CIA និងចារកម្មអាមេរិក១៦ស្ថាប័នចាត់ ហ៊ុន សែន ជាមេដឹកនាំបង្កការគម្រាមកំហែងតំបន់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 24, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
របាយការណ៍កម្រាស ២៨ទំព័រ ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយសហព័ន្ធចារកម្មជាតិ (National Intelligence) របស់សហរដ្ឋអាមេរិក បានចាត់ទុកលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅក្នុងបញ្ជីនៃក្រុមមេដឹកនាំ ដែល«បង្កការគម្រាមកំហែងតំបន់» និងបានសរសេរពន្យល់ ដោយសង្ខេបថា បុរសខ្លាំងកម្ពុជា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធានានូវការបន្តកាន់អំណាច ដ៏យូរអង្វែងរបស់លោក និងក្រុមគ្រួសាររបស់លោកទៅមុខទៀត។
របាយការណ៍ ដែលមានដាក់ចំណងជើង «ការវាយតម្លៃ របស់បណ្ដាភ្នាក់ងារចារកិច្ចអាមេរិក ទៅលើការគំរាមកំហែងជាសាកល» និងដែលចុះហត្ថលេខា ដោយនាយកការិយាល័យចារកម្មជាតិ លោក ដានីញ៉ែល ខូតស៍ (Daniel R. Coats) បានសរសេរថា៖ «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន នឹងធ្វើការបង្ក្រាប ទៅលើស្ថាប័នប្រជាធិបតេយ្យ និងសង្គមស៊ីវិល - បង្វិលប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងស្ថាប័នតុលាការ - ប្រើប្រាស់បក្ខពួក និងអំពើហិង្សាផ្នែកនយោបាយ ក្នុងគោលបំណងដើម្បីធានា បន្តការក្ដោបក្ដាប់អំណាចរបស់លោក ឲ្យបានយូរអង្វែងតទៅមុខទៀត នៅក្រោយការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខ»។
របាយការណ៍បានសរសេរបន្តថា៖ «ជាមួយនឹងការធ្វើឲ្យរបបដឹកនាំរបស់លោក នៅឯកោដាច់ឆ្ងាយ ពីដៃគូបស្ចិមប្រទេសដទៃទៀត លោក ហ៊ុន សែន នឹងត្រូវពឹងផ្អែក ទៅលើការគាំទ្រទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុ ពីសំណាក់ក្រុងប៉េកាំង ដែលបណ្តាលឲ្យប្រទេសកម្ពុជា កាន់តែមានចំណងស្អិតល្មួតជាមួយចិន កាន់តែខ្លាំងឡើងៗ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំមួយរូប នៅក្នុងចំណោមមេដឹកនាំពីររូប នៃតំបន់អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះ នៅក្នុងរបាយការណ៍ខាងលើ។ ម្នាក់ទៀត គឺលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពី ដែលបើតាមរបាយការណ៍ អះអាងថា មេដឹកនាំរូបនេះ អាចនឹង«ព្យួររដ្ឋធម្មនុញ្ញ» ហើយបង្កើតឲ្យមាន ជា«រដ្ឋាភិបាលបដិវត្តន៍» មួយឡើង ដោយដាក់ឲ្យប្រើប្រាស់ នូវ«ច្បាប់អាជ្ញាសិក» នៅលើកោះហ្វីលីពីន។
ក្រៅពីមេដឹកនាំទាំងពីរ របាយការណ៍ចារកម្មអាមេរិក នៅបានលើកឡើង សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ពីវិបត្តិបណ្ដាជនភាគតិច រ៉ូហ្គីយ៉ា នៅក្នុងប្រទេសភូមា និងពីការកំណត់របស់មេដឹកនាំថៃ ដែលសន្យា ឲ្យមានការបោះឆ្នោតជាតិ នៅចុងឆ្នាំ២០១៨ ខណៈរដ្ឋធម្មនុញ្ញថ្មី នៃប្រទេសជិតខាងមួយនេះ អនុញ្ញាតឲ្យរក្សាទុកដដែល នូវឥទ្ធិពលយោធា។
សហព័ន្ធចារកម្មជាតិ របស់សហរដ្ឋអាមេរិក ជាបណ្ដុំភ្នាក់ងារចារកិច្ច ចំនួន១៧ រាប់បញ្ជូលទាំងភ្នាក់ងារចារកម្ម «CIA» នោះផង។ នាយកការិយាល័យ លោក ដានីញ៉ែល ខូតស៍ បានពន្យល់ថា ការវាយតម្លៃនៅក្នុងរបាយការណ៍ខាងលើ បង្ហាញពីការប៉ះពាល់ទាំងឡាយ ដែលជា «ការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក» និងពីភាពចាំបាច់ «ដើម្បីការពារជីវិតពលរដ្ឋ និងផលប្រយោជន៍អាមេរិក នៅគ្រប់ទីកន្លែងក្នុងពិភពលោក»៕