ជនបរទេសព្រមានគ្នីគ្នា ពីសុវត្ថិភាពក្នុងប្រទេសកម្ពុជា
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 30, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងដែលកម្ពុជាខ្លួនឯងមិនចង់បាននោះ វាកំពុងកើតជាបន្តបន្ទាប់ នៅពេលនេះ ក្រោយពីភាពស្ងប់ស្ងាត់មួយរយៈ រាប់ចាប់តាំងពីដំណោះស្រាយនយោបាយ នៅខែកក្កដា ឆ្នាំ២០១៤នោះមក។ រដ្ឋាភិបាលកម្ពុជា ថាខ្លួនកំពុងអនុវត្តច្បាប់ តែខាងគណបក្សប្រឆាំង បាននិយាយពីការគម្រាមចាប់ចង ដោយយកប្រព័ន្ធតុលាការមកធ្វើជាលេស និងដោយរំលោភរដ្ឋធម្មនុញ្ញ។ ភាពប្រទាំងប្រទើសនេះ បានបង្កឲ្យមានការប្រឈមមុខដាក់គ្នា រវាងក្រុមអ្នកគាំទ្រ កងកម្លាំងប្រដាប់ដោយអាវុធ «ធុនធ្ងន់» ជាច្រើននាក់ ក៏ដូចជាការព្រមានថ្មីៗ ស្ដីពីការធ្វើ«មហាបាតុកម្ម»នោះជាដើម។
ហើយហេតុការណ៍ខាងលើ ត្រូវបានស្ថានទូតបរទេស និងទីភ្នាក់ងារទេសចរណ៍មួយចំនួន លើកយកមកព្រមាន ដល់ពលរដ្ឋ និងអតិថិជនរបស់ពួកគេ ឲ្យធ្វើការប្រយ័ត្នប្រយែង សម្រាប់ការធ្វើដំណើរ ទៅកាន់ ឬនៅក្នុងប្រទេសកម្ពុជា។ ការព្រមានដែលគេបានឃើញមុនគេនោះ គឺក្រសួងការបរទេសអូស្ត្រាលី បានបង្ហោះរឿងនេះ តាំងពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ដោយអះអាងពីបាតុកម្ម និងពីការជួបជុំបែបនយោបាយ ដែលអាចប្រែក្លាយទៅជាអំពើហិង្សា។ ជនបរទេសដែលជាប់ទាក់ទងនឹងបាតុកម្ម អាចត្រូវបានឃាត់ខ្លួន និងបណ្ដេញចេញពីប្រទេស។
បន្ទាប់មកទៀត នៅនឹងទំព័រហ្វេសប៊ុករបស់ស្ថានទូត ស៊ុយអ៊ែដ ប្រចាំនៅកម្ពុជា បានសរសេរព្រមានពលរដ្ឋគេ ពីស្ថានភាពថ្មីៗនៅកម្ពុជា ដូច្នេះថា៖ «ក្រោមមូលហេតុនៃភាពតានតឹងផ្នែកនយោបាយ ដែលចេះតែកើនឡើង នៅក្នុងរយៈពេលចុងក្រោយនេះ អ្នកដំណើរជាតិស៊ុយអែដទាំងឡាយ ត្រូវបានជូនដំណឹង ឲ្យជៀសចេញពីរាល់ការជួបជុំជាសាធារណៈ និងរាល់ការប្រមូលផ្ដុំទាំងអស់ ព្រមទាំងត្រូវតាមដានសេចក្ដីប្រកាស នៅតាមប្រព័ន្ធផ្សព្វផ្សាយ»។
សម្រាប់រដ្ឋាភិបាលនៃប្រទេសកាណដាវិញ បានសរសេរអក្សរធំៗ ដាក់នៅក្នុងគេហទំព័រ «ឱវាទសម្រាប់ការធ្វើដំណើរ ទៅបរទេស»របស់ខ្លួនថា៖ «សូមធ្វើការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត»។ គេហទំព័រនោះ បានសរសេរថា បាតុកម្មនយោបាយ (...) បានកើតឡើងជាញឹកញប់ ហើយការប្រឈមមុខដ៏ហិង្សា នៅក្នុងបាតុកម្មទាំងនោះ បានឈានទៅដល់មានមនុស្សស្លាប់ និងរបួស នៅក្នុងរយៈកាលកន្លងមក។ បើទោះជាគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានសម្រេចរួមគ្នា នូវកិច្ចព្រមព្រៀងនយោបាយ ខែកក្កដា ឆ្នាំ២០១៤នោះក៏ដោយ តែជម្លោះការងារ ឬបាតុកម្មផ្សេងទៀត នៅតែអាចកើតឡើង ហើយអាចប្រែក្លាយភ្លាមៗ ទៅជាការប្រឈមមុខដ៏ហិង្សា។
គេហទំព័រដ្ឋាភិបាលកាណាដារដដែល ដែលមានអាស័យដ្ឋាន «Voyage.gc.ca» និងដែលមានសរសេរជាភាសាអង់គ្លេស និងបារាំង បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កាលពីថ្ងៃទី២៦ និងទី២៧ ខែឧសភាថ្មីៗនេះ បានធ្វើឲ្យភាពតានតឹងផ្នែកនយោបាយ បានកើនឡើងកាន់តែខ្លាំង។ បាតុកម្មដែលមានទ្រង់ទ្រាយធំ នឹងអាចកើតមានឡើង នៅថ្ងៃខាងមុខ កណ្ដាលរាជធានីភ្នំពេញ។ គេហទំព័របានសរសេរបន្តថា៖ «សូមជៀសចេញឲ្យឆ្ងាយ ពីការជួបជុំ និងបាតុកម្មទាំងឡាយ ហើយសូមតាមដានការជូនដំណឹង ពីប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងស្ដាប់ឱវាទរបស់អាជ្ញាធរក្នុងស្រុក»។
ការព្រមានរបស់ស្ថានទូត និងរដ្ឋាភិបាលបរទេសទាំងនេះ មិននៅត្រឹមតែប៉ុណ្ណឹងនោះទេ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ក៏បានចម្លងយកការអះអាងខាងលើ ទៅសរសេររាយការណ៍បន្ត នៅក្នុងអត្ថបទរបស់ពួកគេដែរ ដូចយ៉ាងគេហទំព័រ របស់«ក្រុមគ្រូពេទ្យត្រាច់ចរ»នេះជាដើម។ អ្នកតាមដានស្ថានការណ៍ប្រទេសកម្ពុជា បានពន្យល់រួចហើយថា ទាំងនេះជាភស្ដុតាងនៃភាពអវិជ្ជមាន និងគ្មានរឿងល្អឡើយ សម្រាប់ប្រទេសកម្ពុជា រាប់ទាំងវិស័យទេសចរណ៍ ទំនុកចិត្តការទូត ការធ្វើពាណិជ្ជកម្ម និងការចូលមកបណ្ដាក់ទុន។ បញ្ហាដែលសំខាន់ គឺមុខមាត់រូបភាព របស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ បន្ទាប់ពីមានរដ្ឋាភិបាលស្របច្បាប់ ចាប់ពីឆ្នាំ១៩៩៣៕