មន្រ្តី CNRP ថា​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​គ្មាន​សិទ្ធិ​ដក​«អភ័យឯក​សិទ្ធិ» ពី​តំណាង​រាស្ត្រ​ទេ

ការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលដកនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជា​សមាជិក​រដ្ឋសភា ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នោះ ត្រូវ​បាន​មន្ត្រី​ច្បាប់ មកពី​គណបក្ស​នេះ ចាត់​ទុក​ថា ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៦ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 18, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយ យ៉ាងប្រញ៉ាប់ប្រញ៉ាល ក្នុងព្រឹកថ្ងៃទី១៦ ខែ​វិច្ឆិកា​កន្លងមក​នេះ ដកនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលកំពង់ចាម នីតិកាល​ទី៥នេះ ពីប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។ កិច្ចប្រជុំ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា​ដដែល​នេះ បានធ្វើការបដិសេធចោល ​នូវសំណើររបស់សមាជិកសភា មកពីគណបក្សប្រឆាំង ដែលស្នើឲ្យទម្លាក់​ចោល នូវ​ដីកាចាប់ខ្លួនលោក សម រង្ស៊ី នោះ។

ការសម្រេចរបស់ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នេះ ត្រូវបាន លោក រស់ សួ មន្រ្តីបច្ចេកទេស​ច្បាប់ មកពីគណបក្សសង្គ្រោះជាតិ ចាត់ទុកថាជាការសម្រេច ដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ។ ក្នុងកិច្ច​សម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួ បានបញ្ជាក់ថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពុំមានសិទ្ធិក្នុងការសម្រេច ដកអភ័យឫកសិទ្ធិ ឬដកហូតតំណែង តួនាទីនៃសមាជិករដ្ឋសភាណាម្នាក់​បាន​ឡើយ។ លោកអះអាងថា តាមច្បាប់រដ្ឋធម្មនុញ្ញ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា មានសិទ្ធិត្រឹមតែទទួល ឬ​ស្នើ ឲ្យមានកិច្ចប្រជុំពេញអង្គ ដើម្បីសម្រេចប៉ុណ្ណោះ។ លោកថា ករណីខាងលើនេះ ទាល់តែសភាពេញអង្គ ដែល​មានសម្លេង «ពីភាគបី» ទេ ទើបមានសិទ្ធិសម្រេច។

មន្រ្តីជំនាញខាងច្បាប់ របស់គណបក្សប្រឆាំង បានថ្លែងឲ្យដឹងថា៖ «តាមរដ្ឋធម្មនុញ្ញ រឿងអីដែលគណៈ​កម្មាធិការ​អចិន្រ្តៃយ៍ រដ្ឋសភាជាង១០រូបនោះ មានសិទ្ធិសម្រេច លើសម្លេងប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រ តំណាងរាស្រ្តម្នាក់បាន!។ លោក សម រង្ស៊ី បើទោះបីតំណាងរាស្រ្តទាំងអស់ (៦៨រូប) មកពីគណបក្ស​ប្រជាជន​កម្ពុជា ក៏នៅមិនមានសម្លងគ្រប់ សម្រាប់ដកតំណែងតំណាងរាស្រ្តណាម្នាក់ បានដែរ។»

បន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ក្នុងព្រឹកដដែលនេះ អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន  ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយយោងតាមប្រការ៨៣ថ្មី នៃបទបញ្ជា​ផ្ទៃក្នុងរដ្ឋសភា, មាត្រា១៣៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងមាត្រា១៤ នៃច្បាប់ស្តី​ពីលក្ខន្តិកៈតំណាងរាស្រ្ត ដូច្នេះលោក សម រង្ស៊ី សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌល​កំពង់ចាម នីតិកាលទី៥។

ប៉ុន្តែមន្ត្រីច្បាប់ លោក រស់ សួ បានលើកយកមាត្រា៨០ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលកម្ពុជា ហើយ​គ្រប់ច្បាប់ ឬបញ្ញត្តិណាក៏ដោយ ត្រូវស្របតាមរដ្ឋធម្មនុញ្ញ មកថ្លែងបញ្ជាក់វិញថា៖ «តំណាងរាស្ត្រ មាន​អភ័យ​ឯក​សិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយ​ហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងារ របស់ខ្លួនសោះឡើយ។ (...) សេចក្ដីសម្រេច របស់​គណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគច្រើន ពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការ​ចោទ​ប្រកាន់ តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិ ឱ្យផ្អាកតាមមតិភាគច្រើន បីភាគ​បួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។»

សូមរំលឹកថា លោក សម រង្ស៊ី ត្រូវបានព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ «ចេញដីកាឲ្យចាប់ខ្លួន» កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ដីកានេះ បានធ្វើការទាមទារដោយលោក ការ សាវុទ្ធ មេធាវីរបស់លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា ដែលបានប្តឹងលោក សម រង្ស៊ី ពីបទ «បរិហាកេរ្តិ៍សាធារណៈ និង​ញុះញង់ ឲ្យមានការរើសអើង» កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នៅសារមន្ទីរបឹងជើងឯក ក្រុងភ្នំពេញ។ កាល​នោះលោក សម រង្ស៊ី បានចោទប្រកាន់លោក ហោ ណាំហុង ថាជាប្រធានជំរំបឹងត្របែក ក្នុងសម័យ​ខ្មែរ​ក្រហម។

សាលដីកាព្រហ្មទណ្ឌស្ថាពរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ បានធ្វើឲ្យសាល​ក្រម​ព្រហ្ម​ទណ្ឌ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ និងសាលក្រមព្រហ្មទណ្ឌ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ របស់​សាលា​ដំបូងរាជធានីភ្នំពេញ ចូលជាស្ថាពរ។ រហូតមកទល់ពេលនេះ ក៏មានដីកាថ្មីមួយ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ សម្រេចឲ្យចាប់ខ្លួនលោក សម រង្ស៊ី តែម្តង ដេលក្នុងដីការនោះបានសរសេរយ៉ាងខ្លីថា លោក សម រង្ស៊ី ដែលជាប់ឈ្មោះ ជាទណ្ឌិតមិនទាន់បានអនុវត្តន៍ទោស នៅឡើយ។

សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ មានការពង្រាយ នូវកងកម្លាំងចម្រុះជាច្រើន នៅតាម​ចំណុច​សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ពិសេសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...