ជនបរទេស... ហាមចូលរួមបោះឆ្នោតនៅកម្ពុជា!
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២០ មករា ២០១៤
- កែប្រែចុងក្រោយ: January 20, 2015
- ប្រធានបទ: កំណែទម្រង់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលបោះឆ្នោតលើកក្រោយៗទៀត ជនបរទេសទាំងនោះ នឹងមិនអាចមានសិទ្ធិចូលរួម ក្នុងការបោះឆ្នោតថ្នាក់ជាតិទៀតទេ។ នេះបើតាមការថ្លែងស្របគ្នា រវាងក្រុមការងារបច្ចេកទេស នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីជំនួបកាលពីថ្ងៃទី១៩ ខែមករា ម្សិលម៉ិញ ស្ដីពីកិច្ចពិភាក្សាលើសេចក្ដីព្រាងច្បាប់ គ.ជ.ប ថ្មី។
កន្លងមកសង្គមស៊ីវិលជាច្រើន ដែលធ្វើការពាក់ព័ន្ធ ធ្លាប់អះអាងថា ក្នុងបញ្ជីបោះឆ្នោតនៅកម្ពុជា ស្ទើរគ្រប់អាណត្តិ មានឈ្មោះជនបរទេសជាច្រើន ដែលមានសិទ្ធិ និងផ្តល់សិទ្ធិដោយអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមឃោសនា និងការបោះឆ្នោតនៅកម្ពុជា។ ជាពិសេសជនជាតិបរទេស ដែលបានស្នាក់ និងរស់នៅក្នុងប្រទេសកម្ពុជា និងជនបរទេស មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ទើរតែទាំងអស់ សុទ្ធតែធ្លាប់បានចូលរួមក្នុងការបោះឆ្នោតនានា នៅកម្ពុជា។
មិនអាចចូលរួមបោះឆ្នោត ជារឿងមួយ តែជនបរទេសទាំងនោះ មិនអាចឃោសនា ឬបញ្ចេញមតិអ្វីឡើយ និងត្រូវប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត្យ មិនលម្អៀង។ តំណាងគណបក្សប្រជាជនកម្ពុជា លោកប៊ិន ឈិន បានលើកឡើងថា ៖ «ជនបរទេសដែលមកនៅស្រុកយើង…. មិនមែនជាបុគ្គលិកអង្គការ ហាមឃោសនា ហាមបញ្ចេញមតិ។ ដើម្បីកំឲ្យបំពុលបរិយាកាស ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត ពិសេសការប្រកាសលទ្ធផលនៃការបោះឆ្នោត។»
ដោយឡែកលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ មិនបានឆ្លើយនូវសំនួរដែលបានលើកឡើងថា តើសង្គមស៊ីវិល ឬជនបរទេសគ្មានសិទ្ធិក្នុងការចូលរួមក្នុងការឃោសនា បើទោះជាមានសញ្ជាតិកម្ពុជាក៏ដោយនោះទេ។ លោកគ្រាន់តែអះអាង ពីការកំណត់នូវសិទ្ធិរបស់សង្គមស៊ីវិល ក្នុងយុទ្ធនាការឃោសនា និងការចូលរួមបោះឆ្នោតប៉ុណ្ណោះ។ ពិសេស សិទ្ធិរបស់ជនបរទេស មិនអាចចូលរួមក្នុងយុទ្ធនាការឃោសនា ឬការបោះឆ្នោតនៅកម្ពុជានោះឡើយ។
យ៉ាងណាក៏ដោយ បើទោះជាមានមិនយល់ស្របគ្នា លើករណីណាមួយនោះ លោក គួច ប៊ុនរឿន ថ្លែងថា នឹងត្រូវបញ្ជូនឲ្យថ្នាក់ដឹកនាំកំពូល ជាអ្នកសម្រេច ខណៈលោក ប៊ិន ឈិន និយាយថា បញ្ជូនទៅថ្នាក់ដឹកនាំទាំងពីរ នៅតែមិនអាចសម្រេចបាន ទើបត្រូវបញ្ជូនទៅរដ្ឋសភាអនុម័ត។ ការថ្លែងរបស់តំណាងគណបក្សទាំងពីរ ខុសគ្នាបន្តិចពីការលើកឡើង របស់លោក ហ៊ុន សែន ដែលប្រកាសកាលពីព្រឹកថ្ងៃ ទី១៩ ខែមករាថា បើក្រុមការងារបច្ចេកទេសទាំងពីរ ពិភាក្សាមិនត្រូវគ្នាទេ ត្រូវបញ្ជូនទៅរដ្ឋសភាជាអនុម័តបញ្ចប់តែម្តង ដោយពុំបាច់ឆ្លងកាត់ជំនួបថ្នាក់ដឹកនាំកំពូលនោះទេ។
សូមបញ្ជាក់ដែរថា នៅក្នុងជំពូកទី៨ នៃសេចក្តីព្រាងច្បាប់ បោះឆ្នោតនេះ ក្រុមការងារគណបក្សទាំងពីរបានឯកភាពគ្នាបានចំនួន ២៧មាត្រាក្នុងចំណោម ៥៤មាត្រា។
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសតំណាងគណបក្សទាំងពីរដូចខាងក្រោម៖ (មកដល់ក្នុងពេលក្រោយ)