ឌុយតែតេ សុំទោសដែលបានជេរ អូបាម៉ា ថា«កូនសំផឹង»
ប្រមុខរដ្ឋហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានសំដែងការសុំទោស ចំពោះលោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីអាមេរិក ជុំវិញការជេរបញ្ចេរមេដឹកនាំ នៃប្រទេសមហាអំណាច កាលពីឆ្នាំ២០១៦ ថាជា«កូនសំផឹង»។ ការជេរបញ្ចោរ ដែលបង្កផលប៉ះពាល់ ទៅដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ហ្វីលីពីន - អាមេរិក។
ការជេរបញ្ចោររបស់លោក ឌុយតែតេ ធ្វើឡើង ដើម្បីជាប្រតិកម្ម តបទៅសហរដ្ឋអាមេរិក ដែលរិះគន់មិនឈប់ឈរ ចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀន នៅក្នុងប្រទេសហ្វីលីពីន។ សង្គ្រាមនោះ ដែលប្រកាសធ្វើ ក្រោមបញ្ជារបស់លោក ឌុយតែតេ បានធ្វើឲ្យមានមនុស្សស្លាប់ នៅក្រៅប្រព័ន្ធច្បាប់ ជាច្រើនពាន់នាក់ និងបានរងការថ្កោលទោសជាទូទៅ ពីសហគមន៍អន្តរជាតិ។
ប៉ុន្តែនៅវេលានេះ លោក រ៉ូឌ្រីចូ ឌុយតែតេ ដែលកំពុងធ្វើទស្សនកិច្ច នៅក្នុងប្រទេសអ៊ីស្ត្រាអែល បានអះអាងថា ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន បានរីកចម្រើនជាបន្តបន្ទាប់ [...]