីម៉ោង​ ៦ ដល់ម៉ោង ៩ព្រឹក។

លិខិតបានបន្តទៀតថា៖ «ប៉ុន្តែបន្ទាប់ពីដំណើការកម្មវិធីនេះ (បាន)មួយរយៈខ្លីមក ធ្វើឱ្យមហាជន​ជា​ច្រើន ធ្វើ​ការ​រិះគន់​ទៅ​លើ​ពិធីករ ពិធីការិនី កម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តិ នូវអំពើ​ពុំគួរ​គប្បី ដោយ​សម្តែង​កាយវិការ​មិន​សមរម្យ ការប្រើពាក្យសម្តី ខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និង​បាន​ប្រមាថ​មើល​ងាយ​អ្នក​ស្តាប់ ក៏ដូចជាទស្សនិកជន ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស ​និង​សេចក្តី​ថ្លៃថ្នូ របស់​ពិធីករ ពិធីការិនី​ផ្សេង​ទៀត»។

កាលពីប៉ុន្មានម៉ោងមុននេះ លោក ខៀវ កាញារីទ្ធ បានបង្ហោះសារមិនចំពោះមួយ នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក ព្រមាន​ពីពិធីករ ពិធីការិនី «ឡឺត»​មួយ​ចំនួន ដែល​មើលងាយ​សាធារណជន ថា​នឹង​មិន​ត្រូវ ឲ្យ​មាន​វត្តមាន នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នោះ​ទេ។ លោកបានសរសេរថា៖ «ថ្ងៃនេះ ខ្ញុំបាន​ណែនាំ​ថា ពិធីករ ពិធី​ការិនី​ណា ដែលឡឺត រហូតមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេង នៅលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ទេ ហើយ​បើស្ថានីយ​ឯកជនណា ដែលចង់រក្សាតម្លៃ​វិជ្ជាជីវៈ​របស់​ខ្លួន អនុម័ត​ជំហរ​នេះ​ទៀត គឺ​ជា​ការ​ប្រសើរ»។

ការលើកឡើង របស់លោករដ្ឋមន្ត្រី បានធ្វើឡើង​បន្ទាប់ពីកម្មវិធី «ABC 3 Spring» បានផ្សាយ​កាល​ពី​ព្រឹក នូវ​ប្រតិក​ម្ម​ខ្លាំងៗ​មួយ​ចំនួន ធ្វើ​ឡើង​តាមរយៈ ពិធីករ ពិធីការិនី រួមនឹងលោក សេង ប៊ុនវ៉េង ផង ចាត់​ទុក​ការ​រិះគន់ ​ពី​សំណាក់​បណ្ដាជន និងប្រិយមិត្ត​ទស្សនិកជន ថា​មាន​បំណង​ចង់​«កៀប»​​វិទ្យុ «អេប៊ីស៊ី» មិន​ឲ្យ​«បម្រើ​ប្រិយមិត្ត​ខ្មែរ» ដែល​តែង​ចូលចិត្ត និង​តាមដាន​ស្ដាប់ ទស្សនា​នូវ​កម្មវិធី​ផ្សាយ​របស់​ខ្លួន។

ប្រតិកម្មរបស់វិទ្យុ «អេប៊ីស៊ី» កាលពីព្រឹកនេះ មានរាប់បញ្ចូល ការថ្លែងខ្លាំងៗ បាញ់ឆ្ពោះដោយ​ត្រង់ៗ ទៅ​កាន់​លោក ខៀវ កាញារីទ្ធ ដែល​បាន​សរសេរ​សារ «មិនចំពោះ»មួយ កាលពីថ្ងៃអាទិត្យ​ នៅលើ​​គណនេយ្យ​ហ្វេសប៊ុក​​ដដែល​​​របស់​លោក ដូច្នេះថា៖ «បណ្តុះបណ្តាល​ពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ មិនមែន​ជា​ការ​លេង​ទេ ហើយ​រឹតតែ​​មិនមែន​ងាយ​ទៀត។ បណ្តុះបណ្តាល អ្នកនិយាយព័ត៌មាន ព្រោះ​មិនមែន​គ្រាន់តែ​និយាយ ​ឲ្យ​លឺ​នោះ​ទេ ត្រូវមាន​ទាំង​សីលធម៌ មានទាំងចំណេះដឹង។ សូមថែរក្សា​អាជីពនេះ ឲ្យថ្លៃថ្នូរ បើមិន​ដូចនេះ​ទេ អាជីព​នេះ​សូម​ធាក់​អ្នក​ចេញ​ហើយ !»។

» ទស្សនាការលើកឡើង របស់វិទ្យុ «អេប៊ីស៊ី» នៅក្នុងកម្មវិធី «ABC 3 Spring» នៅព្រឹកថ្ងៃអង្គារនេះ៖

រឿងរ៉ាវ បានផ្ទុះឡើងខ្លាំង កាលពីចុងសប្ដាហ៍កន្លងមក បន្ទាប់ពីពិធីការិនីវ័យក្មេងម្នាក់ បានបង្ហាញ​​កាយ​វិការ​ច្រងេង​​ច្រងាង នៅ​ក្នុងកម្មវិធីផ្សាយ​ផ្ទាល់​ខាងលើ រាប់ទាំងការ​លោត​កន្លងតុ ការស្ទុះ​ទៅ​ទះតប់ (ទោះតិច​តួច​ក្ដី) និង​ការ​ប្រើប្រាស់​ភាសា​​មិន​សម​ប្រកប ខណៈកម្មវិធីខ្លួន​កំពុង​​ផ្សាយ​ផ្ទាល់ នៅចំពោះ​ទស្សនិកជន​គ្រប់​វ័យ ​រាប់​ទាំង​កុមារៗ​នោះ​ផង។ កាយវិការ​ខាង​លើ របស់ពិធីការិនី ដែលបានរង​ការ​រិះគន់ខ្លាំងៗ ពី​បណ្ដា​ប្រិយមិត្ត​​​របស់​​​ខ្លួន​​នោះ ត្រូវបាន​វិទ្យុនេះ​បកស្រាយថា ជាការសំដែង​សិល្បៈ ឬឈុតឆាក​កំប្លែង។

គួរបញ្ជាក់ដែរថា ​នេះ មិនមែនជាលើកដំបូងទេ ដែលក្រសួង​ព័ត៌មាន ចេញមុខធ្វើប្រតិកម្ម តបនឹង​លោក សេង ប៊ុនវ៉េង ឬវិទ្យុអេប៊ីស៊ីរបស់លោក។ កាលពីលើកមុន គឺនៅអំឡុងខែសីហាកន្លងទៅ ប្រតិកម្មខ្លាំងៗរបស់​ក្រសួង​​បាន​កើតឡើង បន្ទាប់​​ពី​​លោក «អាចារ្យ អេ» ម្នាក់នេះ បានធ្វើ​​អត្ថាធិប្បាយ ​តាម​រយៈ​វិទ្យុ​​របស់​ខ្លួន ​លើក​ពី​ស្ត្រី​បម្រើ​ការ នៅ​តាម​ហាង​ខារាអូខេ​ថា​ «គួរលក់ខ្លួន ឲ្យអ្នកមាន​លុយ​ ជាជាង​បន្ត​អង្គុយ​កំដរ (ឬផឹកស្រា​បៀរ) ជា​មួយ​​ភ្ញៀវ»។ ប្រតិកម្ម​​របស់​​ក្រសួង​ព័ត៌មានទាំងនេះ បាន​បន្ថែម​​តួ​លេខ ទៅក្នុង​បញ្ជីប្រតិកម្ម​​​​ជា​​ច្រើន​​ផ្សេង​​ទៀត មក​​ពី​មជ្ឈដ្ឋាន​នានា ក្នុង​ពេលកន្លងមក ប្រឆាំងនឹងស្ថានីយ៍វិទ្យុមួយនេះ ដែល​តែង​​អួតអាង​​ថា ខ្លួន​​បម្រើ-ជួយ​​សង្គម និង​​មិន​ខ្វល់​ពី​កំហុស ដែលខ្លួន​បាន​ប្រព្រឹត្តិ ត្រឹម​តែ «មួយ-ពីរ»។

កំហុស«មួយ-ពីរ» តែជាអំពើខុសច្បាប់។ នេះ បើគេត្រឡប់​ទៅនិយាយ រំលឹកការ​យក​រថយន្ដ គិលាន​សង្គ្រោះ​ (ឬ​រថយន្ដ​ដឹកសាកសព) របស់វិទ្យុមួយនេះ ទៅដឹកទឹកផ្លែឈើ​«ខុស​ច្បាប់»​ជាច្រើនហិប ដើរ​ដាក់​ឲ្យ​«ម៉ូយ» និង​​បន្ទាប់​មក នៅដើមខែសីហា រថយន្ដនេះត្រូវបាន ក្រុមអធិការកិច្ច របស់​មន្ទីរ​​សុខាភិបាល​​រាជធានី ធ្វើការ​ឃាត់​ទុក បង្កឲ្យ​មាន​សង្គ្រាម​ពាក្យ​សំដី យ៉ាងខ្លាំងក្លា។

ប៉ុន្តែ នៅពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខ មកការពារ​វិទ្យុមួយនេះ និង​បែរ​ជា​ដាក់​កំហុស ទៅលើមន្ទីរ​សុខាភិបាល​រាជធានីទៅវិញ។ ក្រោម​ហេតុផលថា មន្ទីរមិន​បាន​ធ្វើ​របាយការណ៍ «ជូន​ទៅ​ថ្នាក់​លើ» លោក​ ហ៊ុន សែន បាន​ដក​អតីតប្រធានមន្ទីរ លោក សុខ សុគន្ធ ដែល​ជាមន្ត្រីរដ្ឋមួយ​រូប ចេញពី​តំណែង។ នោះ ដោយ​គ្រាន់តែមន្ត្រីរូបនេះ បានអនុវត្តន៍ច្បាប់​ដោយ​ត្រឹមត្រូវ ប្រឆាំង​នឹងវិទ្យុ​របស់​លោក «អាចារ្យ A» ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...