ផែង វណ្ណៈ រងបណ្ដឹងពីបទបរិហាកេរ្តិ៍ដើម្បីទារជំងឺចិត្ត ១០០រៀល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៨
- កែប្រែចុងក្រោយ: August 08, 2018
- ប្រធានបទ: ប្រព័ន្ធយុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងពាក្យបណ្ដឹង ដាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែសីហាម្សិលម៉ិញ ប្រធានសមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក លួស សីហា បានសរសេរចោទលោក ផែង វណ្ណៈ ថាបានចេញវីដេអូ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ដោយបានប្រើពាក្យសម្តី ជាលក្ខណៈបំផ្លើសការពិត បរិហារកេរ្តិ៍ ធ្វើឲ្យមហាជនមានការភាន់ច្រឡំ អំពីភាពត្រឹមត្រូវរបស់លោក ក៏ដូចជាភាពស្របច្បាប់ របស់សមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក លួស សីហា លើកឡើងទៀតថា លោក ផែង វណ្ណៈ បានថែមទាំងប្រើពាក្យសម្តី ជាលក្ខណៈញុះញង់ ឲ្យអតីតសមាជិករបស់សមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្តឹងរំលាយសមាគមនេះទៀតផង។
ប្រធានសមាគមរូបនេះ បានបញ្ជាក់បន្តថា លោក ផែង វណ្ណៈ បានបង្ហោះជាសាធារណៈ លើទំព័រហ្វេសប៊ុករបស់ខ្លួនម្តងទៀត កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៨ ដោយភ្ជាប់ជាមួយ នូវរូបថតរបស់លោក (លួស សីហា) និងសរសេរអក្សរពីលើ ថា “ជនជាប់ចោទ លួស សីហា” និងលិខិតរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។
ការបង្ហោះម្ដងទៀត របស់លោក ផែង វណ្ណៈ នោះ មានសរសេររៀបរាប់ ជាលក្ខណៈរំលោភបំពាន លើសិទ្ធិរបស់រូបលោក (លួស សីហា ) បរិហារកេរ្តិ៍លោក ក៏ដូចជាប៉ះពាល់ដល់នីតិវិធីតុលាការ ដែលកំពុងមានចំណាត់ការ លើសំណុំរឿងព្រហ្មទណ្ឌ ដែលអតីតសមាជិករបស់សមាគម បានប្តឹងលោក (លួស សីហា) ប៉ុន្តែសំណុំរឿងនេះ តុលាការ មិនទាន់បានបើកសវនាការសម្រេច ដល់អង្គសេចក្តីនៅឡើយទេ។ នេះ បើតាមពាក្យបណ្ដឹងដដែល។
លោក លួស សីហា សរសេរបន្ថែម នៅក្នុងពាក្យបណ្ដឹងខ្លួនថា ជាងនេះទៅទៀត នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ឈ្មោះ ផែង វណ្ណៈ បានចេញវិដេអូមួយផ្សេងទៀត ដោយបានធ្វើការផ្សព្វផ្សាយ ព័ត៌មានមិនពិត ជាលក្ខណៈបរិហារកេរ្តិ៍លោក និងថែមទាំងបានធ្វើអត្ថាធិប្បាយ រ៉ាយរ៉ាប់អំពីនីតិវិធីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ ដែលតុលាការកំពុងមានចំណាត់ការ ទៅតាមផ្លូវច្បាប់ ហើយដែលមិនទាន់បានបើកសវនាការសម្រេច ដល់អង្គសេចក្តីនោះផង។
ប្រធានសមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុក «ទង្វើ និងពាក្យសម្តីទាំងអស់» របស់លោក ផែង វណ្ណៈ ដូចដែលបានរៀបរាប់ខាងលើ ថាបានធ្វើឲ្យប៉ះពាល់ ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏ដូចជានីតិវិធីរបស់តុលាការ ដែលជាប្រការ «មិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានឡើយ»។ លោក លួស សីហា បានទាមទារឲ្យចោទប្រកាន់ និងផ្តន្ទាទោស លោក ផែង វណ្ណៈ ពីបទ “ផ្សាយព័ត៌មានមិនពិត បរិហាកេរ្តិ៍ និងញុះញង់” និងសងសំណងការខាតបង់ផ្សេងៗ ក៏ដូចជាសំណងជំងឺចិត្ត ជាប្រាក់ចំនួន «១០០ រៀល»។
ជាប្រតិកម្ម តបនឹងបណ្ដឹងខាងលើ លោក ផែង វណ្ណៈ បានបង្ហោះសារចំអក កាលពីប៉ុន្មានម៉ោងមុន នៅលើទំព័រហ្វេសប៊ុករបស់លោក សរសេរថា៖ «វីវរធំហើយ លោក ផែង វណ្ណៈ ត្រូវជនជាប់ចោទ លួស សីហា ប្ដឹង»។
លោក ផែង វណ្ណៈ បានរៀបរាប់ថា បណ្ដឹងខាងលើ បានកើតឡើង បន្ទាប់ពីរូបលោក បានចេញមុខអន្តរាគមន៍ ការពារអ្នករត់រ៉ឺម៉កកង់បី ចំនួន ៣០ នាក់ ដែលលោក លួស សីហា ប្ដឹងទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញរឿងមិនព្រមព្រៀងបង់លុយ ជូនទៅសមាគម តាមការទាមទាររបស់ប្រធានសមាគម។
មន្ត្រីយោធាពាក់ស័ក្ដិ ៤កន្លះ រូបនេះ បានសរសេរបន្តថា៖ «បន្ទាប់មកបងប្អូនអ្នករត់រ៉ឺម៉កទាំង ៣០ នាក់ បានប្ដឹងឈ្មោះ លួស សីហា វិញ ហើយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើឈ្មោះ លួស សីហា ចំនួន ៣ បទល្មើស គឺ បទល្មើស គំរាមកំហែង បទកំហែងយក និងបទ រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ឬបុគ្គលផ្សេងទៀត»។
សំណេរប្រតិកម្មរបស់លោក បានបញ្ចប់ទៅ ដោយការចំអកដូច្នេះថា៖ «ហេ ហេ ចង់តែសើចទេខ្ញុំ លើកនេះនិយាយចំឈ្មោះ ជួបប្ដឹងម្ដងហើយ ប្ដឹងកូនចៅឯងម្ដង ៣០ នាក់ មិនអស់ចិត្ត រត់មកប្ដឹង ផែង វណ្ណៈ ទៀត។ ហាស់ ហា ស្អីទៅ ផ្សាយព័ត៌មានមិនពិត ? បរិហាកេរ្តិ៍ ? និងញុះញង់ ? ចេះតែមានហើយ លោកអើយលោក ដល់តែពូកែប្ដឹងពេក ទឹកជិតដល់ច្រមុះហើយ មិនខិតខំដោះខ្លួន បែរជាដើរបង្ករឿង កាន់តែច្រើន។»៕