បុរស«Designated Survivor»ដ៏អាថ៌កំបាំង អាចជំនួសតំណែង ត្រាំ
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២០ មករា ២០១៧
- កែប្រែចុងក្រោយ: January 20, 2017
- ប្រធានបទ: ប្រធានាធិបតីអាមេរិក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វរជន«ជ្រើសតាំងដែលមិនស្លាប់» ដែលហៅជាភាសាអង់គ្លេស «Designated Survivor» ភាសាបារាំង «Survivant Désigné» ជាមនុស្សអាថ៌កំបាំងមួយរូប ស្ថិតនៅពីក្រោយ ពិធីស្បថចូលតំណែង ជាប្រធានាធិបតីអាមេរិក របស់លោក ដូណាល់ ត្រាំ (Donald Trump)។ ជននេះនឹងក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ប្រសិនជាលោក ដូណាល់ ត្រាំ និងសមាជិករដ្ឋាភិបាលថ្មី បានទទួលគ្រោះ«ស្លាប់»ទាំងអស់ នៅក្នុងអំពើភេរវកម្ម ឬនៅក្នុងគ្រោះធម្មជាតិណាមួយ ដែលកើតឡើងជាយថាហេតុ។
ជននេះ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណទេ រហូតលុះត្រាដល់ដំណាក់កាលចុងក្រោយ បើសូម្បីតែខ្លួនឯងក៏ដោយ។ នៅនាទីចុងក្រោយនោះ វរជន«ជ្រើសតាំងដែលមិនស្លាប់»ម្នាក់នេះ នឹងត្រូវដឹកយ៉ាងសម្ងាត់ តាមឧទ្ធម្ភាគចក្រ ទៅកាន់ទីកន្លែង ដ៏អាថ៌កំបាំងមួយ ដែលជាទូទៅអាចជាមូលដ្ឋានយោធា។
លោក «François Durpaire» អ្នកស្រាវជ្រាវជាតិបារាំងមួយរូប បានថ្លែងឡើងថា៖ «គំនិត ឲ្យមានជាវរជន"ជ្រើសតាំងដែលមិនស្លាប់"នេះ បានកើតឡើង នៅក្នុងសម័យកាលសង្គ្រាមត្រជាក់ ជាមួយនឹងការយល់ឃើញ ទាក់ទងនឹងគ្រោះថ្នាក់ធម្មជាតិ ឬគ្រោះថ្នាក់ដោយគ្រាប់បែកនុយក្លេអ៊ែរ ដែលអាចកើតមានឡើង»។
គឺប្រធានាធិបតីផុតតំណែង លោក បារ៉ាក់ អូបាម៉ា ជាអ្នកតែងតាំងវរជន «ជ្រើសតាំងដែលមិនស្លាប់» នេះឡើង។ អ្នកស្រាវជ្រាវបារាំងដដែល បានបញ្ជាក់ទៀតថា៖ «ក្រោមមូលហេតុសុវត្ថិភាព និងសន្តិសុខជាតិ សាមីខ្លួនមិនត្រូវបានប្រាប់ឲ្យដឹងខ្លួនជាមុនទេ រហូតដល់ដំណាក់កាលចុងក្រោយ។ បើសូម្បីក្រុមគ្រួសាររបស់ជននេះ ក៏មិនបានដឹងអ្វីទាំងអស់ដែរ។»។
ជាទូទៅ វរជន«ជ្រើសតាំងដែលមិនស្លាប់»នេះ អាចជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ឬក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលបានកាន់តំណែង នៅក្នុងអាណត្តិ នៃប្រធានាធិបតីផុតតំណែង៕