ធី សុវណ្ណថា៖ ហេតុអ្វី...?
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 30, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចប់ហើយ! លែងឃើញទៀតហើយ ការបង្ហោះផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់កញ្ញា ធី សុវណ្ណថា ដែលនិយាយពីសកម្មភាព នៅតំបន់ព្រៃអារ៉ែង ឬសកម្មភាពទាមទារ«យុត្តិធម៌» ដែលគេតែងតែឃើញ មិនដែលសូវលោះ នូវវត្តមានរបស់ម្ចាស់ទំព័រ ធ្វើសេចក្ដីរាយការណ៍ និងចូលរួមឈឺឆ្អាល ពីទីនោះមក។ ជាពិសេស វាចប់ជាស្ថាពរ នូវសម្រែកដែលធ្លាប់ស្រែកថា «តុលាការកម្ពុជាអយុត្តិធម៌ណាស់» និងបែរជា ត្រូវស្វែងរក «យុត្តិធម៌» តាមរយៈតុលាការកម្ពុជាទៅវិញ។
វាជាការផ្លាស់ប្ដូរមួយ ដែលអ្នកដែលធ្លាប់គាំទ្រកញ្ញា ធី សុវណ្ណាថា នឹកស្មានមិនដល់ និងមិនយល់ រួចស្រែកសួរថា «ហេតុអ្វី?»។ ផ្ទុយទៅវិញ ពាក្យ«ហេតុអ្វី»នេះ ក៏ត្រូវកញ្ញា ធី សុវណ្ណថា ខ្លួនឯងចោទសួរដែរ ទៅកាន់បណ្ដាអ្នកគាំទ្រ និងតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ពីហេតុផលដែលនាងចាត់ទុកខ្លួនឯង ជាជនរងគ្រោះ នៅចំពោះការបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សម្លេងមួយ។
ដូចនៅថ្ងៃនេះជាដើម កុំថាឡើយឃើញកញ្ញា ធី សុវណ្ណថា ចូលរួមក្នុងសកម្មភាព ជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីយុទ្ធនាការមួយ ដែលគណបក្សនេះនិយាយថា ចង់ទាមទារឲ្យគោរពច្បាប់ និងអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។ តែបើសូម្បីរូបថតស្ដីពីសកម្មភាព នៃការតវ៉ារបស់នាង ដែលនាងប៉ងបង្អាក់ក្រុមអ្នកតំណាងរាស្ត្រ មិនឲ្យចូលទៅដាក់ញត្តិថ្វាយព្រះមហាក្សត្រនោះ ក៏គេមិនឃើញនាងបង្ហោះ បង្ហាញប្រិយមិត្តរបស់នាងដែរ។
ផ្ទុយទៅវិញ គេបែរជាឃើញនាង បង្ហោះឃ្លីបវីដេអូ នៃការថ្លែងសារខ្លីមួយ នៅក្នុងរថយន្ដ«ទំនើប»របស់ខ្លួន តែម្នាក់ឯង ដើម្បីលើកជាសំនួរ ទៅកាន់បណ្ដាអ្នកគាំទ្រ និងអ្នកតំណាងរាស្ត្រ របស់គណបក្សប្រឆាំង ថា«ហេតុអ្វី ៗ»។
» សូមទស្សនា វីដេអូនោះដូចតទៅ៖
តែសំនួររបស់នាង សួរថា «ហេតុអ្វី»នេះ ប្រាកដជាគ្មានចម្លើយតប ឲ្យបានត្រឹមត្រូវទេ ប្រសិនបើខ្លួននាងផ្ទាល់ មិនបានឆ្លើយជាមុន ទៅកាន់ក្រុមអ្នកធ្លាប់គាំទ្រនាង ពីសំនួរថា «ហេតុអ្វីបាននាងផ្លាស់ប្ដូរគោលជំហរដូច្នេះ»៕