សម រង្ស៊ី នឹងត្រឡប់ចូលកម្ពុជាវិញ នៅថ្ងៃទី ១៩ កក្កដានេះ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបាត់ដំណឹង មិនឃើញមានប្រតិកម្ម របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្កឲ្យមានចំងល់ ដល់បណ្ដាអ្នកតាមដាន ស្ថានការណ៍នយោបាយកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាបានផ្ទុះឡើង រហូតឈានទៅដល់ការចាប់ឃុំខ្លួន មន្ត្រីជានខ្ពស់របស់គណបក្សនេះ ចំនួន៦រូប។ ប៉ុន្តែប្រភពដែលស្និតនឹងលោក សម រង្ស៊ី នៅប្រទេសបារាំង បានទម្លាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា មេដឹកនាំគណបក្សប្រឆាំងដ៏ល្បីឈ្មោះ នឹងវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃ១៩ ខែកក្កដា ខាងមុខ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)
នយោបាយ - ព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានឡើងកម្ដៅក្ដៅឡើងភ្លាមៗ បន្ទាប់ពីព្រឹត្តិការណ៍ប៉ះទង្គិចយ៉ាងហិង្សា កាលពីនៅទីលានប្រជាធិបតេយ្យ រហូតដល់មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ៦រូប ត្រូវបានអាជ្ញាធរ និងតុលាការរាជធានីភ្នំពេញចាប់ឃុំ នៅពន្ធនាគារព្រៃសរ។ ប៉ុន្តែនៅមុន និងក្រោយព្រឹត្តិការណ៍នេះ សម្លេងមេដឹកនាំគណបក្ស លោក សម រង្ស៊ី ដ៏មានប្រជាប្រិយភាពនេះ មិនត្រូវបានគេស្ដាប់លឺ និងបានធ្វើប្រតិកម្មអ្វីឡើយ។
ឆ្លើយតបនឹងពាក្យចចាមអារាមនេះ ប្រភពស្និតនឹងគណបក្សសង្គ្រោះជាតិ និងនៅក្បែរលោក សម រង្ស៊ី បានទម្លាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោកប្រធានគណបក្សសង្គ្រោះជាតិ នឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែកក្កដានេះ តាមជើងហោះហើររបស់ក្រុមហ៊ុន ថៃ អ៊ែរវ៉េស។ លោក សម រង្ស៊ី ដែលក្នុងថ្ងៃនេះ កំពុងមានបេសកកម្មនៅក្នុងប្រទេសអាល្លឺម៉ង់នោះ នឹងត្រឡប់មករដ្ឋធានី ប៉ារីស ប្រទេសបារាំងវិញ នៅល្ងាចថ្ងៃនេះដដែល ហើយលោកនឹងឡើងយន្ដហោះ ចាកចេញពីប្រទេសបារាំង នៅថ្ងៃទី១៨ ស្អែកឡើង។
ដំណឹងវិលត្រឡប់របស់លោក សម រង្ស៊ី បានធ្លាក់មកក្រោយបន្តិចពីសេចក្ដីអំពាវនាវ របស់អនុប្រធានគណបក្សសង្គ្រោះជាតិរបស់លោក លោក កឹម សុខា ដែលបានស្នើឲ្យបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ត្ររបស់គណបក្សខ្លួន កំពុងមានវត្តមាននៅក្រៅប្រទេស ឲ្យប្រញាប់វិលចូលប្រទេសវិញជាបន្ទាន់។ សេចក្ដីអំពាវនាវរបស់លោក កឹម សុខា ចុះនៅថ្ងៃទី១៧ ខែកក្កដានេះ បានបញ្ជាក់ថា ការកោះហៅមន្ត្រីទាំងនោះឲ្យចូលមកក្នុងប្រទេសវិញ ដោយសារតែស្ថានការណ៍នយោបាយបច្ចុប្បន្ន និងសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
អវត្តមាននៃប្រតិកម្មរបស់លោក សម រង្ស៊ី ក្នុងរយៈពេលកន្លងមក បានក្លាយជាចម្ងល់ដ៏ខ្លាំងក្លាមួយ សម្រាប់បណ្ដាអ្នកតាមដានស្ថានការណ៍នយោបាយ នៅកម្ពុជា ជាពិសេសនៅក្នុងរយៈពេល នៃការផ្ទុះព្រឹត្តិការណ៍នយោបាយចុងក្រោយនេះ។ ភាពមន្ទិល ដែលបានក្លាយជាចំណុចវាយប្រហារ របស់ក្រុមអ្នកគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានោះផង ដោយពួកគេបានចាត់ទុកលោក សម រង្ស៊ី ថាជា«បុគ្គលដែលចូលចិត្តរត់ចោលស្រុក និងទុកស្ថានការណ៍ចោល មិនខ្វល់ខ្វាយ»៕