ហ៊ុន សែន ទម្លាយ​រឿង​អាស្រូវ​«ផ្លូវ​ភេទ» របស់​មន្ត្រី​«Global Witness»

បន្ទាប់ពីហៅអង្គការឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស «Global Witness» ថាជាអង្គការ ឆ្កួត​លីលា ឡប់ និង​ល្ងង់​នោះ​រួច លោក ហ៊ុន សែន នៅបាន​បង្ហើប​​ពីរឿង​​អាស្រូវ​​​ផ្លូវភេទ​មួយ ដែល​​លោក​អះអាង​ថា បាន​កើត​ឡើង​ទៅ​លើ​បុគ្គលិកស្រី ជាតិ​ខ្មែរ​កាត់​បារាំង​មួយរូប​ របស់អង្គការអន្តរជាតិមួយនេះ។
ហ៊ុន សែន ទម្លាយ​រឿង​អាស្រូវ​«ផ្លូវ​ភេទ» របស់​មន្ត្រី​«Global Witness»
រូបភាពក្របខាងក្រៅ នៃរបាយការណ៍ «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់អង្គការ គ្លបប៊ល វិតណេស។ (រូបថតផ្តិតពីអេក្រង់)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មករា ២០១៧
  • កែប្រែចុងក្រោយ: January 20, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិកម្ម​របស់លោក ហ៊ុន សែន ពិតជាមិនធម្មតា និងមើលទៅ នៅមានវែងឆ្ងាយតទៅមុខទៀត! នោះគឺ​ការ​ទម្លាយ រឿង​អាស្រូវ​ផ្លូវភេទ ដែលលោក​នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ជាអាថ៌កំបាំង របស់​បុគ្គលិក​ស្រី ជាតិ​ខ្មែរ​កាត់​បារាំង​មួយ​រូប នៃអង្គការឃ្លាំមើលពិភពលោក (Global Witness) នៅអំឡុងពេល​ដែល​​បុគ្គលិក​រូប​នេះ មាន​វត្តមាន​មកធ្វើការ​នៅកម្ពុជា។

នៅពីក្រោមពាក្យផ្ដាំផ្ញើរ ដែលនាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់​អង្គការអន្តរជាតិខាងលើ ឲ្យឈប់ល្ងង់ ឈប់​ឆ្កួត និងគួរ​ទៅរៀន​បន្ថែមទៀតនោះ លោក ហ៊ុន សែន នៅបានលើកពីអាថ៌កំបាំង នៃរឿងរ៉ាវផ្លូវភេទ នៅក្នុងផ្នែក​ដាក់​​មតិ​យោបល់​ ដូច្នេះថា៖ «រឿង Global Witness ចាប់ផ្តើមពីបុគ្គលឹកស្រីម្នាក់ ខ្មែរកាត់​បារាំង ទៅធ្វើការ​នៅ​កម្ពុជា ទៅលួចសាហាយ ជាមួយប្តីគេ ដល់ប្រពន្ធគេ​ទៅតាមរករឿង​ដល់ផ្ទះ បែជាចោទថា អ្នករក​សុីកាប់​ឈើ ទៅ​រក​រឿង»។

លោក ហ៊ុន សែន នៅបានពន្យល់ថា បុគ្គលិកស្ត្រីរូបនោះ មានម្ដាយជាតិខ្មែរ និងឪពុកជាតិបារាំង។ លោក​បាន​សរសេរ​បញ្ជាក់ទៀតថា៖ «ពេលនោះ ទូតអង់គ្លេសក៏ដឹងរឿងនេះ។ រឿងអាស្រូវ​ផ្លូវ​ភេទ គេបង្វែរ​ទៅ​ជា​រឿង​ផ្សេង ពិត​ជា​​ថោកទាប​​មែន។»។

លោក ហ៊ុន សែន មិនបានបង្ហើបបន្តទេថា តើបុគ្គលិកស្ត្រីនោះជានរណា ឈ្មោះអ្វី បើទោះ​ជា​ប្រិយមិត្ត​របស់​លោក នៅ​លើ​ទំព័រ​​ហ្វេសប៊ុក បាន​ឈ្លេច​​សួរ​លោក​​យ៉ាង​ណា​​ក៏ដោយ។ ប៉ុន្តែការ​អះអាង​របស់​​លោក​នេះ ទំនង​ជា​​ចង់​ផ្ដល់​ទម្ងន់ ទៅ​លើ​ប្រតិកម្ម​​ខាងលើ​របស់​លោក ដែលចាត់ទុកអង្គការ «Global Witness» ដែល​មាន​​ទីស្នាក់ការ​​ធំ នៅរាជធានី ឡុងដ៍ ប្រទេសអង់គ្លេស ថាបានប្រឆាំង​លោក ទាំង​​«ឆ្កួត​លីលា»។

កាលពីថ្ងៃពុធ ទី១៨ ខែមករា អង្គការអន្តរជាតិមួយនេះ ដែលមានបណ្ដាញ សឹងនៅពាសពេញ​ពិភព​លោក បាន​រិះគន់លោក ហ៊ុន សែន និង​របប​ដឹកនាំ​របស់លោក តាមរយៈសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ថា​ពោរ​ពេញ​ដោយអាថ៌កំបាំង ការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ បក្ខពួក​និយម ជាមួយ​នឹង​ការ​ក្ដោប​​ក្ដាប់ នៅក្នុងដៃនៃសមាជិកគ្រួសារត្រកូល «ហ៊ុន» នូវសរសៃឈាមសេដ្ឋកិច្ចជាតិកម្ពុជា។ ការចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន បាន​ធ្វើ​ឡើង នៅស្របពេលដំណើរទស្សនកិច្ច របស់លោក ហ៊ុន សែន នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តិទៅ នៅក្រុង ដាវូស (Davos - ប្រទេសស្វីស)។

អ្នកស្រី អេលីស ហារីសាន់ (Alice Harrison) មន្ត្រីប្រឹក្សាខាងទំនាក់ទំនង របស់អង្គការឃ្លាំមើល​ពិភពលោក បាន​ថ្លែង នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​នោះ​ថា វេទិកា​សេដ្ឋកិច្ចពិភពលោកនេះ ​គួរ​បិទ​ទ្វារ​​​មិន​ត្រូវ​​ឲ្យ​​​មនុស្ស​​​​ដូច​លោក ហ៊ុន សែន​ ចូលរួម​ឡើយ។ អ្នកស្រី​​ថា៖ «លោក ហ៊ុន សែន និង​​គ្រួសារ​​​របស់​គាត់ ​កំពុង​ក្ដោប​ក្ដាប់​​សេដ្ឋកិច្ច​​​របស់​​​ប្រទេស។ ដូច្នេះ ​រាល់​​ទឹក​ប្រាក់​​​ទាំង​​​ឡាយ ​របស់​ក្រុម​​អ្នក​​វិនិយោគ​​ទុន​ ថ្មីៗ​ទាំង​នោះ នឹង​អាច​ធ្លាក់​ចូល ទៅ​ក្នុង​​ហោប៉ៅ​​​ផ្ទាល់ របស់​​ពួក​គេ។»

រឿងរ៉ាវ មិនមែនមានត្រឹម​តែ​សេចក្ដី​ប្រកាសព័ត៌មានមួយនេះទេ តែនៅក្នុងពេលកន្លងមក អង្គការ «Global witness» នៅបានចេញរបាយការណ៍​អង្កេត​របស់​ខ្លួន ពាក់ព័ន្ធនឹង​ករណី​រសើបៗ​ជាច្រើន ក្នុងនោះមាន របាយ​ការណ៍ ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និង​សម្បត្តិ​ធនធាន​​ធម្មជាតិ​ ការ​​បើក​​កកាយ ពី​​អំពើ​​ពុក​រលួយ និង​ជា​ពិសេស ការ​ឃុបឃិតគ្នា ដើម្បីធ្វើមានបាន ដែលមានលក្ខណៈ​​ជា​​ប្រព័ន្ធ នៅ​​ក្នុង​​ចំណោម​​​ក្រុម​​គ្រួសារ របស់​អ្នក​កាន់​អំណាច នៅ​កម្ពុជា និង​និយាយឲ្យចំ គឺក្រុម​​គ្រួសារ​​ត្រកូល «ហ៊ុន» តែ​​ម្ដង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...