ឡុង រី និង នុត រំដួល ត្រូវបាននគរបាលចាប់ខ្លួនទៅ នៅរសៀលនេះ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ដ្រ របស់គណបក្សសង្គ្រោះជាតិចំនួនពីររូបទៀត លោក ឡុង រី និងលោក នុត រំដួល ត្រូវបាននគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ។
លោក ឡុង រី និងលោក នុត រំដួល បានផ្សាយវីដេអូមួយ នៅមុនការឃាត់ខ្លួន។ (រូបថតផ្ដិតពីវីដេអូ)
នយោបាយ - នៅរសៀលថ្ងៃទី១៧ ខែកក្កដា ម៉ោងប្រមាណជា ៣ និង ៣០ នាទីនគរបាលមួយក្រុម បានចុះដល់ផ្ចះរបស់លោក ឡុង រី បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមអង្គរ័ក្សរបស់លោក សម រង្ស៊ី នៅផ្ទះក្នុងបុរីពិភពថ្មី តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមនគរបាល ដែលដឹកនាំដោយលោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបង្ហាញដីកាចាប់ខ្លួន ចេញដោយចៅក្រម លោក កែវ មុនី។
ក្នុងពេលជាមួយគ្នានេះ នគរបាលក៏បាននាំខ្លួន លោក នុត រំដួល បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រម្នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្នុងផ្ទះជាមួយលោក ឡុង រី ទៅជាមួយដែរ។
លោក ឡុង រី និងលោក នុត រំដួល ស្ថិតក្នុងចំណោមបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ៧ រូប របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងបាតុកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ខែកក្កដា។
ប្រភពពីភរិយាលោក ឡុង រី បានឲ្យដឹងថា ប៉ុន្មាននាទីមុនពេលនគរបាលចុះចាប់ខ្លួនលោកទាំងពីរ លោកស្នងការនគរបាល ជួន សុវណ្ណ បានទូរស័ព្ទមកប្រាប់ជាមុន ដោយស្នើឲ្យលោក ឡុង រី កុំតតាំងនិងព្រមទៅតាមនគរបាល។
លោកស្នងការបានប្រាប់លោក ឡុង រី ថា គ្រាន់តែនាំខ្លួនលោក ទៅសាកសួរប៉ុណ្ណោះ ជុំវិញហេតុការណ៍បាតុកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ នេះបើតាមការឲ្យដឹង របស់ភរិយាលោក ឡុង រី ដដែល។
តែរហូតមកដល់ម៉ោងនេះ វីដេអូមួយដែលបានបាញ់បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក នុត រំដួល បានឲ្យដឹងថា លោកទាំងពីរនៅជាប់ នៅក្នុងស្នងការនគរបាលនោះនៅឡើយ ហើយភរិយារបស់លោកទាំងពីរ និងមន្ត្រីស្និតនឹងគណបក្សប្រឆាំងមួយចំនួនទៀត កំពុងសាកល្បងចរចាជាមួយនឹងក្រុមអាជ្ញាធរ ជុំវិញបញ្ហានៃការចាប់ខ្លួននេះ។
ការចាប់ខ្លួនបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់នេះ បានធ្វើឡើង ក្រោយពីការប៉ះទង្គិចដ៏ហិង្សាមួយ បានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ម្សិលម៉ិញនេះ រវាងក្រុមបាតុករដឹកនាំដោយក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ និងក្រុមសន្តិសុខឯកជន ដែលជួលដោយសាលាខណ្ឌ និងសាលារាជធានី។ ការប៉ះទង្គិចនោះ បានធ្វើមនុស្សមិនតិចជាង៤០នាក់ បានរងរបួសទាំងសងខាង។ ប៉ុន្តែមកទល់នឹងថ្ងៃទី១៦ ខែកក្កដានេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិចំនួនប្រាំរូប និងយុវជនជាសកម្មជនមួយរូប ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃសរ៕